អន្តរជាតិ
តើវិធីសាស្រ្តក្នុងការបង្កើតភ្លៀងសិប្បនិម្មិតមានលក្ខណៈបែបណា?
21, Apr 2024 , 4:00 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ការបណ្តុះពពក គឺជាបច្ចេកទេសមួយដែលប្រើដើម្បីបង្កើតទឹកភ្លៀង។ តាមវិទ្យាស្ថានស្រាវជ្រាវវាលខ្សាច់ អ្នកវិទ្យាសាស្ត្រអាចបង្កើតទឹកភ្ញៀងសិប្បនិម្មិតបាន ដោយដាក់ភាគល្អិតតូចៗហៅថា nucleus ឬជាភាគល្អិតនៃបន្ទុកអគ្គិសនីទៅក្នុងបរិយាកាសដែលភ្ជាប់ទៅនឹងពពក ដើម្បីបង្កើនសមត្ថភាពរបស់ពពកក្នុងការផលិតទឹកភ្លៀង ឬព្រិលក្នុងកម្រិតខ្ពស់ជាងមុន។ ការបណ្ដុះពពកមានពីរវិធី តាមរយៈការបញ្ចេញបន្ទុកអគ្គិសនីពីដីទៅ ឬការបញ្ជូនទៅលើ អាកាសតាមរយៈយន្តហោះ ឬដ្រូន។

រដ្ឋាភិបាលនៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ដូចជាអាម៉េរិកខាងលិច និងអេមីរ៉ាតអារ៉ាប់រួម បានវិនិយោគលើបច្ចេកវិទ្យាបណ្តុះពពក ដោយសង្ឃឹមថានឹងទទួលបានទឹកភ្លៀងធា្លក់ និងដោះស្រាយបញ្ហាកង្វះទឹក។ ប្រទេសមួយចំនួននៅអាស៊ី និងមជ្ឈិមបូព៌ាក៏ប្រើប្រាស់ បច្ចេកវិទ្យាបណ្ដុះពពកនេះដូចជាម៉ាឡេស៊ីជាដើម ដែលមានបំណងចង់ជំរុញទឹកភ្លៀង ដើម្បីដោះស្រាយគុណភាពខ្យល់ពុល។
 
តើ​ការ​បណ្ដុះ​ពពក​មាន​តួនាទី​ក្នុងការបង្កភ្លៀងធ្លាក់ខ្លាំង និងព្យុះនៅអេមីរ៉ាតអារ៉ាប់រួមបច្ចុប្បន្ន ដែរឬទេ?
 
ការបញ្ជាក់ភាគច្រើនដោយអ្នកវិទ្យាសាស្ត្រ បានបង្ហាញថាភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមកក្នុងអេមីរ៉ាតអារ៉ាប់រួម មិនមែនបណ្ដាលមកពីការបណ្ដុះពពកនោះឡើយ។ អ្នកជំនាញបញ្ជាក់ផងដែរថា វិធីសាស្ត្រនេះមានឥទ្ធិពលតិចតួចបំផុតលើព្យុះដែល កើតមានឡើងនៅទីក្រុងឌូបៃដែលបានបណ្ដុះពពករយៈពេលពីរថ្ងៃជាប់គ្នាមុនពេលដែលភ្លៀងធ្លាក់ បង្កទឹកជំនន់កើតឡើងនៅថ្ងៃបន្ទាប់។
 
«ទោះបីជាការបណ្ដុះពពកបានជំរុញឱ្យពពកនៅជុំវិញទីក្រុងឌូបៃទម្លាក់ទឹកភ្លៀងក៏ដោយ បរិយាកាសទំនងពាំនាំពពកផ្ទុកទឹកភ្លៀងជាស្រាច់ទៅហើយ ដោយសារតែការប្រែប្រួលអាកាសធាតុ»។ សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រអាកាសធាតុនៅ Imperial College London លោកស្រី Friederike Otto បានបញ្ជាក់បែបនេះ៕
 

Tag:
 (ភ្លៀងសិប្បនិម្មិត)
© រក្សាសិទ្ធិដោយ thmeythmey.com