ក្រសួងព័ត៌មាន ចាប់ផ្តើមប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន សម្រាប់ដាក់ឱ្យអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានគោរព និងប្រតិបត្តិ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺជាក្រមខ្ពស់បំផុត និង ជាក្រមស្តង់ដារប្រតិបត្តិរួម(SOP)សម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា។
ក្រសួងពុំទាន់មានក្រមសីលធម៌វិជ្ជាជីវៈណាមួយសម្រាប់ដាក់ឱ្យអនុវត្តនោះឡើយ ពោលគឺមានតែក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមនីមួយៗតែប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ ដើម្បីបង្ហាញឱ្យឃើញអំពីសារសំខាន់នៃការផ្តល់ធាតុចូលនានា ក្នុងគោលដៅឈានឆ្ពោះទៅរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
រូបថតផ្តល់ដោយ លោក ខឹម សុវណ្ណារ៉ា
«ជាង៣០ឆ្នាំមកហើយដែលក្រសួងបានផ្តល់ឱកាសឱ្យសមាគមអ្នកសារព័ត៌មានរួមគ្នាបង្កើតក្រមសីលធម៌រួមមួយ តែរហូតមកដល់ពេលនេះនៅតែមិនទទួលបានជោគជ័យ»។ នេះជាការកត់សម្គាល់ក្នុងរបាយការណ៍ក្រសួងព័ត៌មាន ក្រោយការរៀបចំសិក្ខាសាលាតម្រង់លើកដំបូងកាលពីថ្ងៃទី១៩ ខែមេសា នៅទីស្តីការក្រសួង។
សិក្ខាសាលាតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ និងប្រមូលធាតុចូលជាលើកដំបូងនេះ មានអ្នកចូលរួមជាង៣០០នាក់ដែលជាអ្នកសារព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប រួមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័ននានា។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា នៅកម្ពុជា
គ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ ក៏ដូចជាក្នុងអាជីពសារព័ត៌មានដែរ សុទ្ធតែមាន ក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់ អ្នកប្រកបអាជីពនោះប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ភាព ស្របច្បាប់ និងភាពសុច្ចរឹតក្នុងសង្គម។
តែទោះយ៉ាងណាក៏ដោយ ក្រសួង បានមើលឃើញពីភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយ កម្មក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយសម្រាប់អ្នកសារព័ត៌មានបានកើតមានឡើង ដោយសារតែការប្រកាន់ជំហររៀងៗខ្លួន។
រូបថតផ្តល់ដោយ លោក ខឹម សុវណ្ណារ៉ា
ក្នុងសិក្ខាសាលាតម្រង់ទិស ក្រសួងព័ត៌មាន បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកចូលរួមទាំងអស់ ក្នុងការបញ្ចេញគំនិត យោបល់របស់ខ្លួន ក្នុងកិច្ចពិ ភាក្សា និងផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានដើម្បីឈានទៅរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» រួមមួយនៅកម្ពុជា។
បើតាមលោក នេត្រ ភក្រ្តា ក្រៅតែពីការប្រមូលធាតុចូលរួចហើយ ក្រសួងព័ត៌មាន នឹងរៀបចំចងក្រង សេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន, កិច្ច ពិគ្រោះយោបល់លើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន និងសម្រេចលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ បន្ទាប់មក ក្រសួងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេស ហើយសមាគម ឬស្ថាប័នសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការបង្កើតក្រមសីលធម៌របស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ « ធម្មនុញ្ញនេះ ជាក្រមកំពូលរបស់អ្នកសារព័ត៌មាន ដែលចែងពីចំណុចគោលចម្បងៗ ហើយសមាគមអ្នកសារព័ត៌មាន អាចយកទៅច្នៃរៀបចំជាក្រមសីលធម៌របស់សមាគមខ្លួន ដោយអនុលោមតាមធម្មនុញ្ញនេះ»។
ជុំវិញនៃផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា មើលឃើញថា នេះជាចំណុចដ៏ល្អ ជាពិសេសការចាប់ផ្តើមចេញពីស្ថាប័នសាធារណៈ ដែលជាអ្នកទទួលបន្ទុកលើវិស័យសារព័ត៌មាន។ លោករំពឹងថា ធម្មនុញ្ញរួម នឹងត្រូវបានអនុវត្តដល់អ្នកប្រើប្រាស់បណ្តាញសង្គម ឬក៏សារព័ត៌មានប្រជាពលរដ្ឋ ដែលមានទាន់មានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ក្លិបអ្នកកាសែតកម្ពុជា មានក្រមសីលធម៌វិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន ដែលត្រូវគោរពនិងអនុវត្តតាម ហើយក៏មានការបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនូវក្រមក្រមសីលធម៌វិជ្ជាជីវៈច្រើនដល់អ្នកសារព័ត៌មានកម្ពុជាបានច្រើនផងដែរ។ នេះជាការលើកឡើងរបស់លោក ពុយ គា ដែលរង់ចាំមើលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងចាប់ផ្តើមរៀបចំថ្មីនេះ មានអ្វីថ្មីបន្ថែមសម្រាប់ក្លិបអ្នកកាសែតកម្ពុជាមកប្រើប្រាស់បាន។
រូបថតផ្តល់ដោយ លោក ខឹម សុវណ្ណារ៉ា
លោក ពុយ គា បាននិយាយថា៖ «យើងរង់ចាំមើល! បន្ទាប់ពីក្រសួងចេញក្រមថ្មីនេះ ថាតើមានអ្វីដែលក្លិបអ្នកកាសែតកម្ពុជាអាចច្របាច់បញ្ជូលបន្ថែម ឬមួយក៏អ្វីដែលក្លិបអ្នកកាសែតកម្ពុជាចូលរួមជាមួយក្រសួងបាន ដើម្បីធ្វើយ៉ាងណាឱ្យក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះ កាន់តែប្រសើរឡើង»។
ចំពោះលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ក៏មានគំនិតមិនគ្នាខុសប៉ុន្មានពីប្រធានក្លិបអ្នកកាសែតកម្ពុជាខាងលើប៉ុន្មានឡើយ។ លោក មើលឃើញថា បើសិននៅកម្ពុជាមានក្រមប្រតិបត្តិរួមមួយ ឬធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ គឺនឹងជួយធ្វើឱ្យប្រសើរឡើងនូវវិស័យសារព័ត៌មាន ជាពិសេសការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជា។
តែយ៉ាងណាមិញ លោក ណុប វី ក៏បារម្ភចំពោះក្រមដែលក្រសួងព័ត៌មានកំពុងរៀបចំឡើងមកនេះ អាចការពារ ផ្តល់អំណាច ផ្តល់តួនាទី និងសេរីបានក្នុងក្របខណ្ឌកម្រិតណាដល់អ្នកសារព័ត៌មាន ផងដែរ។ ហេតុដូច្នេះហើយ លោកទាមទារឱ្យក្រសួងព័ត៌មាន ផ្តល់ឱកាស និងបើកចំហរដល់អង្គការ សមាគមអ្នកសារព័ត៌មានទាំងអស់ ចូលរួមក្នុងកិច្ចការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ដើម្បីចៀសវាងនូវបញ្ហាមួយចំនួនក្នុងការរឹតត្បិត ដល់ការអនុវត្តតួនាទី ឬភារកិច្ចរបស់អ្នកសារព័ត៌មាន។
លោកបន្តថា៖ « ពីព្រោះកន្លងមក ក្រសួងក៏បានទទួលបានស្គាល់ដែរថា អំណាចសារព័ត៌មាន គួរតែជាអំណាចឯករាជ្យដែលអាចធ្វើកិច្ចការងារប្រកបដោយសេរី ហើយមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យមានការរីកចម្រើនសង្គមជាតិយើង ដូចទៅនឹងអំណាច៣ទៀតដែរ គឺអំណាចប្រតិបត្តិ អំណាចតុលាការ និងអំណាចនីតិបញ្ញត្តិ»។
សម្រាប់ លោក ណុប វី គឺចង់ឃើញធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានកំពុងចាប់ផ្តើមរៀបចំឡើងនាពេលនេះ មានការចូលរួមតាក់តែងពីចំណោមអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ ដោយគិតពីអ្នកសារព័ត៌មាន ចង់បានអ្វី ឬចង់ធ្វើអ្វី? អ្នកសារព័ត៌មានចង់អនុវត្តការងាររបៀបណា? អ្នកសារព័ត៌មានចង់ឱ្យមានការដាក់ទោសទណ្ឌ និងការពិន័យ ចំពោះការមិនប្រតិបត្តិតាមក្រមសីលធម៌របស់អ្នកសារព័ត៌មានដោយរបៀបណា ...?
« ខ្ញុំចង់ឃើញ អ្នកសារព័ត៌មានខ្លួនឯងហ្នឹង គឺជាអ្នកសរសេរ ជាអ្នកចងក្រង និងជាអ្នកដាក់រឿងវ៉ាវទាំងអស់ហ្នឹងចេញនៅក្នុងក្រមហ្នឹង»។ ទាំងនេះជាការស្នើសុំរបស់លោកនាយកប្រតិបត្តិការខេមបូចា ដែលនឹងរីករាយចូលរួមក្នុងការតាក់តែងច្បាប់ និងចូលរួមក្នុងសកម្មភាពផ្សេងៗ នៃការបង្កើតនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អនុវត្តជាទូទៅចំពោះអ្នកសារព័ត៌មាន។
របាយការណ៍ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ក្រោយពេលធ្វើការកែទម្រង់ និងរៀបចំសណ្តាប់ធ្នាប់សារព័ត៌មានឡើងវិញគឺមាន ស្ថាប័នព័ត៌មានអនឡាញ បានមកចុះបញ្ជីត្រឹមត្រូវមានរហូតដល់ជាង ១០០០ស្ថាប័ន, ស្ថាប័នព័ត៌មានបោះពុម្ព បច្ចុប្បន្នមានជាង១០០ដែលនៅដំណើរការ។ ក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញបណ្ណព័ត៌មានគំរូថ្មី មាន Verify បានជិត ៦០០០បណ្ណ ធៀបនឹងឆ្នាំ២០២៣ មានត្រឹមជាង ៣០០០បណ្ណប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រសួងព័ត៌មានបានបើកទូលាយដល់គ្រប់ស្ថាប័នព័ត៌មាន ក្នុងការមកធ្វើបណ្ណដែលចេញដោយក្រសួង ដោយមិនកំណត់ចំនួនឡើយ៕