កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈ្នះ Coventry ទាំងលំបាក ឡើងជួប Man City វគ្គផ្តាច់ព្រ័ត្រ FA Cup
22, Apr 2024 , 9:49 am        
រូបភាព
Manchester United បានយក Coventry City ទាំងប្រផិតប្រផើយ ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-២ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup។ បិសាចក្រហមបាននាំមុខ៣គ្រាប់មុន ប៉ុន្តែត្រូវក្រុមពីលីគទីពីរអង់គ្លេស រកបាន៣គ្រាប់តាមពីក្រោយវិញ។



ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley យប់ថ្ងៃទី២១ ខែមេសា Scott McTominay និង Harry Maguire សម្រេចបាន១គ្រាប់ម្នាក់ ដើម្បីជួយ Man Utd នាំមុខ Coventry ២-០ នៅវគ្គទី១។ 
 
ចូលដល់វគ្គទី២ បិសាចក្រហមដែលគ្រប់គ្រងបាល់ និងវាយសម្រុកជាច្រើនលើក បានបន្ថែមគ្រាប់ទី៣របស់ខ្លួន តាមរយៈប្រធានក្រុម Bruno Fernandes នៅនាទី៥៨។ រឿងដែលមិនគួរឱ្យជឿ Coventry ក្រុមពីលីគ Championship អាចរកបាន៣គ្រាប់វាយបកតាមស្មើ ក្រុមយក្សអង់គ្លេសវិញ ដែលធ្វើបានដោយ Ellis Simms នាទី៧១, Callum O'Hare នាទី៩៧ និងនៅនាទី៩០+៥ ដោយ Haji Wright។ 
 
នៅម៉ោងបន្ថែម១៥នាទីពីរដង ពោលនៅនាទី១២០+១ កីឡាករ Victor Torp បិះនឹងសម្រេចគ្រាប់ជ័យជម្នះឱ្យក្រុមលោក Mark Robins​ តែត្រូវបានអាជ្ញាកណ្តាលបដិសេដវិញ ក្រោយពិនិត្យ VAR ឃើញថាបាល់នៅជំហរក្រៅល្បែង។
 
ក្រុមទាំងពីរបានឈានដល់វគ្គកាត់ក្តីដោយបាល់១១ម៉ែត្រ ដោយក្នុងនោះក្រុមលោក Erik ten Hag បានយកឈ្នះដោយលទ្ធផល ៤-២។ តាមរយៈជ័យជម្នះនេះ Man Utd ត្រូវឡើងទៅជួបក្រុមការពារតំណែងជើងឯក Man City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភាព ឆ្នាំ២០២៤។​ ក្រុមមេឃខៀវ បានទម្លាក់ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០។
 
នៅភក្រោយចប់ការប្រកួត លោក Ten Hag អ្នកចាត់ការទូទៅ Man Utd អះអាង ថា កូនក្រុមខ្លួនអាចធ្វើបានល្អ និងធ្លាក់ទៅកម្រិតអន់វិញភ្លាមៗ ក្នុងការប្រកួតតែមួយ៕

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com