កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី ចាប់ដៃវៀតណាម ឡើងវគ្គ៨ក្រុម Asian Cup
22, Apr 2024 , 12:07 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ ឥណ្ឌូណេស៊ី វៀតណាម​ កូរ៉េខាងត្បូង ជប៉ុន អ៊ូសបេគីស្ថាន និងម្ចាស់ផ្ទះ កាតា កក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ AFC Asian Cup ឆ្នាំ ២០២៤។ ថៃ ត្រូវសម្រេចជោគវាសនា នៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុ ស្របពេល ម៉ាឡេស៊ី ហាលអាវទៅហើយ ទោះសល់១ប្រកួតចុងក្រោយ។



បង្ហាញខ្លួនលើកដំបូង ក្រុម U23 ឥណ្ឌូណេស៊ី អាចឆ្លងផុតវគ្គចែកពូល Asian Cup តែម្តង ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងពូល A។ ៣ប្រកួត ឥណ្ឌូណេស៊ី ដែលដាក់កីឡាករចូលសញ្ជាតិច្រើន ចាញ់ក្រុមខ្លាំងម្ចាស់ផ្ទះកាតា ២-០ និងឈ្នះអូស្ត្រាលី ១-០ និងចុងក្រោយឈ្នះហ្សកដានី ៤-១។
 
ក្រុមរបស់លោក Shin Tae-yong ទទួលបាន៦ពិន្ទុ ស្ថិតនៅលេខ២ ស្របពេលកាតាមាន៧ពិន្ទុ ឈរកំពូលតារាងពូល A។ អូស្ត្រាលី និងហ្សកដានី អស់ការប្រកួត។
 
ពូល B កូរ៉េខាងត្បូង និងជប៉ុន ទទួលបានកៅអីវគ្គ៨ក្រុមដោយស្វ័យប្រវត្តិ ទោះសល់១ប្រកួតក្តី។ ពីរប្រកួតដំបូង កូរ៉េខាងត្បូង និង ជប៉ុន សុទ្ធតែឈ្នះ អេមីរ៉ាត់អារ៉ាប់រួម និងចិន ដោយទទួលបាន៦ពិន្ទុដូចគ្នា។ ជំនួបចុងក្រោយ កូរ៉េខាងត្បូង និង ជប៉ុន ត្រូវប៉ះគ្នាប្រជែងចំណាត់ថ្នាក់កំពូលតារាង ស្របពេល ចិន ជួប អេមីរ៉ាត់អារ៉ាប់រួម ត្រឹមជំនួបបង្គ្រប់កិច្ច។
 
អារ៉ាប៊ីសាអូឌីត ដែលឈ្នះពីរប្រកួតដំបូងក្នុងពូល C មានឱកាសខ្ពស់ឡើងទៅវគ្គខ្វែង ខណៈថៃ អ៊ីរ៉ាក់ និងតាហ្ស៊ីគីស្ថាន សុទ្ធតែមានឱកាសប្រជែងទៅវគ្គបន្តនៅជំនួបចុងក្រោយ។ ថៃ នៅលេខ២បណ្តោះអាសន្នមាន៣ពិន្ទុ ស្មើអ៊ីរ៉ាក់ដែលនៅលេ៣ ក្រោយប្រកួតឈ្នះ១ និងចាញ់១ដូចគ្នា ឯតាហ្ស៊ីគីស្ថាននៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ ជំនួបចុងក្រោយ អារ៉ាប៊ីសាអូឌីត ជួបអ៊ីរ៉ាក់ និងថៃ ប៉ះតាហ្ស៊ីគីស្ថាន។
 
ឯពូល D ឯណោះវិញ ក៏រកឃើញពីរក្រុមឈានទៅវគ្គបន្តផងដែរ បើទោះឆ្លងកាត់ត្រឹម២ប្រកួត។ អ៊ូសបេគីស្ថាន និងវៀតណាម ចាប់ដៃគ្នាឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីរកបានជ័យជម្នះទាំងពីរលើកដំបូងរៀងខ្លួន ក្នុងនោះប្រកួតលើកទី២ វៀតណាម ឈ្នះម៉ាឡេស៊ី ២-០ ឯ អ៊ូសបេគីស្ថាន ឈ្នះ កូវ៉ែត​ ៥-០។ ម៉ាឡេស៊ី និងកូវ៉ែត ហាលអាវ។ ប្រកួតចុងក្រោយ អ៊ូសបេគីស្ថាន និងវៀតណាម ត្រូវប៉ះគ្នាដើម្បីប្រជែងកំពូលតារាង ស្របពេល ម៉ាឡេស៊ី និងកូវ៉ែត ប្រកួតបង្គ្រប់កិច្ច។
 
សម្រាប់ព្រឹត្តិការណ៍តំបន់អាស៊ី U23 Asian Cup ឆ្នាំ២០២៤នេះ ក្រុមឈ្នះជើងឯក ជើងឯករង និងលេខ៣ នឹងទទួលបានកៅអីទៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស​ ឆ្នាំ២០២៤ ដោយស្វ័យប្រវត្តិ ស្របពេលក្រុមលេខ៤ ទទួលបានកៅអីជម្រុះ ជាមួយក្រុម U23 African Cup ដើម្បីតប្រជែងគ្នាយក១កៅអីចុងក្រោយទៅកាន់ប្រទេសបារាំង៕

Tag:
 (Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com