អន្តរជាតិ
កម្ពុជាចាត់ទុកបច្ចេកវិទ្យាជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
22, Apr 2024 , 3:22 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្នុងក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២២ ខែមេសា។ រូបភាព STPM
សម្តេច ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្នុងក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២២ ខែមេសា។ រូបភាព STPM
កម្ពុជា ចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាយន្តការដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែមេសា។ បើតាមសម្តេច នវានុវត្តន៍ឌីជីថល គឺសំខាន់ ក្នុងការដោះស្រាយវិសមភាព និងអាចឆ្លើយតបទាន់ពេលវេលានឹងកំណើនតម្រូវការរបស់ប្រជាជន។

 
ពីសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់ជាច្រើននៃបច្ចេកវិទ្យាឌីជីថល ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈម ដូចជាដំណើរការអភិវឌ្ឍសង្គម។ 
 
«ដូចបណ្តាប្រទេសផ្សេងទៀតដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាយន្តការដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០»។ សម្តេច បានសង្កត់ធ្ងន់បែប​នេះ នៅចំពោះមុខអ្នកចូលរួម ក្នុងថ្ងៃទី២២ ខែមេសា ដោយបន្តថា បច្ចេកវិទ្យាឌីជីថល នឹងជំរុញ និងផ្សព្វផ្សាយពីការទទួលបានសេវាសាធារណៈ រួមទាំងចូលរួមចំណែកក្នុងការកសាងសង្គមស៊ីវិល័យ។​
 
ក្នុងវេទិការៀបចំនៅក្រុងបាងកកដដែល ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នវានុវត្តន៍ឌីជីថល គឺមានសារៈសំខាន់ និងមានភាពធន់ ជាពិសេសក្នុងការដោះស្រាយវិសមភាព ដែលបង្កដោយជំងឺកូវីដ-១៩ និងអាចឆ្លើយតបយ៉ាងរហ័សចំពោះកំណើនតម្រូវការរបស់ប្រជាជន។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា មិនភ្លេចរម្លឹកឡើយ ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់របស់កម្ពុជាលើវិស័យឌីជីថល ជាពិសេសការកំណត់បច្ចេកវិទ្យាជាផ្នែកមួយដ៏សំខាន់នៅក្នុងការអភិវឌ្ឍសង្គម ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានកំណត់អាទិភាពចំនួន៥ ក្នុងនោះមានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ 
 
ក្រៅពីប្រធានបទបច្ចេកវិទ្យា នាយករដ្ឋមន្រ្តី បានចាត់ទុកការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាឧបសគ្គធំរបស់ប្រទេស ក្នុងការអភិវឌ្ឍជារួម និងបន្ថយគម្លាតឌីជីថល និងការទទួលបានសេវាអ៊ីនធឺណិតប្រកបដោយគុណភាព៕ 

Tag:
 កម្ពុជា
  បច្ចេកវិទ្យា
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com