កីឡាអន្តរជាតិ
អន្តរជាតិ
ត្រឡប់ពីចូលនិវត្តន៍៨ឆ្នាំ Aisyah កីឡាការិនីចែវទូករ៉ូអុីង ឈ្នះសំបុត្រអូឡាំពិកប៉ារីស ២០២៤
22, Apr 2024 , 5:19 pm        
រូបភាព
កីឡាការិនីចែវទូករ៉ូអ៊ីងសិង្ហបុរី Saiyidah Aisyah សម្រេចក្តីស្រមៃ ឈ្នះសំបុត្រទៅកាន់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ បន្ទាប់ពីការវិលត្រឡប់ចូលប្រកួតឡើងវិញ ក្រោយប្រកាសចូលនិវត្តន៍អស់រយៈពេល ៨ឆ្នាំ។ ​Aisyah ធ្លាប់បង្ហាញខ្លួនឱ្យសិង្ហបុរីនៅព្រឹត្តិការណ៍អូឡាំពិក ២លើករួចហើយ។



វិលត្រឡប់មកការប្រណាំងចែវទូករ៉ូអ៊ីង (Rower) ឡើងវិញលើវិញ្ញាសាប្រណាំងចម្ងាយ ២,០០០ម៉ែត្រ ទោលទម្ងន់ស្រាល ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះតំបន់អាស៊ី និងអូសេអានី​ នាទីក្រុង Chungju ប្រទេសកូរ៉េខាងត្បូង Aisyah ត្រូវឱ្យបញ្ចប់ក្នុងចំណោមកីឡាការិនីចំណាត់ថ្នាក់កំពូលទាំង ៥ ដើម្បីកក់សំបុត្រទៅកាន់ទីក្រុងប៉ារីស។ តែយ៉ាងណា កីឡាការិនីដែលទើបឈានចូលវ័យ ៣៦ឆ្នាំ បានបញ្ចប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមកីឡាការិនីប្រកួតសរុបទាំងអស់ ៦រូប។
 
បន្ទាប់ពីសម្រក់ទឹកភ្នែក បង្ហាញការសោកស្តាយ រឿងភ្ញាក់ផ្អើលបានកើតឡើង បន្ទាប់ពីកីឡាការិនីជប៉ុនដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងការប្រណាំងនេះមិនអាចជាប់ទៅកាន់ការប្រកួតទីក្រុងប៉ារីសបាន ព្រោះតែកីឡាការិនីរូបនោះបានឈ្នះសំបុត្រការប្រណាំងជាគូបុរសនារីលើវិញ្ញាសាប្រណាំងចែវទូករ៉ូអ៊ីងរួចហើយ។ ផ្អែកលើច្បាប់ការប្រកួតអូឡាំពិកនាពេលបច្ចុប្បន្ន Aisyah ត្រូវជំនួសកន្លែងរបស់កីឡាការិនីជប៉ុន ដែលទឹកភ្នែកប្រែជាក្តីរំភើបឡើងវិញសម្រាប់កីឡាការិនីសិង្ហបុរី ដែលបានសម្រេចក្តីស្រមៃទៅកាន់ការប្រកួតអូឡាំពិកជាលើកទី៣ ក្នុងទីក្រុងប៉ារីស។
 
«ខ្ញុំមិនដឹងឡើយពីច្បាប់នៃការប្រកួតជម្រុះ ដូច្នេះនៅពេលដែលខ្ញុំត្រឡប់ទៅលើគោកវិញគឺខ្ញុំគ្រាន់តែដឹងថាខ្ញុំមិនជាប់វគ្គជម្រុះ។ វាមិនមែនជាការបង្ហាញដ៏ល្អរបស់ខ្ញុំឡើយ វាគឺជាការបង្ហាញដ៏អន់បំផុតមួយ ខ្ញុំពិតជាសោកស្តាយ ពិបាកចិត្ត និងបានបង្ហូរទឹកភ្នែកទៅកាន់គ្រូរបស់ខ្ញុំ ហើយសុំទោសគាត់។ ខ្ញុំក៏បានស្គាល់នារីជប៉ុននោះដែរ ហើយវាពិតជាពិបាកទទួលយកសម្រាប់ខ្ញុំក្នុងនាមជាអត្តពលិក ខ្ញុំយល់អារម្មណ៍របស់នាង តែខ្ញុំគិតថាខ្ញុំត្រូវរៀនសូត្រពីរឿងនេះ ហើយក្តីរីករាយបានមកវិញ ខ្ញុំបានស្ថិតនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រដូចនេះខ្ញុំត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង។»។ កីឡាការិនី Aisyah បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
ចំពោះវ័យកាន់តែច្រើនក៏ដោយក្តី តែកីឡាការិនីដដែលក៏បានអះអាងបន្ថែមទៀតដូច្នេះថា វ័យកាន់តែច្រើនធ្វើឱ្យនាងមានអារម្មណ៍ថាកាន់តែមានបទពិសោធន៍ ប៉ុន្តែការប្រកួតប្រជែងគឺហាក់មានភាពខុសប្លែកពីពេលមុនៗ។
 
​Aisyah ធ្លាប់បង្ហាញខ្លួននៅអូឡាំពិកលើកដំបូងនៅក្នុងឆ្នាំ ២០១៦ ដែលអូឡាំពិកធ្វើឡើងនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ដោយនាងជាប់វគ្គជមុ្រះទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រប្រណាំងចែងទូករ៉ូអ៊ីប្រភេទ B។ អំឡុងការប្រកួតនោះនាងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២៣ មុនពេលនាងបានចូលនិវត្តន៍នៅក្នុងឆ្នាំ ២០១៧។
 
កាលពីឆ្នាំ ២០០៨ ដែលអូឡាំពិកធ្វើនៅប្រទេសចិន ទីក្រុងប៉េកាំង Aisyah ដដែលក៏ធ្លាប់ប្រកួតប្រជែងខ្លាំងដល់វគ្គជម្រុះលើការប្រណាំងប្រភេទ A ម្តងផងដែរ ប៉ុន្តែមិនជាប់សម្រាប់វគ្គផ្តាច់ព្រ័ត្រឡើយ៕

Tag:
 សិង្ហបុរី​
  អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com