អន្តរជាតិ
លោក វ៉ាង យី ប្រាប់សម្តេច ហ៊ុន ម៉ាណែត ថា ចិន និងកម្ពុជា ជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់
23, Apr 2024 , 9:29 am        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជជែកជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី២២​ ខែមេសា។ រូបភាព STPM
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជជែកជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី២២​ ខែមេសា។ រូបភាព STPM
ចិន និងកម្ពុជា ជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ ខណៈទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំដូចដែកថែប។ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់សម្តេច ហ៊ុន ម៉ាណែតបែបនេះ នៅក្នុងជំនួបថ្ងៃទី២២ ខែមេសា។ ជាការឆ្លើយតប មេដឹកនាំកម្ពុជា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកវ៉ាង ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។

 
ចិន ជាមិត្តដែកថែប និងជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅក្រុងភ្នំពេញ ក្នុងថ្ងៃទី២២ ខែមេសា លោក វ៉ាង យី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស និងរដ្ឋមន្រ្តីការបរទេសចិន បានបន្តចាត់ទុកកម្ពុជាជាមិត្តដ៏ជិតស្និទ្ធ។ 
 
«ចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់»។ នេះបើតាម Facebook Page សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្រង់សម្តីលោកវ៉ាង បែបនេះនៅថ្ងៃទី២២ ខែមេសា។ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានបង្ហាញការសាទរការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីបានយ៉ាងល្អ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
ត្រង់ចំណុចនេះ ប្រមុខការទូតចិនយល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគី បានធ្វើឱ្យចំណងមិត្តភាពចិន និងកម្ពុជាកាន់តែរឹងមាំដូចដែកថែប។ បើតាមសមាជិកការិយាល័យនយោបាយរូបនេះ តួនាទីកម្ពុជានៅលើឆាកអន្តរជាតិ កាន់តែមានសារៈសំខាន់។ 
 
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលោកវ៉ាង នៅកម្ពុជា ហើយវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ 
 
មេដឹកនាំកម្ពុជា បានចាត់ទុក គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម។ ដោយឆ្នាំ២០២៤​ ជា ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេច ហ៊ុន​ ម៉ាណែត បានរំពឹងថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីចិននឹងកើនឡើងថែមទៀត៕

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com