សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីរុស្ស៊ីមានកំណើនសេដ្ឋកិច្ចលើសពីអាម៉េរិក ជប៉ុន និងបារាំង?
24, Apr 2024 , 8:59 am        
រូបភាព
មនុស្សម្នាដើរនៅលើដងវិថីមួយកន្លែងក្នុងទីក្រុងមូស្គូ ។ រូបភាព ៖ Xinhua
មនុស្សម្នាដើរនៅលើដងវិថីមួយកន្លែងក្នុងទីក្រុងមូស្គូ ។ រូបភាព ៖ Xinhua
ជម្លោះ​រុស្ស៊ី ​និង​អ៊ុយក្រែន​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង​ ២​ឆ្នាំ​មក​ហើយ។ ដោយសារ​បញ្ហា​នេះ រុស្ស៊ី​ត្រូវ​រង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ពី​លោកខាងលិច។ យ៉ាងណាមិញ ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានភាពប្រសើរជាងអាម៉េរិក និងអឺរ៉ុបមួយចំនួន។

 
កាលពីខែតុលាឆ្នាំមុន កំណើនសេដ្ឋកិច្ចរុស្សីត្រូវបានប៉ាន់ប្រមាណថាមានកំណើនត្រឹម ១,២ភាគរយសម្រាប់ឆ្នាំ២០២៤ ក្រោយមក​រហូតដល់ខែមករាឆ្នាំនេះ តួលេខខាងលើត្រូវបានកែប្រែមកជា​ ២,៦ភាគរយ។ នៅខែមេសា មូលនិធិរូបិយវត្ថុអន្តជាតិ (IMF) បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីម្តងទៀត ដោយកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេស (GDP) មានដល់ ៣,២ភាគរយនៅឆ្នាំ២០២៤។ 
 
ទស្សនវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ចរបស់រុស្ស៊ីមានសុទិដ្ឋិនិយមជាងប្រទេសមហាអំណាចមួយចំនួនទៀតដូចជាអាម៉េរិក (២,៨ភាគរយ) ជប៉ុន (០,៩ភាគរយ) ឬបារាំង (០,៧ភាគរយ) សម្រាប់ឆ្នាំ២០២៤ ។
 
បន្ទាប់ពីជាប់ក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងដល់អត្រា៣,៦ភាគរយនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចរុស្ស៊ីកំពុងទប់ទល់បានយ៉ាងល្អ ទោះបីជាមានទណ្ឌកម្មលោកខាងលិចជាបន្តបន្ទាប់ក៏ដោយ។ 
 
បង្អែកជាចម្បងរបស់​សេដ្ឋកិច្ច​​រុស្ស៊ី​ ដោយ​សារ​ការ​រីក​ចម្រើន​នៃ​ការ​បញ្ជា​ទិញ​សព្វាវុធ។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass កាលពីឆ្នាំ២០២៣ វិស័យឧស្សាហកម្មការពារជាតិបានកើនឡើងពី ៣០ភាគរយទៅ ៤០ភាគរយខ្ពស់ជាងបើធៀបឆ្នាំ ២០២១។ ចំណែក ការវាយតម្លៃរបស់់វិទ្យាស្ថានសន្តិភាព Stockholm នៅឆ្នាំ២០២៣ ការចំណាយលើផ្នែកយោធារបស់រុស្ស៊ីបានកើនឡើង ២៤ភាគរយមានតម្លៃ ១០៩ពាន់លានដុល្លារ (ឬប្រមាណ ១១៥ពាន់លានដុល្លារតាមការប៉ាន់ប្រមាណរបស់ IMF)។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីបានកើនឡើង ៥៧ភាគរយ។
 
បើតាម ​​IMF មូលហេតុដែលរុស្ស៊ីរឹងមាំកំណើនសេដ្ឋកិច្ចដោយសារការនាំចេញប្រេងឆៅក្នុងតម្លៃខ្ពស់។ នៅឆ្នាំ ២០២២ ទោះបីជាការដាក់ទណ្ឌកម្មប្រេងក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលនាំចេញរបស់ទីក្រុងម៉ូស្គូ ក៏ការនាំចេញប្រេងប្រទេសនេះទទួលបានកំណត់ត្រាខ្ពស់។ ពេលនោះ លោកខាងលិចបានកំណត់តម្លៃប្រេងរុស្ស៊ីនាំចេញរបស់រុស្ស៊ីអតិបរមាត្រឹម ៦០ដុល្លារក្នុងមួយធុងប៉ារែល។ យ៉ាងណាមិញ ឥណ្ឌា និងចិនបានជំនួសអ្នកទិញនៅអឺរ៉ុបភាគច្រើនដោយទិញ ៨០ភាគរយទៅ ៩០ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី។
 
លើសពីនេះ សកម្មភាពអ្នកប្រើប្រាស់របស់រុស្ស៊ីក៏កំពុងងើបឡើងវិញ ទីផ្សារការងារមានភាពរឹងមាំ ហើយប្រាក់ឈ្នួលក៏កើនឡើង។ IMF បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចភាគច្រើនរបស់រុស្ស៊ីបានមកពីការរីកចម្រើនផ្នែកវិនិយោគនៅក្នុងសហគ្រាសរដ្ឋ ជាពិសេសអាជីវកម្មនៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។ 
 
ជារួម សមត្ថភាពរបស់សេដ្ឋកិច្ចរុស្ស៊ីក្នុងការទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច ដោយសារតែការបង្វែរទិសដៅយ៉ាងលឿននៃលំហូរថាមពលទៅកាន់បូព៌ា ការអភិវឌ្ឍសហគ្រាសរដ្ឋក្នុងវិស័យយោធា និងការងើបឡើងវិញទីផ្សារប្រើប្រាស់៕ 

Tag:
 រុស្ស៊ី​
  សេដ្ឋកិច្ច
  មហាអំណាច
© រក្សាសិទ្ធិដោយ thmeythmey.com