កីឡាអន្តរជាតិ
អន្តរជាតិ
វគ្គផ្តាច់ព្រ័ត្រ FA Cup នឹងធ្វើតាមពេលវេលាកំណត់ ដោយគ្មានការពន្យារពេលដូចឆ្នាំមុន
24, Apr 2024 , 3:15 pm        
រូបភាព
ជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup រដូវកាល​ ២០២៣-២៤ រវាងម្ចាស់ការពារជើងឯក Manchester City ទល់នឹងក្រុម Manchester United នឹងត្រូវធ្វើតាមពេលវេលាកំណត់​ ម៉ោង ៣រសៀលប្រទេសអង់គ្លេស (ម៉ោង ៩យប់ នៅកម្ពុជា) ដើម្បីជួយសម្រួលដល់អ្នកគាំទ្រដែលធ្វើដំណើរផ្លូវឆ្ងាយ ចៀសវាងពន្យារពេលប្រកួត ដូចរដូវកាលមុន។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA)។



ផ្តាច់ព្រ័ត្ររវាងបិសាចក្រហមទល់ និងមេឃខៀវ ដែលជាក្រុមស្ថិតនៅទីក្រុង Manchester តែមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។ អ្នកគាំទ្រពីទីក្រុង Manchester ត្រូវធ្វើដំណើរជាង ៣២០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដើម្បើមើលការប្រកួតក្រុមទាំងពីរ ក្នុងកីឡដ្ឋាន Wembley។ 
 
ជំនួប Manchester Derby ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានកើតឡើងពីរដូវកាលជាប់គ្នា ដោយរដូវកាលមុន Manchester City ជាអ្នកគ្រងជើងឯក។
 
«ពេលវេលានៃការចាប់ផ្តើមការប្រកួតត្រូវបានទទួលយល់ព្រមពីសំណាក់ក្លិបសងខាង ក៏ដូចជាក្រុមមន្ត្រីក្នុងតំបន់ សមាជិកនៃកងការពារសន្តិសុខ ក្រុមនាំផ្លូវ និងការផ្សាយផងដែរ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FA។
 
កាលពីរដូវកាលមុន Man City បានបំបាក់ក្រុម Man United លទ្ធផល ២-១ ដើម្បីលើកពាន។ ចំណែករដូវកាលនេះវិញ Man City បានយកឈ្នះ Chelsea លទ្ធផល ១-០ ខណៈដែល United ឈ្នះបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយលទ្ធផលស្មើ ៣-៣ ទល់នឹងក្រុម Coventry City៕

Tag:
 FA Cup
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com