អន្តរជាតិ
Pyongyang Papers​៖ ម្ចាស់ភោជនីយ​ដ្ឋានកូរ៉េខាង​ជើងដែលបិទនៅ​កម្ពុជា គ្រោង​បើកឡើងវិញនៅចិន
25, Apr 2024 , 12:09 pm        
រូបភាព
ដោយ៖ ហាន ណូយ 

ម្ចាស់ភោជនីយដ្ឋាន «ផ្កាខៀវ» ឬ «The Blue Flower» ដែលជាជនជាតិកូរ៉េខាងជើង ​កំពុង​ស្វែងរកដៃគូ​អាជីវកម្ម​ថ្មី​ដើម្បី​បើក​ភោជនីយដ្ឋាន​រួមគ្នា​នៅ​ទឹកដី​ចិន​ បន្ទាប់ពីបិទដំណើរការនៅកម្ពុជា។ នេះបើតាមកាសែតPyongyang Papers។



បើតាមកាសែត Pyongyang Papers ភោជនីយដ្ឋាន Blue Flower ដែលធ្លាប់ធ្វើប្រតិបត្តិការទីតាំងនៅទីក្រុងភ្នំពេញ ត្រូវបាន​គ្រប់គ្រងដោយ​ជនជាតិកូរ៉េខាងជើងពីរនាក់ឈ្មោះ Nam Un Gyong និងកូនស្រីឈ្មោះ Ri Son Chong ។ ដំណើរការភោជនីយដ្ឋាននេះ ជាការរំលោភ​សេចក្តីស​ម្រេចលេខ២៣៩៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមពលរដ្ឋ​កូរ៉េខាងជើងធ្វើការនៅបរទេស។
 
លោកស្រី ​Nam ដែលចាកចេញពីកម្ពុជាហើយនោះ មានបំណងបើកភោជនីយដ្ឋានថ្មីនៅទឹកដីចិន។ ក្រុមស៊ើបអង្កេត​ដែលផ្តោតសកម្មភាពខុសច្បាប់របស់​កូរ៉េខាង​ជើងប្រចាំ Pyongyang Paper​ អះអាងថា តាំងពីដើមឆ្នាំនេះ ទោះបីជាមាន​ការដាក់ទណ្ឌកម្ម​ក៏ដោយ យ៉ាងហោច​ណាស់មាន​ភោជនីយដ្ឋាន និងសណ្ឋាគារ​១០ ដែល​បុគ្គលិក​ជាជនជាតិ​កូរ៉េ បានលេច​ឡើងនៅក្នុង​ទីក្រុង​៣ របស់ចិន ស្របពេលដែលព្រំដែនកូរ៉េ​ខាងជើងកំពុង​បើកឡើងវិញ​ជាបណ្តើរៗ។
 
ជាមួយគ្នានេះ ​ពលករកូរ៉េខាង​​ជើងជា​ច្រើន​ពាន់នាក់កំពុង​ត្រឡប់ទៅផ្ទញវិញ ជាមួយការអនុវត្តវិធានការដាក់​ឱ្យនៅដាច់​ពីគេរយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានទៅដល់ទីតាំងមួយចំនួនរួមមាន Rason, Sinuiju និង Sunan។ លើសពីនេះ រថភ្លើង​ដឹកទំនិញរវាង​ទីក្រុងកូរ៉េខាងជើង Sinuiju និងទីក្រុងចិន Dandong​ ក៏ដំណើរការវិញដែរ។
 
បើតាមកាសែតដដែល លុយដែល​រកបានដោយជនជា​តិកូរ៉េខាងជើង​នៅក្រៅ​ប្រទេស ក្លាយជាប្រភទហិរញ្ញវត្ថុសម្រាប់របបដឹកនាំលោក គីម ជុងអ៊ុន ដែលចាយលុយច្រើនលើកម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​។
 
ពលករកូរ៉េខាងជើង ដែលត្រឡប់ទៅផ្ទះវិញ មិនមែនទៅដោយដៃទទេឡើយ។ ពួកគេក៏យកទៅសម្ភារប្រណីតៗដែលហាមប្រាមក្រោមទណ្ឌកម្មអន្តរជាតិដែរ។ កាសែត Pyongyang Papers បាន​ចោទ​ជាសំណួរថា​តើកម្មករដែលធ្វើដំណើរចូលស្រុក និងការដឹកជញ្ជូនទំនិញរវាងចិន និងកូរ៉េខាងជើង អាចនាំឱ្យមានលំហូររបស់​របរដែលមានទណ្ឌកម្ម​ផ្សេងទៀតចូល​ទៅកូរ៉េខាងជើងដែរឬទេ?
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិ​សុខបាន​អនុម័តវិធានការ​តឹងរ៉ឹងប្រឆាំង​កូរ៉េខាងជើង ដោយហាម​ប្រទេសផ្សេង​ទៀតមិនឱ្យផ្តល់​ទិដ្ឋាការដល់ពលករ​កូរ៉េខាងជើង និងធ្វើជាម្ចាស់អាជីវកម្មអ្វីឡើយ។ មុនឆ្នាំ ២០១៧ ក្រុមហ៊ុនកូរ៉េខាងជើង រួមទាំងភោជនីយដ្ឋានមួយចំនួនផង ​បានដំណើរ​ការនៅក្នុង​ប្រទេសជា​ច្រើនរួមទាំងចិន រុស្ស៊ី កូវ៉ែត និងកាតា។
 
កន្លងមក​ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ខ្លួន​មិនបានអត់ឱន​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​កូរ៉េ​ខាង​ជើងអ្វីឡើយ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជា​បានចេញ​សេចក្តីថ្លែង​ការណ៍មួយ ដោយ​បដិសេធ «របាយការណ៍គ្មានមូលដ្ឋាន» បន្ទាប់ពី​ក្រុមត្រួត​ពិនិត្យទណ្ឌកម្មលើកូរ៉េខាង​ជើង​ចោទប្រកាន់ថា កម្ពុជាបំពានទណ្ឌកម្មលើ​ប្រតិបត្តិការចារ​កម្ម​របស់ទីក្រុងព្យុងយ៉ាង និងសកម្មភាពសេដ្ឋកិច្ចខុសច្បាប់។
 
បើ​តាម​សេចក្តីថ្លែងការណ៍ដដែលនេះ ខណៈទទួលស្គាល់​ថាមាន​អាជីវកម្មមួយ​ចំនួនដែល​ជាប់ពាក់ព័ន្ធ​ទៅនឹង​របបកូរ៉េ​ខាង​ជើង ក្រសួងការបរទេសបាន​និយាយថា កម្ពុជាបានបិទ​អាជីវកម្មទាំង​អស់​របស់កូរ៉េខាង​ជើង រួមទាំង​ភោជនីយ​ដ្ឋាន និងសារមន្ទីរ​ផង ជាមួយនឹង​គណនីធនាគារ​ប្រហែល​៧ ​នៅក្នុងស្ថាប័ន​ហិរញ្ញវត្ថុពី​រដែលបានបិទចោល​ចាប់តាំង​ពីឆ្នាំ២០១៧។
 
ការស៊ើបអង្កេតរបស់កាសែត Pyongyang Papers ក៏បានរកឃើញព័ត៌មានលម្អិតបន្ថែមអំពីសកម្មភាពរបស់លោកស្រី​ Nam Un Gyong និងកូនស្រី​ Ri Son Chong ពាក់ព័ន្ធក្នុងការជួញដូរទំនិញប្រណីតផងដែរ។ មិន​តែប៉ុណ្ណោះ​ ពួកគេទាំង​ពីរនាក់​បានចំណាយប្រាក់រាប់សែនដុល្លារលើគ្រឿងស្រវឹង ដែលទិញ និងនាំចេញពីកម្ពុជាទៅកូរ៉េខាងជើង។
កាសែតដដែលនេះ អះអាងថា លោកស្រី​ Nam និងកូនស្រី មានទំនាក់ទំនង និងដឹងពីរបៀបបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ។
 
ក្នុងរបាយការណ៍របស់ខ្លួន កាសែត Pyongyang Papers ប្ដេជ្ញាបន្តស៊ើបអង្កេតករណីម្ចាស់ភោជនីយដ្ឋានខាងលើ  ដែលកំពុងព្យាយាមធ្វើប្រតិបត្តិការឡើងវិញនៅចិន។ កាសែតនេះ ក៏រំលេច​តួនាទីសំខាន់របស់ចិនក្នុង​ការពង្រឹង​ការដាក់​ទណ្ឌកម្ម សំដៅបញ្ឈប់លំហូរមូលនិធិ​ទៅដ​ល់កូរ៉េខាង​ជើង ដែលត្រូវបាន​ប្រើប្រាស់ដើម្បី​ជំរុញកម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង៕
 
ហាន ណូយ គឺជាអ្នកសារព័ត៌មាន​ឯករាជ្យ​ប្រចាំនៅទីក្រុងភ្នំពេញ​

© រក្សាសិទ្ធិដោយ thmeythmey.com