ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រកាសមិនចរចាជាមួយវៀតណាម រឿងព្រែកជីកហ្វូណនតេជោ
26, Apr 2024 , 8:45 pm        
រូបភាព
នាពិធីជួបសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ មេសា នៅសណ្ឋាគារហ្គាដិនស៊ីធី សម្ដេច ហ៊ុន សែន បានប្រកាសមិនចរចាជាមួយវៀតណាម ជុំវិញព្រែកជីកហ្វូណនតេជោឡើយ។

 
សម្ដេច ប្រកាសដាក់មេក្រូជាសាធារណៈបែបនេះ ក៏ព្រោះតែមេដឹកនាំវៀតណាមមិនហាមមន្ត្រីថ្នាក់ក្រោម ដោយទុកឱ្យពួកគេវាយប្រហារកម្ពុជា ជាបន្តបន្ទាប់។  «ព្រែកជីកនេះ ត្រូវតែធ្វើឱ្យបាន»។ នេះជាការអះអាងរបស់ សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ក្នុងករណីរកទុនពីខាងក្រៅមិនបាន សម្ដេច ក៏នឹងកៀងគរទុនពីឧកញ៉ា និងអ្នកមានធនធានដាក់ទុនវិនិយោគរួមគ្នា។ សម្ដេច ជឿជាក់ថា ព្រែកជីកហ្វូណននេះ គឺមានផលចំណេញ សម្រាប់ប្រជាជាតិកម្ពុជា។
 
ក្នុងសម្តីមុតស្រួច សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវប្រឹងរស់ដោយខ្លួនឯង មិនត្រូវពឹងលើច្រមុះគេ ហើយខ្ចីដង្ហើមគេដកឡើយ។ ដូច្នេះកម្ពុជា ត្រូវតែជីកព្រែកហ្វូណន។ បន្ថែមពីនេះ សម្ដេច បានប្រកាសពីជំហរដាច់ខាត ក្នុងការការពារគម្រោងព្រែកជីកហ្វូណនតេជោនេះ ។ «គ្មានការចរចាអ្វីទៀតទេ និយាយគ្នាត្រង់ៗ»។ សម្ដេច ថ្លែងបែបនេះ ទៅកាន់មេដឹកនាំវៀតណាម តាមវេទិកាសាធារណៈ។
 
ជុំវិញការព្រួយបារម្ភរបស់វៀតណាម លើការរំហូរទឹកប្រៃ ចូលទឹកសាប និងមូលដ្ឋានកងទ័ពចិននោះ ប្រធានគណបក្សប្រជាជនកម្ពុជា បានតបវិញថា កម្ពុជា បានគិតគូរពីករណីនេះហើយ ។ បើតាមប្រធានព្រឹទ្ធសភារូបនេះ កម្ពុជា មិនល្ងង់ឱ្យមានមូលដ្ឋានទ័ពចិន លើទឹកដីកម្ពុជា ដែលផ្ទុយពីច្បាប់នោះទេ ហើយកម្ពុជា ក៏មិនឱ្យទឹកប្រៃ ហូរចូលទៅទឹកសាបទេ។ 
 
«ព្រែកជីកនេះ មិនប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីទេ វាមានតែបង្កើតប្រព័ន្ធអេកូឡូស៊ី»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចត្រូវតែនិយាយរឿងនេះ ព្រោះកម្ពុជា ត្រូវគិតពីប្រយោជន៍ខ្លួន ដូចវៀតណាមគិតពីប្រយោជន៍វៀតណាមដែរ។
 

© រក្សាសិទ្ធិដោយ thmeythmey.com