អន្តរជាតិ
ថៃ ស្នើអាស៊ានចូលរួមឱ្យសកម្មថែមទៀតដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
27, Apr 2024 , 10:29 am        
រូបភាព
រដ្ឋាភិបាលថៃ បានអំពាវនាវអាស៊ានឱ្យដើរតួយ៉ាងសកម្មបន្ថែមទៀតក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ព្រំដែនថៃ និងមីយ៉ាន់ម៉ារវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើឱ្យមានលំហូរជនភៀសខ្លួនផង។

 
ការប្រយុទ្ធគ្នាដណ្ដើមទីក្រុង Myawaddy រវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉េន ធ្វើឱ្យថៃបារម្ភខ្លាំងពីស្ថិរភាពនៅតាមព្រំដែន។ ដ្បិតទីក្រុងសំខាន់នេះធ្លាក់ចូលដៃក្រុមយោធាក្រោយបាត់បង់ប៉ុន្មានថ្ងៃក្ដី ការប្រយុទ្ធគ្នានៅតែមាននៅក្នុងរដ្ឋការ៉េន ក៏ដូចជាទីតាំងផ្សេងទៀតនៅមីយ៉ាន់ម៉ា រវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនានា ក៏ដូចជាក្រុមសកម្មជនតស៊ូប្រឆាំងរបបយោធា។
 
ជាមួយគ្នានេះ ផែនការសន្តិភាពរបស់អាស៊ាន នៅតែគ្មានប្រសិទ្ធភាពដោះស្រាយបញ្ហានេះបាន។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក Nikorndej Balankura បាន​និយាយនៅថ្ងៃទី២៦ ខែមេសា​ថា ថៃ​ចង់​ឃើញ​អាស៊ាន​សកម្ម​ជាង​នេះ។
 
«យើង​បាន​ពិភាក្សា​ជាមួយ​ឡាវ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​មីយ៉ាន់ម៉ា​អំពី​ស្ថានភាព​នេះ»។ អ្នកនាំពាក្យដដែលបន្តបែបនេះ។
 
​​លើសពីនេះ ថៃ​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​អាស៊ាន​រវាង​​​ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឆ្នាំមុន​ ឡាវដែលជាប្រធានបច្ចុប្បន្ន និងម៉ាឡេស៊ីដែល​ប្រធាន​ឆ្នាំ​ក្រោយ​។
 
នៅក្រោមផែនការសន្តិភាពមីយ៉ាន់ម៉ាឆ្នាំ២០២១ ប្រធានអាស៊ានបានតែងតាំងបេសកជនពិសេសមួយដែលមានភារកិច្ចជំរុញដំណើរសន្តិភាពដែរ។ ប៉ុន្តែប្រធាន​បច្ចុប្បន្នគឺ​ឡាវ​ មិនសូវបញ្ចេញព័ត៌មានច្រើនឡើយពី​សកម្មភាព​របស់​បេសកជន​របស់​ខ្លួន៕
 

Tag:
 ថៃ
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com