កីឡាជាតិ
ជាតិ
អត្ដពលិក៣រូប ក្លាយជាអ្នកសារព័ត៌មាន
29, Apr 2024 , 9:19 am        
រូបភាព
កញ្ញា ថន ថាវរី នៅខាងឆ្វេងដៃ
កញ្ញា ថន ថាវរី នៅខាងឆ្វេងដៃ
កីឡាការិនី ប៉ាល់ ឆរស្ម៊ី, កីឡាការិនី ថន ថាវរី និងកីឡាករ កែវ សុខសិលា ប្រឡូកក្នុងវិស័យសារព័ត៌មានកីឡា ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ អ្នកទាំង៣នាក់នេះ កំពុងអភិវឌ្ឍន៍ខ្លួន លើជំនាញថ្មី តាមរយៈសំណេរ បទសម្ភាស និងការផ្ដិតយករូបភាព ជាដើម។



កីឡាការិនី ប៉ាល់ ឆរស្ម៊ី ម្ចាស់មេដាយមាស៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាអ្នកសារព័ត៌មាន១រូប នៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ ម្ចាស់មេដាយមាសរូបនេះ និយាយថា វិស័យសារព័ត៌មាន មានតម្លៃណាស់សម្រាប់សង្គម ដែលត្រូវមានចំណេះដឹង ទាំងការសរសេរអត្ថបទ ថតរូបភាព និងថតវីដេអូ ជាដើម។ ចំពោះកិច្ចការទាំងអស់នោះ ឆរស្ម៊ី យល់ថា ទោះមានចំណង់ចំណូលចិត្តតែម្យ៉ាង ក៏មិនអាចធ្វើបានទេ ព្រោះវាត្រូវការចំណេះដឹង និងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពីវិស័យនេះ។
 
«ការប្រឡូកក្នុងវិស័យសារព័ត៌មាន គឺថ្មីសម្រាប់ខ្ញុំ ព្រោះមិនមានបទពិសោធន៍ពីមុនទេ ប៉ុន្ដែខ្ញុំមានចំណង់ចំណូលចិត្ត។ ខ្ញុំ ពិបាកដូចជាការថតរូប និងការថតវីដេអូ ព្រោះយើងមិនទាន់យលច្បាស់ពីបច្ចេកទេស នៃការប្រើកាមេរ៉ា។ វិស័យសារព័ត៌មាន គឺពិបាកព្រោះមិនមែនគ្រាន់តែយើងចូលចិត្តហើយ យើងអាចធ្វើវាបានទេ។ វិស័យសារព័ត៌មាន មានការសរសេរ ការសម្ភាស។ ជំហានដំបូងសម្រាប់ខ្ញុំ ខ្ញុំចាប់យកផ្នែកថតរូប។ ពេលផ្នែកនេះទទួលបានចំណេះដឹងហើយ ទើបយើងចាប់យកផ្នែកសរសេរព័ត៌មាន ឬក៏ផ្នែកផ្សេងៗទៀត នៃសារព័ត៌មាន។»។ នេះបើតាមអត្តពលិកវ៉ូវីណាមកម្ពុជា ដែលបាននិយាយថា កាលពីកុមារភាព រូបនាង ក៏ធ្លាប់ចង់ក្លាយជាអ្នកសារព័ត៌មាន មួយរូបដែរ។
 
ចំណែក កញ្ញា ថន ថាវរី កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ក៏បានក្លាយជាអ្នកសារព័ត៌មាននៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផងដែរ បន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ថាវរី ធ្លាប់ជាជម្រើសជាតិកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍គប់វប្បធម៌វៀតណាម ឆ្នាំ២០១៦ និង បានទៅប្រកួតនៅព្រឹត្តិការណ៍ជើងឯកនិស្សិតកីឡាប៊ូល និងប៉េតង់ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨។
 
អ្នកសារព័ត៌មានរូបនេះ និយាយថា ពេលប្រឡូកក្នុងវិស័យនេះ ជាលើកដំបូង ពោលគឺកាលពីដើមខែមិថុនាឆ្នាំមុន រូបនាងមានអារម្មណ៍ភ័យ និងស្ទាក់ស្ទើរ ក្នុងការបង្ហាញមុខតាមការផ្សាយផ្ទាល់ និងការអានព័ត៌មាន។ ប៉ុន្ដែការអនុវត្តបាន១ឆ្នាំមកនេះ ថាវរី លែងសូវស្ទាក់ស្ទើរដូចមុន ដោយសារយល់ដឹងពីរបៀបបំពេញការងារបានច្រើនជាងមុន។ 
 
«ដំបូង លំបាកព្រោះខ្ញុំ នៅភ័យ ហើយយើងមិនមែនអ្នកអាជីពអីទេ ប៉ុន្ដែដោយក្ដីស្រឡាញ់ ហើយយើងត្រូវរៀន។ ពីដំបូងក៏ភ័យ ក្រោយពេលយើងធ្វើវាម្ដងជា ២ដងទៅ រហូតក្លាយទៅ​ជាទម្លាប់ប្រចាំថ្ងៃ ហើយក៏យើងលែងភ័យវិញ។ ពេលខ្លះ យើងត្រូវសម្ភាសទាក់ទងនឹងកីឡាមួយចំនួន ពេលខ្លះយើងអត់សូវបានដឹង បានស្គាល់ឲ្យបានស៊ីជម្រៅ អំពីប្រភេទកីឡានីមួយៗ ទើបធ្វើឲ្យយើងពេលខ្លះពិបាករៀបចំសំណួរ ដើម្បីយកទៅសម្ភាស។»។ អ្នកសារព័ត៌មានរូបនេះ បាននិយាយដូច្នេះ។
 
រីឯ កែវ សុខសិលា អ្នកចាំទីក្លិបវិសាខា ក៏បានក្លាយជាអ្នកសារព័ត៌មាននៅអគ្គនាយកដ្ឋានកីឡា។ អស់រយៈពេល ៧ខែ ក្នុងវិស័យនេះ សិលា បានសរសេរអត្ថបទ និងផ្ដិតយករូបភាពព័ត៌មានមួយចំនួន។ ចំពោះការសរសេរជាអត្ថបទ សិលា និយាយថា មិនទាន់បានល្អនៅឡើយទេ ហើយបទសម្ភាស ក៏ត្រូវការរៀនសូត្របន្ថែម។ 
 
«ខ្ញុំគិតថា វិស័យសារព័ត៌មានល្អ។ ម្យ៉ាងវិញទៀត ខ្ញុំក៏ស្រឡាញ់ការផ្ដិតយករូបភាព។ ចំពោះអត្ថបទ ខ្ញុំអាចសរសេរបានខ្លះ ប៉ុន្ដែសម្រាប់បទសម្ភាស ខ្ញុំមិនទាន់ធ្វើដល់នេះទេ។»។ កែវ សុខសិលា បាននិយាយដូច្នេះ៕
 

Tag:
 ថន ថាវរី
  បាល់ ឆនរស្មី
  កែវ សុខសិលា
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com