ជាតិ
JICA ផ្តើមអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីវាលស្រែ នៅកម្ពុជា រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា។
× ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន JICA បានចាប់ផ្តើមអនុវត្តគម្រោង ថ្មីមួយនៅកម្ពុជា ស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំ ស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។
អង្គការចៃកា (JICA) បញ្ជាក់ថា គម្រោងថ្មីនេះ នឹងអនុវត្តវិធីសាស្ត្រខាងលើនៅទីតាំងគំរូរបស់គម្រោង ដែលស្ថិតនៅក្នុង ខេត្តពោធិ៍សាត់ ដោយចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩។ «បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក (Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះ ដែលការស្រោចស្រព ត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន»។ អង្គការ JICA បញ្ជាក់ដូច្នេះ។
រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា
បើតាម JICA ក្រៅពីកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែ ដោយធ្វើឲ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ គម្រោងនេះ ក៏ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូល ដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។
ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាជាមួយកសិករក្នុងតំបន់ ដើម្បីពង្រឹងប្រព័ន្ធកសិកម្ម និងចំណីអាហារឲ្យមានភាពបត់បែន និងនិរន្តរភាព តាមរយៈនវានុវត្តន៍ ដើម្បីធានាបាននូវសន្តិសុខស្បៀងនៅកម្ពុជា។ អង្គការ JICA បន្ថែមបែបនេះ។
រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា
សូមជម្រាបថា គម្រោងស្តីពី«ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ ដែលភាយចេញពីវាលស្រែនៅតំបន់ភាគខាងលិចទន្លេសាប ប្រទេសកម្ពុជា»ជាផ្នែកមួយនៃកម្មវិធី កិច្ចសហការស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍដោយចីរភាព(SATREPS) ដែលអនុវត្តន៍រួមគ្នាដោយទីភ្នាក់ងារ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជប៉ុន (JST) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA)។ ស្ថាប័នចូលរួមស្រាវជ្រាវរបស់កម្ពុជា រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC៕
Tag:
បច្ចេកវិទ្យា
ឧស្ម័នផ្ទះកញ្ចក់
វាលស្រែ
ទន្លេសាប
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com