ជាតិ
ពីនេះ ពីនោះ
តើ​ «និង, នឹង, ហ្នឹង» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
19, Jun 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
យើងអាចប្រើ​ពាក្យ «និង, នឹង, ហ្នឹង» ច្របូកច្របល់គ្នា ប្រសិនបើមិនបានដឹងច្បាស់ពីក្បួនវេយ្យាករណ៍។ សារព័ត៌មានថ្មីៗ សូមលើកយកពាក្យទាំងនេះ មកពន្យល់ ដោយផ្អែកតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«និង»  ជានិបាតសព្ទ ដែលមានន័យជាភាសាបារាំងថា “et”។ ពាក្យនេះ ប្រើសម្រាប់ការនិយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង, ព្រមទាំង, ផង, នេះផង, នុះផង។ អ្នកនិងខ្ញុំ, គោនិងក្របី; ផ្ទះនេះផ្ទះនុ៎ះនិងផ្ទះឯណោះ ; សុខនិងទុក្ខ ; ទៅនិងមិនទៅ ; ឲ្យនិងមិនឲ្យ ; យកចាននិងផ្តិលមកផង ។ ល ។ 
 
រីឯ «នឹង» មានន័យច្រើន។ ជាជាកិរិយានុគ្រោះ ពាក្យនេះគឺសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ។ ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន ។
 
ជាកិរិយាវិសេសន៍ និងគុណសព្ទ «នឹង» មានន័យថា ស្ងៀម, ជើយ, មិនកម្រើក។ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។ មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល ជំងឺនុ៎ះនៅនឹង ។ ទឹកនឹងគឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ ។
 
ជាអាយតនិបាត «នឹង» ជាពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ឰដ៏, នៅត្រង់។ ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ គឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវឰដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង ។ ល ។
 
ដោយឡែក «ហ្នឹង» វិញ មានន័យដូចពាក្យ «នុះ»។ ហ្នឹងហើយ នុះហើយ; ហ្នឹងឯង នុះឯង; ដំណើរហ្នឹង ដំណើរនុះ ។ សម្រាប់ការប្រើប្រាស់ជាពាក្យសាមញ្ញ៖ ដូច្នឹង, អីចឹង; អើ ( អ្នកម្នាក់ប្រាប់ថា ) : ទៅកុំខានហ្ន៎ះ!, ( អ្នកម្នាក់ឆ្លើយតបថា ) ហ្នឹង ! ។ ហ្នឹងហើយ ! អ៊ីចឹងហើយ !។ ហ្នឹងឯង ! អ៊ីចឹងឯង ។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក ( + ) នេះពីលើជា ហ្នឹ៎ ងហើយ!; ហ្នឹ៎ងឯ៎ង ! ( សម្រាប់សម្ដីសាមញ្ញ ) ។
 

© រក្សាសិទ្ធិដោយ thmeythmey.com