ជាតិ
​​​ន​យោ​បាយ​ជាតិ​
១៨​មីនា រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ
18, Mar 2024 , 9:59 pm        
រូបភាព
​ព្រឹត្តិការណ៍​ថ្ងៃ ១៨​មីនាឆ្នាំ ១៩៧០ ថ្ងៃ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ពី​ព្រះប្រមុខរដ្ឋ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​គ្រប់រូប​។ រដ្ឋប្រហារ​ទម្លាក់ទ្រង់​អាច​ថា​ជា​ដើមចម​ការទម្លាក់​គ្រាប់បែក​លើ​កម្ពុជា​ពី​សំណាក់​អាមេរិក ការបែកបាក់​សង្គម និង​ការកើនឡើង​នៃ​ចលនា​កុម្មុយនីស្ត​រហូត​បណ្តាល​ឲ្យ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​បី និង​នាំមក​នូវ​របប​ខ្មៅ​ងងឹត ដែល​កាប់សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់លាន​នាក់​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​រំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ឡើងវិញ​ដូចតទៅ​៖



-​ខែធ្នូ ឆ្នាំ​១៩៦៩ ជាង​បី​ខែ​មុន​រដ្ឋប្រហារ​មកដល់​.....

 នា​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​១៩៦៩ ខុ​ទ្ទ​កា​រល័យ​ព្រះប្រមុខរដ្ឋ​សម្តេច​សីហនុ ចេញ​សេចក្តីប្រកាស​ឲ្យ​សាធារណៈជន​បានដឹង​ពី​ការយាង​ចេញទៅ​ប្រទេស​បារាំង​របស់​ទ្រង់​ដើម្បី​ព្យាបាល​ព្រះរោគ​។ នៅ​ថ្ងៃទី​៦ ឆ្នាំ ១៩៧០ ខែមករា​ទើប​សម្តេច​យាង​ចេញពី​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​ព្រះអង្គ​មាន​គម្រោង​ចាកចេញ​ជាច្រើនលើក​ច្រើនសារ​រួចទៅហើយ​។ ទ្រង់​យាង​ចេញ​ដោយមាន​ក្បួន​ហែរ​ហម​ឆ្ពោះទៅកាន់​ព្រះបរមរាជវាំង​ហើយ ទើប​បន្តដំណើរ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​តែម្តង​។ គេ​មិនឃើញ​មាន ភ្លេង​ប្រគុំ​ជា​កិត្តិយស​ដើម្បីអោយ​ស័ក្តិសម​កិត្តិយស និង​ឋានៈ​ព្រះ​អង្គជា​ព្រះប្រមុខរដ្ឋ​ទេ​នា​ថ្ងៃ​ព្រះអង្គ​ចាកចេញ​នោះ រហូតដល់​មាន​អ្នកខ្លះ​អះអាងថា ទ្រង់​យាង​ចេញពី​មាតុភូមិ​បែបនេះ​មិន​ខុសពី​ការ​ភៀស​ព្រះកាយ​ឡើយ​។ ព្រះ​រាជ្យ​អវត្តមាន​របស់​សម្តេច​នេះ​ហាក់ដូចជា​ការបើកផ្លូវ​ទុក​ឲ្យ​បណ្តា​អ្នកនយោបាយ​ក្នុងស្រុក​ដណ្តើម​អំណាច​ដូច្នេះ​ដែរ​។​

​តាមពិតទៅ​ពេល​សម្តេច សីហនុ​យាង​ចេញទៅ ទ្រង់​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​រួចទៅហើយ​ដែល​រដ្ឋាភិបាល​នោះ​មាន​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ នាយករដ្ឋមន្ត្រី ហើយ​ទ្រង់ ស៊ីសុវត្ថិ សិរី​មតៈ ជា​ឧបនាយករដ្ឋមន្ត្រី​។ រដ្ឋាភិបាល​កាលនោះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៩ ដោយ​គេ​រំពឹងថា​វា​នឹង​ជួយ​ស្រោចស្រង់​ដែនដី​កម្ពុជា ទើបបានជា​គេ​ដាក់ឈ្មោះថា «​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​»​។ ទោះបី​សង្គ្រោះ​ជាតិ​មិនបាន​ក៏ដោយ រដ្ឋាភិបាល​ថ្មី​នេះ បាន​ស្តារ​ចំណង​ការទូត​ជាមួយ​អាមេរិក​ឡើងវិញ​បាន រហូត​ត្រួសត្រាយ​ផ្លូវ​ដល់​ការទម្លាក់​គ្រាប់បែក​លើ​កងទ័ព​វៀតណាម​ផង​។​
 
​ប៉ុន្តែ​យ៉ាងណាមិញ រដ្ឋាភិបាល​របស់លោក លន់ នល់ ដឹកនាំ​ដោយ​ទ្រង់ សិរី​ម​ត​: ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដូចជា សកម្មភាព​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ខាងជើង ការប្រយុទ្ធ​ប្រឆាំងនឹង​បណ្តាញ ដឹក​ស្បៀង​និង​អាវុធ​របស់​ចិន​ទៅអោយ​វៀតណាម​ខាងត្បូង បញ្ហា​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ​។

​ដោយសារ​បញ្ហា​សេដ្ឋកិច្ច សង្គម និង​ការឈ្លានពាន​របស់​វៀត​ណា​ម​ខាងជើង​និង​កងកម្លាំងប្រដាប់អាវុធ​ផ្សេងទៀត ប្រជាជន​កម្ពុជា​ចាប់ផ្តើម​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​និង​ទាមទារ​ឲ្យ​មានការ​បណ្តេញ​ក្រុម​កងទ័ព​វៀតណាម​។

-​ខែមីនា​ឆ្នាំ​១៩៧០ ចលនា​បាតុកម្ម​ប្រឆាំង​វៀតណាម​ផុសផុល​ឡើង​.......

 មាន​ព្រឹត្តិការ​ណ៍​បាតុកម្ម​ធំ​មួយ​កើតឡើង​នៅ​ខេត្តស្វាយរៀង ហើយ​បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​ខាងជើង​និង​វៀត​កុង ដែល​បោះទីតាំង​លើទឹក​ដី​ខ្មែរ​។ ដល់​ថ្ងៃទី​១១ ខែមីនា បាតុកម្ម​មួយ​យ៉ាង​ធំ​ទៀត​ត្រូវបាន​គេ​រៀបចំឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ពោលគឺ​នៅតាម​គ្រឹះស្ថានសិក្សា​នានា​។ ក្រុមបាតុករ​ទំនងជា​ពលរដ្ឋ​សាមញ្ញ​និង​ក្រុមនិស្សិត​ផង មាន​កាន់​បដា និង​ពាក្យស្លោក ប្រឆាំង វៀតណាម​ខាងជើង និង វៀត​កុង​ផង​។ ក្បួន​បាតុកម្ម​របស់​និស្សិត​រាប់ពាន់នាក់​លាយឡំ​ប្រជាជន​ដើរ​បាន​ដើ​ត​តម្រង់​ទៅកាន់​រដ្ឋសភាជាតិ ដោយ​ពួកគេ​ស្រែក​តាម​ចង្វាក់​ភាសា​ខ្មែរ បារាំង និង​អងគ្លេស​ថា «​បរាជ័យ​ពួក​វៀត​កុង វៀតណាម​ខាងជើង​», «​វៀត​កុង​ត្រូវ​ត្រលប់​ទៅ​ប្រទេស​ឯង​វិញ​ទៅ​»,«​កម្ពុជា​ពុំមែន​ជា​ទឹកដី​របស់​វៀត​មិញ​ទេ​!» ។ នៅ​ថ្ងៃ​ដដែល ពួក​បាតុករ​បាន​សម្តៅ​ទៅរក​ស្ថានទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម និង​ស្ថានទូត​របស់​រាជរដ្ឋាភិបាល​បដិវត្ត​ន៍បណ្តោះអាសន្ន​វៀតណាម​ខាងត្បូង​ដែរ ហើយ​រឿង​គួរ​ឲ្យ​រន្ធត់​គឺ​ក្រុមបាតុករ​វាយ​បំផ្លិចបំផ្លាញ​ស្ថានទូត​ទាំងពីរ​។​

​ព្រលឹម​ស្រាងៗ ថ្ងៃទី​១៦​ខែមីនា បាតុកម្ម​ដ៏​ធំ​សម្បើម​មួយទៀត​ត្រូវបាន​គេ​រៀបចំឡើង​នៅ​ពីមុខ​រដ្ឋសភាជាតិ  ដោយ​ចលនា​បាតុកម្ម​នេះ​បានស្នើ​សុំអោយ​អង្គការ​កំពូល​នីតិបញ្ញត្តិ​នេះ​ចោទប្រកាន់ ឥស្ស​រជន​ស៊ីវិល​និង​យោធា​មួយចំនួន​ដែល​សមគំនិត​ជាមួយ​ពួក​កុម្មុយនីស្ត​វៀតណាម​។

​ឈានដល់​មួយ​ថ្ងៃមុន​រដ្ឋប្រហារ ស្ថានភាព​ដែល​ធ្លាប់​វឹកវរ​នោះ​ស្រាប់តែ​បាន​ស្ងប់ស្ងាត់​ដូចជា​ធម្មតា ហាក់​ចម្លែក​ជាង​សព្វមួយដង​។ នាពេល​រាត្រី គេ​ឃើញ​ម​មាន​កងទ័ព​ល្បាត​ដោយមាន​រថក្រោះ រថពាសដែក​នៅតាម​ដង​ផ្លូវ​សំខាន់ៗ​មួយចំនួន​ផង​នាទី​ក្រុងភ្នំពេញ​។ តែ​គ្មាន​អ្នកណាម្នាក់​ទាយ​ដឹងថា កម្ពុជា​ត្រៀមខ្លួន​គាស់​រំលើង​របបរាជានិយម ចាប់យក​របប​សាធារណរដ្ឋ​ដោយមាន​អាមេរិក​ជា​ខ្នងបង្អែក​ឡើយ​។​

-១៨​មីនា អ​វ​សាន្ត​នៃ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​

​ទីបំផុត​ថ្ងៃ​ពុធ ទី​១៨ ខែមីនា បានមក​ដល់​។  ម៉ោង​៩​ព្រឹក សមាជិក​សភាជាតិ និង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ (​សម័យ​នោះ​) ស្រាប់តែ​ជួបប្រជុំគ្នា ស្របពេល​ស្ថានភាព​ជារួម​នៅ​ខាងក្រៅ​មាន​ភាពស្ងប់ស្ងាត់​ជាធម្មតា​។ ថ្វីបើ​នៅមុខ​សភា​ជិត​បរម​រាជ​វាំ​ស្ងប់ស្ងាត់​មែន បើ​ក្រឡេក​មើលទៅ​បរិវេណ​វត្ត​បទុម​វ​ត្តី និង សាលសន្និសីទ​ចតុមុខ នៅ​នៅ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុណ្ណោះ មានការ​ដាក់ពង្រាយ​ក​ង​ទ័ព​អោយ​ឈរជើង​ចំនួន ២​ទៅ​៣​កង​ដែរ​។ វា​ចម្លែក​ត្រង់​ថា ក្រុម​ប៉ូ​លិ​ស តម្រួត លម្អរ​ក្រុង​នោះ​ស្រាប់តែ​បាត់​មុខ​ទាំងស្រុង​ពី​ភ្នំពេញ​។​
 
​នៅ​ម៉ោង​ប្រហែល ១៖ ៣០​នាទី សភា​ទាំងពីរ​បានសម្រេច​បោះឆ្នោត​ធ្វើ​ការដក​មុខតំណែង​ពីស​ម្តេច សីហនុ ក្នុងឋានៈ​ជា​ព្រះប្រមុខរដ្ឋ​ជា​ឯក​ច្ឆ័​ន្ទ ខណៈដែល​សម្តេច​កំពុងស្ថិត​នៅឯ​បរទេស​នៅឡើយ​។​

​ក្រោយ​ទម្លាក់​សម្តេច សីហនុ តាមច្បាប់​ហើយ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ប្រកាស​បង្កើត​សាធារណរដ្ឋ​ខ្មែរ មា​ននិន្ននាកា​រងាក​ទៅរក​របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន ហើយ​ការផ្សាភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​រងទុក្ខវេទនា​កាន់តែខ្លាំង​ព្រោះ​គ្រាប់បែក​អាមេរិក​។ ៥​ឆ្នាំ​ក្រោយមក ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ របប​ដឹកនាំ​ស៊ី​រូង​ដោយ​អំពើពុករលួយ​និង​បក្សពួកនិយម ដោយ​ទទួលបាន​ជំនួយ​គ្រប់យ៉ាង​ពី​អាមេរិក បាន​ដួលរលំ​ខ្ចាត់ខ្ចាយ ហើយ​ចលនា​កុម្មុយនីស្ត​ប៉ុលពត ឡើងមក​កាន់កាប់​ប្រទេស​ជំនួស​វិញ​៕

​ឯកសារពិគ្រោះ៖
 
​ប្រវត្តិសាស្ត្រ​កម្ពុជា​ លោក វ៉ាន់ឌី​កា​អ៊ុន​
​រដ្ឋប្រហារ​លោក​សេនាប្រមុខ លន់ នល់ ដោយ លោក ឆាំង សុង​
 ប្រវត្តិសាស្ត្រ​កម្ពុជា David Chandler



Tag:
 លន់ នល់
  នរោត្តម សីហនុ
  ប៉ុល ពត
© រក្សាសិទ្ធិដោយ thmeythmey.com