ជាតិ
បទវិភាគ
សេដ្ឋកិច្ច
អ្នកជំនួញធំៗមិនគួរបោះទុនវិនិយោគតែក្នុងវិស័យដីធ្លីទេ តែគួរក្រឡេកមើលវិស័យកសិកម្ម!
× ភ្នំពេញ៖ រហូតមកដល់ពេលនេះ វិស័យសេវាកម្ម, វិស័យកសិកម្ម, វិស័យឧស្សហកម្ម, វិស័យសំណង់-អចលនទ្រព្យ, វិស័យហិរញ្ញវត្ថុ និងវិស័យទេសចរណ៍ គឺសរសទ្រូងនៃសេដ្ឋកិច្ចកម្ពុជាយ៉ាងសំខាន់។ នៅក្នុងវិស័យដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចទាំងអស់ខាងលើនេះ វិស័យកសិកម្ម គឺជាឆ្អឹងខ្នងកណ្តាលនៃសេដ្ឋកិច្ចជាតិទាំងមូលរបស់កម្ពុជា ព្រោះ វិស័យនេះបានរួមចំណែក២៥ភាគរយនៅក្នុងផលិតផលសរុបរបស់ព្រះរាជាណាចក្រ ហើយប្រជាពលរដ្ឋជាង៨០ភាគរយនៅតែពឹងផ្អែកលើវិស័យកសិកម្ម។ វិស័យនេះសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ចុះហេតុអ្វីបានជាអ្នកវិនិយោគធំៗមិនសូវចាប់អារម្មណ៍ ហើយពួកគេបែរជាបោះទុនច្រើនក្នុងវិស័យអចលនទ្រព្យទៅវិញ?
បើផ្អែកលើតួលេខមួយចំនួន, វិស័យសេវាកម្ម(៤៥%នៃផលិតផលសរុបក្នុងស្រុក) ឧស្សាហកម្ម(៣០%នៃផលិតផលសរុបក្នុងស្រុក) ពិតជាបានរួមចំណែកធំក្នុងសេដ្ឋកិច្ចកម្ពុជាមែន។ប៉ុន្តែ វិស័យកសិកម្ម ក៏ត្រូវបានគេមើលឃើញថា គឺជាវិស័យជន្ទុលនៃសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់មិនអាចជៀសបានដែរ ព្រោះថា ប្រជាពលរដ្ឋខ្មែរចំនួនជាង៨០ភាគរយនៅបន្តពឹងផ្អែក និងរស់ដោយសារវិស័យមួយនេះ។
បើផ្អែកលើតថភាពជាក់ស្តែង រហូតមកដល់ពេលនេះ មិនមែនមានន័យថា គ្មានអ្នកជំនួញវិនិយោគនៅក្នុងវិស័យនេះទេ។ តាមពិត មានហើយអ្នកជំនួញបោះទុនវិនិយោគក្នុងវិស័យនេះ ប៉ុន្តែ គ្រាន់តែចំនួនអ្នកវិនិយោគនៅក្នុងវិស័យនេះ នៅមានចំនួនតិចតួចនៅឡើយ។ ជាក់ស្តែង អ្នកជំនួញដ៏ល្បីល្បាញម្នាក់ឈ្មោះលោក ម៉ុង ឫទ្ធី ត្រូវបានគេមើលឃើញថា គឺជាអ្នកប្តូរផ្តាច់ជីវិតដើម្បីកសិកម្មខ្មែរ។ លោកចង់ប្រែក្លាយកសិកម្មបែបបុរាណរបស់ខ្មែរ ឲ្យក្លាយទៅជាកសិ-ពាណិជ្ជកម្ម ឬកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត មិនមែនមានតែលោកមួយរូបប៉ុណ្ណោះទេ ដែលបោះទុនវិនិយោគក្នុងវិស័យកសិកម្មនោះ តាមពិត អ្នកជំនួញដទៃទៀត ក៏បានបោះទុនដាំដំណាំកៅស៊ូ ដំណាំម្រេច ស្វាយចន្ទី។ល។ គួរកត់សម្គាល់ថា បំណងចង់ប្រែក្លាយពីកសិកម្មបែបធម្មជាតិ ឲ្យក្លាយទៅជាកសិ-ពាណិជ្ជកម្ម ឬកសិ-ឧស្សាហកម្ម មិនមែនជាក្តីសុបិន្តមួយយប់ឡើយ។ វាត្រូវការពេលវេលាយូរ និងភាពអំណត់ក្នុងរយៈពេលវែង។ ពេលវេលា និងភាពអំណត់ គឺជារឿងមួយ។ តែឧបសគ្គជាច្រើនបាន និងកំពុងកើតឡើងនៅក្នុងវិស័យនេះ ហើយវាបានរារាំងអ្នកជំនួញមួយចំនួនធំមិនចង់ឲ្យបោះទុននៅក្នុងវិស័យដ៏មានសក្តានុពលមួយនេះ។
កង្វះខាតហេដ្ឋារចសម្ព័ន្ធរឹង (បណ្តាញគមនាគមន៍-បណ្តាញធារាសាស្ត្រ) និងទុន (ប្រព័ន្ធអ៊ីនធឺណែត), កង្វះខាតអ្នកជំនាញកសិកម្ម, កង្វះខាតដើមទុន, ភាពយឺតយ៉ាវក្នុងការទទួលប្រាក់ចំណេញមកវិញ គឺជាហេតុផលចម្បងធំៗដែលបង្អាក់ការតាំងចិត្តរបស់អ្នកជំនួញឲ្យបោះទុនវិនិយោគក្នុងវិស័យកសិកម្ម។ ម្យ៉ាងទៀត តម្លៃដើមនៃការផលិតក្នុងវិស័យកសិកម្មខ្មែរខ្ពស់ជាងប្រទេសវៀតណាម និងថៃ។ បញ្ហានេះ ជំរុញមួយកម្រិតបន្ថែមទៀត ឲ្យអ្នកវិនិយោគដកខ្លួនចេញពីវិស័យនេះ។
បោះទុនច្រើន, ត្រូវការរយៈពេលយូរ, មិនរំពឹងលើប្រាក់ចំណេញច្រើន, ការគ្រប់គ្រងលំបាក ព្រោះខ្វះកម្មករ តើឲ្យអ្នកជំនួញបោះទុនសង្គ្រោះវិស័យកសិកម្មខ្មែរដូចម្តេចនឹងកើត? ជាលទ្ធផលអាក្រក់ ប្រទេសកម្ពុជានៅបន្តនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងដែលមានតម្លៃថោកជាង។ រីឯ ផលិតផលកសិកម្មដែលកម្ពុជាផលិតបានដោយខ្លួនឯង គឺភាគច្រើនមិនទាន់មានលទ្ធភាពកែច្នៃនៅក្នុងប្រទេសនៅឡើយទេ។ ហើយបើនាំចេញ ក៏នាំចេញផលិតផលទាំងនោះមិនទាន់កែច្នៃដែរ។ ចំណុចនេះ ធ្វើឲ្យកម្ពុជាបាត់បង់តម្លៃបន្ថែម មួយកម្រិតថែមទៀត។
ដោយសារតែការប្រឈមខ្លាំងក្នុងវិស័យកសិកម្មនោះ អ្នកជំនួញជនជាតិខ្មែរ និងបរទេសនាំគ្នាវិនិយោគយ៉ាងគំហុកក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិនិយោគក្នុងវិស័យអចលនទ្រព្យ អាចទទួលបានប្រាក់ចំណេញលឿន, ច្រើន និងមិនសូវជឿក្បាលដូចវិនិយោគក្នុងវិស័យកសិកម្មឡើយ។ គ្រាន់តែថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ មិនសូវបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចច្រើនដូចវិស័យកសិកម្ម។ ប្រាក់ចំណេញពីវិស័យអចលនទ្រព្យ គឺជាប្រាក់ចំណេញហូរចូលហោប៉ៅតែក្រុមអ្នកវិនិយោគមួយក្តាប់តូចប៉ុណ្ណោះ តែវាមិនសូវបាចសាចចូលក្នុងសសៃឈាមនៃសេដ្ឋកិច្ចជាតិទាំងមូលដូចវិស័យកសិកម្មឡើយ។ ងាកមកវិស័យកសិកម្មវិញ, វិយោគក្នុងកសិកម្ម ប្រឈមការលំបាក ត្រូវការពេលយូរ តែប្រសិនបើអ្នកវិនិយោគអាចធ្វើបាន សកម្មភាពនេះ ពិតជាអាចជួយបង្កើតការងារជូនពលរដ្ឋបានច្រើន, ជួយកាត់បន្ថយចលនាចំណាកស្រុក, ជួយកាត់បន្ថយការនាំចូលទំនិញកសិកម្មពីបរទេស។ល។
តើអ្វីទៅជាដំណោះស្រាយ?
នៅក្នុងទ្រឹស្តីសេដ្ឋកិច្ចទីផ្សារសេរី គេមិនអាចបង្ខំអ្នកវិនិយោគឲ្យបោះទុនលើវិស័យនេះ ឬលើវិស័យនោះបានឡើយ។ អ្វីៗវាអាស្រ័យលើការសម្រេចរបស់អ្នកវិនិយោគម្នាក់ៗ។ តែនៅក្នុងបរិបទនៃប្រទេសកម្ពុជា, ប្រសិនបើស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធសម្រេចចិត្តចង់ជួយលើកតម្កើងវិស័យកសិកម្មឲ្យរីកចម្រើនដូចប្រទេសជិតខាង, ដូច្នេះ រដ្ឋ និងវិស័យឯកជន គួរចាប់ផ្តើមចាក់បញ្ចូលទុនវិនិយោគនៅក្នុងវិស័យកសិកម្មឲ្យកាន់តែច្រើនជាងមុន បើទោះបីជាដឹងថា ការវិនិយោគក្នុងវិស័យនេះ មិនចំណេញភ្លាមៗ និងត្រូវការពេលវេលាយូរយ៉ាងណាក្តី។ តែអ្វីដែលគេប្រាកដ គឺថា កសិកម្ម គឺជាឆ្អឹងខ្នង និងជាជន្ទល់សេដ្ឋកិច្ចមិនអាចខ្វះបាន ជាពិសេស ក្នុងក្របខណ្ឌប្រទេសកម្ពុជា ដែលសេដ្ឋកិច្ចនៃវិស័យផ្សេងៗមិនទាន់រីកធំដូចប្រទេសអភិវឌ្ឍ។
ប្រសិនបើអ្នកជំនួញត្រៀមចាក់បញ្ចូលទុនក្នុងវិស័យកសិកម្ម តើរដ្ឋគួរជួយអ្នកជំនួញទាំងនោះនូវអ្វីខ្លះ? ជាចម្លើយ រដ្ឋគួរជំរុញការកសាងធារាសាស្ត្របន្ថែម គួរបញ្ចុះតម្លៃអគ្គីសនី ឬគួរជួយឧបត្ថម្ភធន (ក្នុងទម្រង់ដែលអាចធ្វើបាន) ជូនដល់អ្នកវិនិយោគក្នុងវិស័យកសិកម្ម ឬកសិករ។ ម្យ៉ាងវិញទៀត ការជួយពង្រីកទីផ្សារជូនអ្នកដាំ ឬអ្នកវិនិយោគ គឺជារឿងដែលត្រូវធ្វើជាចាំបាច់។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាប់អារម្មណ៍ទាក់ទាញការវិនិយោគបន្ថែមទៀតសម្រាប់វិស័យកសិកម្ម ជាពិសេសអ្នកមានធនធានក្នុងស្រុកដែលមានទុនច្រើនសម្រាប់ការបោះទុនក្នុងវិស័យកសិកម្មតែម្តង។
ជំហានដំបូងដែលអ្នកវិនិយោគអាចជួយវិស័យកសិកម្មបាន គឺការបង្កើតសិប្បកម្មកែច្នៃផលិផលកសិកម្មដែលមានស្រាប់ ដូចជា បង្កើតសិប្បកម្មកែច្នៃផ្លែក្រូចពោធិ៍សាត់ឲ្យទៅជាទឹកក្រូចកំប៉ុង, កែច្នៃផ្លែស្វាយ, ផ្លែស្វាយចន្ទី, ផ្លែចេក, ផ្លែមៀន។ល។ សព្វថ្ងៃនេះ ផលិតផលកសិកម្មមានច្រើនគួរសមណាស់ដែរ បើទោះបីជាបរិមាណនៃផលិតផលទាំងនោះ មិនទាន់មានចំនួនប្រាកដប្រជាក៏ដោយក្តី។ ប៉ុន្តែចំណុចឧបសគ្គរបស់កម្ពុជា គឺកង្វះសង្វាក់ផលិតកម្មកែច្នៃផលិតផលទាំងនោះ។ បើមិនកែច្នៃឲ្យទាន់ពេលវេលាទេនោះ ផលិតផលកសិកម្មទាំងនោះ ស្អុយរលួយចោលអស់។ កម្ពុជា ខ្វះសិប្បកម្ម ឬរោងចក្រកែច្នៃ។ ផលិតផលកសិកម្មខ្មែរ ដែលលក់ចេញទៅក្រៅប្រទេស ភាគច្រើន ជាផលិតផលមិនទាន់កែច្នៃ។ តើអាចទៅរួចទេ ប្រសិនបើគេជំរុញឲ្យអ្នកវិនិយោគអចលនទ្រព្យ ឲ្យចំណាយថវិការបស់ខ្លួនមួយចំណែកណាមួយនោះ មកជួយស្រោចស្រង់វិស័យកសិកម្មខ្មែរ?
ប្រសិនបើអ្នកវិនិយោគអចលនទ្រព្យ ឬអ្នកវិនិយោគដទៃទៀត ចាប់ផ្តើមគិតថា កសិកម្ម គឺអាយុជីវិតនៃសេដ្ឋកិច្ចកម្ពុជា ពេលនោះ វាលស្រែរខ្មែរលែងស្ថិតនៅទំនេរដោយគ្មានទឹក និងដីបែកក្រហែងទៀតហើយ។ ម្យ៉ាងទៀត ដើម្បីជំរុញវិស័យកសិកម្ម រដ្ឋាភិបាលគួរចាប់ផ្តើមពិនិត្យមើលឡើងវិញដីស្រែរដែលឈ្មួញទិញទុកលក់យកចំណេញ ដោយមិនធ្វើអ្វីទាំងអស់។ ដីដែលទិញហើយ អត់យកទៅធ្វើអ្វីសោះ តើរដ្ឋគួរយកពន្ធក្នុងកម្រិតខ្ពស់ឬទេ? ការយកពន្ធលើដីដែលទំនេរចោល ជំរុញឲ្យម្ចាស់ដីធ្វើសកម្មភាពសេដ្ឋកិច្ចអ្វីមួយ។ ហើយរូបមន្តនេះ គឺជាការជំរុញសកម្មភាពសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន ដែលនៅទីបញ្ចប់ វាជួយជំរុញសេដ្ឋកិច្ចថ្នាក់ជាតិទាំងមូល៕
© រក្សាសិទ្ធិដោយ thmeythmey.com