ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ចង់កែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យអ្នកផ្សេងអាចស្នងតំណែងនាយករដ្ឋមន្រ្តីដែលទំនេរស្ថាពរ
13, Mar 2019 , 9:27 am        
រូបភាព
សម្តេចនាយក ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
សម្តេចនាយក ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩



បើនាយករដ្ឋមន្រ្តី អវត្តមានម្តងម្កាល ដូចជានាយករដ្ឋមន្រ្តី ទៅក្រៅប្រទេសជាដើម នាយករដ្ឋមន្រ្តី អាចតែងតាំងឥស្សរជនណាម្នាក់ ឲ្យឡើងធ្វើជានាយករដ្ឋមន្រ្តីស្តីទីមួយរយៈ។ នេះជាការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា។ 

ប៉ុន្តែ រដ្ឋធម្មនុញ្ញ បានចែងថា បើតំណែងនាយករដ្ឋមន្រ្តី នៅទំនេរជាស្ថាពរ (ករណីនាយករដ្ឋមន្រ្តីស្លាប់) រដ្ឋាភិបាលទាំងមូល ត្រូវរលាយតែម្តង ហើយគ្មានរដ្ឋមន្រ្តីណាម្នាក់ អាចឡើងជានាយករដ្ឋមន្ត្រីស្តីទីបានទេ។ ក្នុងកាលៈទេសៈនេះ រដ្ឋសភា ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថ្មីឡើងវិញ។

មាត្រា១២៥នៃរដ្ឋធម្មនុញ្ញ បានចែងបែបនេះថា៖«បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន»។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញបំណងចង់កែរដ្ឋធម្មនុញ្ញា ត្រង់មាត្រា១២៥នេះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ប្រមខុរដ្ឋាភិបាល ថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំកំពុងគិតគូរថា កែឬមិនកែ»។

សំឡេងសម្តេចនាយក



យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល ពុំបានបានបញ្ជាក់ទេ ថាចង់កែឬបន្ថែមខ្លឹមសារយ៉ាងដូចម្តេចក្នុងមាត្រានេះ។ ប៉ុន្តែ បំណងរបស់មេដឹកនាំរូបនេះ ទំនងជាចង់ដោះស្រាយកុំឲ្យមានការជាប់គាំងរឿងតំណែងនាយករដ្ឋមន្រ្តី ដោយអាចឲ្យអ្នកណាផ្សេង ឡើងធ្វើជានាយករដ្ឋមន្រ្តីថ្មីបាន ពេលនាយករដ្ឋមន្រ្តីចាស់ បាត់បង់ជីវិតដោយប្រការណាមួយ៕

 

Tag:
 ហ៊ុន សែន​
  រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com