កីឡាអន្តរជាតិ
អន្តរជាតិ
សល់១ប្រកួតក្នុងដៃរបស់ Man City ជាការដាក់សម្ពាធ Arsenal ក្នុងការប្រជែង EPL
11, May 2024 , 9:38 am        
រូបភាព
ក្របខណ្ឌ Premier League នៅមិនទាន់រកឃើញម្ចាស់ជើងឯកនៅឡើយមកដល់ពេលនេះ បន្ទាប់ពីក្រុមចំនួន ២ រួមមាន Arsenal និង Manchester City ប្រដេញពិន្ទុគ្នាប្រកិត។ Man City ចំណេញ១ប្រកួតក្នុងដៃ មានប្រៀបលើការដាក់សម្ពាធក្រុមកំពូលតារាង Arsenal សម្រាប់ការប្រជែងពាន ដែលខិតបញ្ចប់រដូវកាល។



ម្ចាស់ការពារតំណែងជើងឯក Manchester City ក្នុងសប្តាហ៍នេះ នឹងបន្តដំណើរប្រជែងពិន្ទុនៅលីគកំពូលអង់គ្លេស ដោយត្រូវប៉ះ Fulham ក្នុងជំនួបសប្តាហ៍ទី៣៦ នាថ្ងៃទី១១ ខែឧសភា។ កាលពីខែមេសា ការប្រកួត ៣លើក ចុងក្រោយ ស្ថិតក្នុងលីគកំពូលអង់គ្លេស Man City បានយកឈ្នះលើក្រុម Wolverhampton Wanderers, Nottingham Forest និង Brighton & Hove Albion ដើម្បីរកពិន្ទុប្រដេញតាមទាន់ Arsenal ដែលនាំមុខដាច់កំពូលតារាង ដល់ទៅ ៤ពិន្ទុ។
 
Man City មាន៨២ពិន្ទុ ពីការប្រកួត៣៥លើក តាមពីក្រោយក្រុមកំពូលតារាង Arsenal ដែលប្រកួត៣៦លើក ចំនួន១ពិន្ទុ។ សប្តាហ៍នេះ Arsenal ត្រូវជួបក្រុម Man United សម្រាប់ការប្រកួតទី៣៧របស់ពួកគេ ដោយរំពឹងថានឹងទទួលបាន៣ពិន្ទុ ដើម្បីរក្សាតំណែងកំពូលតារាងដល់ការប្រកួតចុងក្រោយ។
 
មូលហេតុដែល Arsenal របូតឱកាសនាំមុខដាច់កំពូលតារាង ព្រោះតែពួកគេបានភ្លាត់ស្នៀតចាញ់ការប្រកួតក្រោមថ្វីជើង Aston Villa មុនពេលក្រុម Man City បានបំបាក់ក្រុម Luton Town លទ្ធផល ៥-១ ដើម្បីឡើងឈរតំណែងកំពូលតារាង។ ក្រុមរហស្សនាមកាំភ្លើងធំ ដណ្តើមបានតំណែងកំពូលតារាងឡើងវិញ នៅពេលដែល Man City ជាប់ភារកិច្ចក្នុងពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក៏ធ្វើឱ្យ Man City ខកខាន ១ប្រកួត។
 
ទាំង Arsenal និង City ត្រូវការឈ្នះការប្រកួតក្នុងសប្តាហ៍នេះដូចគ្នា ដើម្បីរុញច្រានការស្វែងរកជើងឯក Premier League ទៅកាន់សប្តាហ៍បន្ទាប់ទៀត។ Man City បន្ទាប់ពីប៉ះ Fulham រួច ពួកគេ នឹងត្រូវបន្តជួបក្រុម Tottenham Hotspur ដែលជាជំនួបសំខាន់បំផុតដែលនឹងត្រូវកាត់សេចក្តីថាក្រុមណានឹងក្លាយជាជើងឯកលីគកំពូលអង់គ្លេស។ 



Man City សល់ ៣ប្រកួតក្នុងដៃ ទាមទារការឈ្នះរាល់ការប្រកួត ដើម្បីធានាបានថាពួកគេនឹងក្លាយជាក្រុមជើងឯក ​Premier League ៤ រដូវកាលជាប់គ្នា។ សម្រាប់ក្រុមរហស្សនាមមេឃខៀវ ទៅលើការប្រជែងពាននេះគ្មានអ្វីថ្មីសម្រាប់ពួកគេឡើយ ព្រោះថារាល់ពេលចុងរដូវកាលម្តងៗ ពួកគេតែងតែបញ្ចេញពីបច្ចេកទេសលេង និងសមត្ថភាពដ៏ខ្លាំងប្រៀបបាននឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រអ៊ីចឹង រាល់ការប្រកួតនីមួយៗ ដើម្បីសម្រេចគោលដៅពួកគេដែលគ្រោងទុក។ 
 
ទោះ Arsenal ឈ្នះ ២ប្រកួតចុងក្រោយដែលពួកគេនៅសល់ ហើយ Man City រកបាន ៩ពិន្ទុ ពេញពីការប្រកួតទាំង ៣ ដែលនៅសល់ដូចគ្នា​ នោះក្រុមដឹកនាំដោយលោក Mikel Arteta ក៏គ្មានឱកាសនឹងលើកពាន Premier League ដែរ។ រឿងដែល Arsenal ត្រូវការចាំបាច់បំផុតនោះគឺក្រុម Man City ចាញ់ ឬស្មើ ការប្រកួតណាមួយដែលនៅសល់ទាំង ៣ របស់ពួកគេ។
 
ពឹងទៅលើ Fulham ក្នុងការបញ្ឈប់ Man City ក៏មិនមែនជារឿងដ៏ងាយស្រួលឡើយ ព្រោះថាការជួបគ្នា ៧លើកចុងក្រោយដែល Fulham ប៉ះ Man City នៅក្របខណ្ឌ Premier League គឺពួកគេរកបានត្រឹមតែជ័យជម្នះ ១លើកប៉ុណ្ណោះ។ 
 
Arsenal ត្រូវធ្វើដំណើរទៅកាន់ក្លិបជួបបញ្ហារបួសស្ទើរពេញមួយរដូវកាល Man United ដើម្បីស្វែងរកពិន្ទុដ៏សំខាន់របស់ខ្លួន។ ប៉ុន្តែ Man United ដែលទើបចាញ់ការប្រកួតក្រោមថ្វីជើង Crystal Palace លទ្ធផល ៤-០ កាលពីសប្តាហ៍មុន ក៏កំពុងតែត្រូវការពិន្ទុខ្លាំងដូចគ្នា ក្នុងការស្វែងរកឱកាសកៅអីលេងក្នុងពានរង្វាន់អឺរ៉ុប។ ជំនួបរវាង Arsenal ទល់ម្ចាស់ផ្ទះ Man United នឹងមិនមែនជាការប្រកួតដែលងាយស្រួលប៉ុន្មានឡើយ។
 
ខណៈដែលផ្តោតទៅលើការប្រជែងពានសម្រាប់ក្រុមកំពូលតារាង ការប្រជែងដើម្បីគេចចេញពីតំបន់កាត់ចោល ក៏មានភាពក្តៅកគុកដូចគ្នា។ ក្រុមលេខ១៩ Burnley នឹងធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ជាមួយ Sheffield United បើសិនពួកគេប្រកួតចាញ់ Spurs ក្នុងសប្តាហ៍នេះ។
 
ក្រុម Luton Town ស្ថិតនៅចំណាត់ថ្នាក់លេខ ១៨ ក៏កំពុងតែប្រឈមមុខនឹងការធ្លាក់ចេញដូចគ្នា ប្រសិនបើពួកគេចាញ់ West Ham United ក្នុងសប្តាហ៍នេះ។ Luton Town មាន២៦ពិន្ទុ ត្រូវការពិន្ទុខ្លាំង ដើម្បីគេចចេញពីតំបន់កាត់ចោល ខណៈក្រុមនៅចំណាត់ថ្នាក់លេខ ១៧ Nottingham Forest អាចនឹងត្រូវធ្លាក់ដូចគ្នាបើពួកគេធ្វើមិនបានល្អ ហើយចាញ់ Chelsea បន្តទៀតក្នុងសប្តាហ៍ជាមួយគ្នានេះ។
 
Luton Town រំពឹងខ្លាំងនៅ ២ប្រកួត ចុងក្រោយ ខណៈពួកគេមានគម្លាតពិន្ទុពីក្រុម Nottingham Forest ចំនួន ៣ពិន្ទុ ហើយនៅសល់ ២ប្រកួតដូចគ្នា៕

Tag:
 Manchester City
  Arsenal
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com