ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឱ្យអាណាព្យាបាល ពង្រឹងការអប់រំសីលធម៌កូន ក្នុងសម័យបច្ចេកវិទ្យា
11, May 2024 , 3:09 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យគ្រួសារ និងសហគមន៍ ពង្រឹងការអប់រំផ្នែកសីលធម៌ដល់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ នាសម័យសកលភាវូបនីយកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ។



តាមរយៈសារលិខិតអបអរទិវាស្តីពីគ្រួសា ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៥ ឧសភា ខាងមុខនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រួសារ គឺកោសិកាមួយដ៏សំខាន់សម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃសេដ្ឋកិច្ច លើកតម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
 
ទន្ទឹមនេះ ជីដូន ជីតា ឪពុក អ្នកម្ដាយ និងបងប្រុស បងស្រីទាំងអស់ មានតួរនាទីយ៉ាងសំខាន់ ក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូនចៅ ឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ សម្រាប់សហគមន៍ និងសង្គមជាតិ។ ការអប់រំចេញពីគ្រួសារនេះហើយ បានរួមចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សា និងលើកស្ទួយវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ ដោយប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ ការសន្តោសប្រណី និងការគោរពច្បាប់ ជាដើម។ 
 
ក្នុងឱកាសទិវាស្តីពីគ្រួសារនៅកម្ពុជា ខាងមុខនេះ សម្ដេច​ ហ៊ុន ម៉ាណែត បាន​អំពាវនាវឱ្យគ្រួសារ និងសហគមន៍នីមួយៗ បន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ឱ្យបានល្អ តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញ វិជ្ជាជីវៈផ្សេងៗ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បន្តសុំឱ្យព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបង្រៀន ជួយផ្ដល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដូចទស្សនៈលើកឡើងថា « មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ »។
 
សម្ដេច ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តឱ្យផ្សព្វផ្សាយរដ្ឋ និងឯកជន ផលិតមាតិកា អំពីតួនាទីរបស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មាន កូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរនិង ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែង ស៊ីសង និងអំពើអបាយមុខផ្សេងៗទៀត។ 
 
ចំណែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការ ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ អំពីគុណតម្លៃគ្រួសារ។ 
 
ជាមួយគ្នានេះ បណ្តាក្រសួង ស្ថាប័នរាជធានី-ខេត្ត ត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច ក្នុងការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែលរដ្ឋាភិបាលបានដាក់ចេញ។ 
 
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា​ បានប្រារព្ធទិវាស្ដីពីគ្រួសារ ចាប់តែពីឆ្នាំ២០០៥មក ក្នុងគោលបំណងលើកកម្ពស់ការយល់ ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារផ្ទាល់និងសង្គមជាតិ ស្របតាម គោលនយោបាយជាតិនិងសកល ដោយផ្តោតអាទិភាពជាចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាឱ្យបាននូវ សុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជានាពេលបច្ចុប្បន្ន និងការឈានឆ្ពោះទៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលជាចក្ខុវិស័យដ៏មុតស្រួច៕  

Tag:
 សម្ដេច ហ៊ុន ម៉ាណែត
  សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com