ជាតិ
អ្នកនាំពាក្យកសិកម្ម អំពាវនាវពលរដ្ឋទៅទស្សនាសួនសត្វភ្នំតាម៉ៅ ដើម្បីគាំទ្រការងារសង្រ្គោះសត្វព្រៃ
12, May 2024 , 9:09 pm        
រូបភាព
រូបភាព៖ គោព្រៃ - Kouprey Express
រូបភាព៖ គោព្រៃ - Kouprey Express
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានអំពាវនាវឱ្យសាធារណជននាំគ្នាទៅទស្សនាឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដើម្បីចូលរួមគាំទ្រដល់កិច្ចការងារសង្រ្គោះសត្វព្រៃ។



តាមរយៈបទសម្ភាសជាមួយអ្នកសារព័ត៌មាន នៅពិធីថ្វាយដំរីមួយគូ របស់ប្រធានរដ្ឋឡាវ ដល់ព្រះមហាក្សត្រកម្ពុជា នៅសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១២ ឧសភា កញ្ញា អ៊ឹម រចនា បានលើកឡើងថា​ គោលដៅនៃការបង្កើតឧទ្យានសួនសត្វភ្នំតាម៉ៅ គឺដើម្បីជួយសត្វព្រៃដែលរងគ្រោះ ឬរងបួសឱ្យទទួលបានការព្យាបាល និងថែទាំ មុនលែងចូលព្រៃធម្មជាតិវិញ។
 
យ៉ាងណា អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កិច្ចការងារសង្រ្គោះសត្វព្រៃនេះ កំពុងជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការចូលរួមពីពលរដ្ឋ និងសប្បុរសជនបន្ថែមទៀត តាមរយៈការជាវសំបុត្រចូលទស្សនា និងបរិច្ចាគជាថវិការគាំទ្រ​ ជាថ្នូរនៃការអាណិតអាសូរសត្វ​ព្រៃ។ 
 
កញ្ញា អ៊ឹម រចនា ថ្លែងបែបនេះថា៖«ការយកចិត្តទុកដាក់ និងអាណិតអាសូររបស់បងប្អូន ចំពោះសត្វក្នុងឧទ្យាននេះ គឺជារឿងមួយដ៏ល្អ។ ក្រៅពីនោះ ខ្ញុំសូមបញ្ជូនសារទៅកាន់សារធារណជនថា ឧទ្យានសួនសត្វភ្នំតាម៉ៅ កំពុងតែជួបប្រទះនូវបញ្ហាខ្វះខាតមួយចំនួន ពាក់ព័ន្ធនឹងការព្យាបាលសត្វព្រៃ ដូច្នេះ ការចូលរួមរបស់បងប្អូន តាមរយៈការទិញសំបុត្រចូលទស្សនា គឺជាការរួមចំណែកដ៏សំខាន់ ដើម្បីឱ្យឧទ្យានមាននិរន្តរភាព អាចមានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីព្យាបាលសត្វព្រៃដែលកំពុងរងគ្រោះ»។ 



ក្រៅពីបញ្ហាបសុសត្វ ឧទ្យានមួយនេះ ក៏នៅមានខ្វះខាតចំណីសម្រាប់សត្វដែរ ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីផ្គត់ផ្គង់ចំណីដល់សត្វ ដែលកំពុងមានវត្តមាននៅក្នុងសួនសត្វដ៏ធំមួយនេះ។ កញ្ញា អ៊ឹម​ រចនា បន្ថែមដូច្នេះថា៖« យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីផ្គត់ផ្គង់ចំណីដល់សត្វ ដែលកំពុងមានវត្តមាននៅទីនេះ។ ប៉ុន្តែ ប្រសិន បើមានសាធារណជនមានចិត្តសប្បុរស​ ហើយគិតថា ការជួយសង្រ្គោះសត្វគឺជាបុណ្យមួយ លោកអាចបរិច្ចាគ ឬអញ្ជើញមកទស្សនាផ្ទាល់ ដែលនេះគឺជាការចូលរួមដ៏ធំធាងផងដែរ»។ 
 
សព្វថ្ងៃ ឧទ្យានសួនសត្វភ្នំតាម៉ៅ មានសត្វព្រៃប្រមាណ៣ពាន់ក្បាល និង១១៦ប្រភេទ ដែលភាគច្រើនជាសត្វដែល ត្រូវបានជួយសង្រ្គោះពីការជួបអន្ទាក់ តាមព្រៃធម្មជាតិនានា។ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២៤ មានសត្វព្រៃជាង១ម៉ឺនក្បាល ដែលត្រូវបានជួយសង្រ្គោះ និងលែងចូលព្រៃធម្មជាតិវិញ។ ចំណែក សត្វព្រៃដែលទទួលបានការព្យាបាលហើយ ហើយវាពិបាកបន្សំខ្លួន ឬគ្មានលទ្ធរស់តាមធម្មជាតិ នឹងត្រូវបានគេបន្តថែរក្សាពួកវានៅឧទ្យានដដែល ដើម្បីទុកឱ្យភ្ញៀវទេសចរទស្សនា។ 
 
យោងតាមព្រះរាជក្រឹត្យ ការបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»នេះ ក្នុងគោលដំណងអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ,ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រជិតផុតពូជ។ 
 
មិនតែប៉ុណ្ណោះ ឧទ្យាននេះ នឹងជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ។ បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់។ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។  
 
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យ។
 
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា ៣តំបន់ ដោយ ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ហិកតា។   
 
ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតា និងទី៣ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។
 
ព្រះរាជក្រឹត្យដដែល បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ហើយត្រូវរៀបចំផែនការ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕ 

Tag:
 ក្រសួងកសិកម្ម
  អ៊ឹម រចនា
  សួនសត្វភ្នំតាម៉ៅ
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com