អន្តរជាតិ
លោក ពូទីន ដាក់ទីប្រឹក្សាសេដ្ឋកិច្ច ជារដ្ឋមន្រ្តីការពារជាតិថ្មី
13, May 2024 , 2:39 pm        
រូបភាព
លោកSergei Shoigu រដ្ឋមន្រ្តីការពារជាតិ (ឆ្វេង) ចាប់ដៃជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងថ្ងៃទី៩ ខែឧសភា។ រូបភាព AFP
លោកSergei Shoigu រដ្ឋមន្រ្តីការពារជាតិ (ឆ្វេង) ចាប់ដៃជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងថ្ងៃទី៩ ខែឧសភា។ រូបភាព AFP
នៅក្នុងរដ្ឋាភិបាលរុស្ស៊ីថ្មី លោកSergei Shoigu នឹងលែងកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិរុស្ស៊ីទៀតហើយ ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានស្នើដាក់លោក Andrey Belousov អតីតឧបនាយករដ្ឋមន្រ្តី ជំនួសវិញ។ លោក Shoigu បានកាន់តំណែងជាប្រមុខការពារជាតិរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១២។

 
បន្ទាប់ពីចូលកាន់តំណែងប្រធានាធិបតីនៅក្នុងអាណត្តិថ្មី លោកវ្ល៉ាឌីមៀ ពូទីន បានស្នើដោះដូរតំណែងរដ្ឋមន្រ្តីការពារជាតិ ដែលលោក Sergei Shoigu បានកាន់ចាប់តាំងពីឆ្នាំ២០១២ មក។ លោក Shoigu នឹងផ្លាស់ប្តូរទៅកាន់តំណែងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ ខណៈលោក Andrey Belousov អតីតឧបនាយករដ្ឋមន្រ្តី និងមានជំនាញផ្នែកសេដ្ឋកិច្ច នឹងកាន់តំណែងជាប្រមុខការពារជាតិ។ នេះបើតាមបញ្ជីឈ្មោះតែងតាំងបេក្ខជនរដ្ឋមន្រ្តី ដែលចេញផ្សាយដោយព្រឹទ្ធសភារុស្ស៊ី។ 
 
ទន្ទឹមនេះ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ អ្នកការទូតរុស្ស៊ីមានបទពិសោធនជាច្រើនឆ្នាំ នៅតែបន្តកាន់តំណែងជារដ្ឋមន្រ្តីការបរទេសដដែល។ សំណើតែងតាំងនេះ នឹងត្រូវសភាអនុម័តក្នុងពេលឆាប់ៗខាងមុខ។ លោកពូទីន នៅថ្ងៃទី១០ ខែឧសភា ទើបតែតែងតាំងលោក  Mikhail Mishustin​ ជាប្រមុខរដ្ឋាភិបាលជាថ្មី។ 
 
«ការសម្រេចតែងតាំងលោក Andrey Belousov ជាប្រមុខការពារជាតិ គឺពាក់ព័ន្ធនឹងតម្រូវការរៀបចំផ្នែកសេដ្ឋកិច្ចលើវិស័យសន្តិសុខ ដែលសំខាន់សម្រាប់រុស្ស៊ី»។ ទីភ្នាក់ងារព័ត៌មាន Tass បានស្រង់សម្តីលោកDmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំងបែបនេះ នៅថ្ងៃទី១៣ ខែឧសភា។ បើតាមលោក Peskov ក្រសួងការពារជាតិ ចាំបាច់ត្រូវមាននវានុវត្តន៍ និងគំនិតថ្មីៗ។ 
 
លោក Belousov មិនធ្លាប់មានបទពិសោធន៍ផ្នែកយោធាឡើយ ប៉ុន្តែលោកជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចដ៏មានឥទ្ធិពលម្នាក់សម្រាប់លោកពូទីន។ ទោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងការពារជាតិស្របពេលសង្រ្គាមនៅអ៊ុយក្រែនកំពុងអូសបន្លាយក្តី ប៉ុន្តែលោកPeskov បានបញ្ជាក់ថា វាមិនរងផលប៉ះពាល់ឡើយ ដោយសារលោក Valery Gerasimov អគ្គសេនាធិការ ជាអ្នកក្តាប់ការងារទ័ព។ 
 
លោកBelousov ដែលមានវ័យ ៦៥ឆ្នាំ បានកាន់តំណែងនៅក្នុងនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃការិយាល័យនាយករដ្ឋមន្រ្តី និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ២០១៣ មក លោកត្រូវបានតែងជាទីប្រឹក្សារបស់លោកពូទីន មុននឹងក្លាយជាឧបនាយករដ្ឋមន្រ្តីនៅក្នុងខែមករា ឆ្នាំ២០២០។ 
 
មន្រ្តីវិមានក្រេមឡាំងរូបនេះ បានបន្តពន្យល់ថា ការដោះដូរតំណែងលោក Shoigu ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ គឺដើម្បីអាចឱ្យលោកត្រួតពិនិត្យលើឧស្សាហកម្មពាក់ព័ន្ធបច្ចេកទេសអាវុធ។ មិនតែប៉ុណ្ណោះ លោក Shoigu ក៏ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការឧស្សាហកម្មយោធាផងដែរ។ ក្នុងពេលបច្ចុប្បន្នលោកពូទីនជាប្រធានគណៈកម្មការមួយនេះ ខណៈលោក Dmitry Medvedev អតីតប្រធានាធិបតី ជាអនុប្រធានទីមួយ។ 
 
ចំណែកលោក Nikolai Patrushev ដែលធ្លាប់ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ នឹងផ្លាស់ទៅតំណែងផ្សេងទៀត ដែលនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខ។
 
ការផ្លាស់ប្តូរតួនាទីរដ្ឋមន្រ្តីការពារជាតិ ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយជាង ២ឆ្នាំហើយ ដោយហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនជាច្រើនត្រូវបានបំផ្លាញ។ ទន្ទឹមនេះ សេដ្ឋកិច្ចរុស្ស៊ី ត្រូវបានប្រទេសលោកខាងលិច ហ៊ុមព័ទ្ធដោយទណ្ឌកម្មជាច្រើនទាំងការដឹកជញ្ជូន ពាណិជ្ជកម្ម និងធនាគារ៕ 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com