កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប St Pauli ឈ្នះសំបុត្រវិលទៅ Bundesliga វិញ ក្រោយរង់ចាំ ១៣ឆ្នាំ
13, May 2024 , 8:19 pm        
រូបភាព
ក្លិប St Pauli ស្ថិតនៅលីគលំដាប់ទីពីររបស់ប្រទេសអាល្លឺម៉ង់ បានឈ្នះសំបុត្រវិលត្រឡប់កាន់លីគកំពូល Bundesliga លើកដំបូងក្នុងរយៈពេល ១៣ឆ្នាំ។ ឡើងទៅលីគកំពូល ក្រោយ St Pauli ឈ្នះ Osnabrueck លទ្ធផល ៣-១ ដើម្បីឈរកំពូលតារាង Bundesliga 2។



ក្លិបមានទីតាំងស្ថិតក្នុងទីក្រុង Hamburg ដែលបានបង្កើតប្រវត្តិសាស្ត្រជាថ្មី វិលត្រឡប់ទៅកាន់ក្របខណ្ឌ Bundesliga និងការឈ្នះតំណែងកំពូលតារាង លើកដំបូងដូចគ្នា បានធ្វើឱ្យក្រុមគូប្រជែងស្ថិតក្នុងទីក្រុងតែមួយ Hamburg SV រងភាពអាម៉ាស់ដែលពួកគេមិនអាចសម្រេចបំណងបានក្នុងរដូវកាលនេះ។ Hamburg SV ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងលីគ Bundesliga 2 ធ្លាប់បានឈ្នះកៅអីទៅលេង Bundesliga ចំនួន​ ៦លើក។
 
ខណៈការប្រកួតនៅសល់ ១សប្តាហ៍ចុងក្រោយ ក្លិប St Pauli ឈរនៅកំពូលតារាងមាន ៦៦ពិន្ទុ ឈរពីលើក្រុមលេខ ២ Holstein Kiel មានគម្លាតត្រឹមតែ ១ពិន្ទុ និង ៦ពិន្ទុ ពីក្រុមលេខ ៣ Fortuna Duesseldorf។ ក្រុម Hamburg SV ដែលខកចិត្ត ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ អស់ឱកាសព្រោះមានកម្លាតដល់ ៥ពិន្ទុពីក្រុមលេខ ៣។



សម្រាប់លីគលំដាប់ទីពីរ ក្លិបកំពូលតារាងចំនួន ២ នឹងត្រូវឈ្នះសំបុត្រទៅកាន់លីគកំពូល Bundesliga ដោយស្វ័យប្រវត្តិ។ ចំណែកក្រុមទីលេខ ៣ នឹងត្រូវប្រជែងវគ្គ Playoffs ទល់នឹងក្រុមចំណាត់ថ្នាក់លេខ ១៦ មកពី Bundesliga។
 
ដោយឡែកសម្រាប់ក្លិប St Pauli ដែលត្រូវលេងនៅលីគកំពូលរដូវកាលក្រោយវិញ ពួកគេត្រូវបានគេស្គាល់ច្រើនថាជាក្លិបមួយដែលមានអ្នកគាំទ្រដ៏ស្មោះស្មាក់ និងអស្ចារ្យមួយប្រចាំប្រទេសអាល្លឺម៉ង់។ ភាគច្រើនអ្នកគាំទ្ររបស់ក្លិប St Pauli ទៀតសោតក៏ជាមូលដ្ឋានសុទ្ធសឹងតែជាអ្នកគាំទ្រឆ្វេងនិយម ក៏ដូចជាសម្រាប់គម្រោងសង្គមរបស់ពួកគេនៅក្នុងសហគមន៍ផងដែរ។
 
រឿងដែលចាប់អារម្មណ៍បន្ថែមទៀត គឺអ្នកគាំទ្ររបស់ក្លិប St Pauli តែងធ្វើការងារសង្គម ក៏ដូចជារូបភាពអំពាវនាវផ្សេងៗទាក់ទងទៅនឹងបញ្ហាសង្គម ក្នុងនោះក៏រួមមានការគាំទ្រ និងជួយជនភៀសខ្លួន និងជនជាតិភាគតិច​​។ លើសពីនេះក្លិប បានសហការជាមួយនឹងអ្នកគាំទ្របង្កើតការយល់ដឹងពីបញ្ហាបរិស្ថាន ជាដើម៕
 

Tag:
 (St Pauli
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com