កីឡាអន្តរជាតិ
អន្តរជាតិ
Giroud ចេញពី AC Milan ទៅក្រុមអាម៉េរិក LAFC ដោយគ្មានតម្លៃខ្លួន
15, May 2024 , 2:38 pm        
រូបភាព
ខ្សែប្រយុទ្ធបារាំង Olivier Giroud បានសម្រេចផ្ទេរទៅកាន់ក្រុម Los Angeles FC នៃលីកំពូលអាម៉េរិក (MLS) បន្ទាប់ពីផុតកិច្ចសន្យាជាមួយ AC Milan ក្រោយរួមរស់រយៈពេល ៣ឆ្នាំ។ ម្ចាស់ពាន World Cup 2018 នឹងចូលរួមជាមួយក្រុម LAFC នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ ២០២៥។



Giroud វ័យ ៣៧ឆ្នាំ នឹងទៅចូលរួមជាមួយអតីតប្រធានក្រុមជម្រើសជាតិបារាំង អ្នកចាំទី Hugo Lloris ដែលបានចូលរួមក្រុម LAFC កាលពីដើមរដូវកាល ២០២៤។ បើតាមសម្តីអ្នកចាត់ការក្រុម LAFC លោក John Thorrington ក្លិបស្ថិតក្នុងលីគ MLS មានបំណងចង់បានខ្សែប្រយុទ្ធសញ្ជាតិបារាំង​តាំងពីរដូវកាលមុនមកម្ល៉េះ។ យ៉ាងណាក្លិប LAFC ម្ចាស់ពាន ​MLS Cup ឆ្នាំ ២០២២ និងជើងឯករងឆ្នាំ ២០២៣ បែរជាសម្រេចចិត្តរង់ចាំ Giroud រហូតដល់គេផុតកិច្ចសន្យាជាមួយ AC Milan ក្នុងរដូវកាលនេះ។
 
បើតាមប្រភពពីក្លិប LAFC ប្រាប់ទូរទស្សន៍ ESPN កីឡាករវ័យ ៣៧ឆ្នាំ មានកុងត្រារយៈពេល ១រដូវកាល ដោយទទួលបានប្រាក់ថ្លៃពលកម្មចំនួន ៣លានអឺរ៉ូ (៣,២លានដុល្លារ)។ Giroud ដែលជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមជម្រើសជាតិបារាំង សម្រេចចិត្តផ្លាស់មកកាន់ក្រុម LAFC ក្រោយជួយក្រុម AC Milan ឈ្នះពានលីគ Serie A ក្នុងឆ្នាំ ២០២២។ 
 
រដូវកាល ២០២៣-២៤ Giroud បានជួយរកគ្រាប់បាល់ ១៣គ្រាប់ ជាមួយការបញ្ជូនបាល់ ៨លើក ក្នុងការបង្ហាញខ្លួន ៣០លើកក្នុងលីគ Serie A។ សម្រាប់ការផ្លាស់ទៅកាន់ក្លិប LAFC ខ្សែប្រយុទ្ធសញ្ជាតិបារាំង ថារូបគេរីករាយចំពោះឱកាសបន្តនៅក្នុងលីគ MLS។
 
«អាជីពរបស់ខ្ញុំនឹងបន្តនៅក្នុងលីគ MLS។ ខ្ញុំពិតជាមានមោទកភាពចំពោះរឿងគ្រប់យ៉ាង ខ្ញុំបានធ្វើការងាររួចរាល់នៅ AC Milan រយៈពេល ៣រដូវកាល​ ​[…] រឿងរ៉ាវជាមួយ Milan បានបញ្ចប់ឆ្នាំនេះ។ ប៉ុន្តែ Milan ក៏នឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។»។ ​Giroud បាននិយាយបែបនេះមុនការប្រកួតចំនួន ២លើក ដែលនៅសល់ក្នុងក្របខណ្ឌ Serie A។
 
Giroud នឹងធ្វើដំណើរទៅកាន់ប្រទេសអាម៉េរិក ក្រោយពេលដែលព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់បញ្ចប់៕

Tag:
 Olivier Giroud
  Los Angeles FC
© រក្សាសិទ្ធិដោយ thmeythmey.com