ជាតិ
សិល្បះ
ដេញថ្លៃសិល្បៈសប្បុរសធម៌៖ មហាជនជាក្តីសង្ឃឹម សម្រាប់ជីវិត ឆាលី
18, May 2024 , 3:59 pm        
រូបភាព
ភ្នំពេញ៖ កម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌ និងការបង្ហាញម៉ូត នឹងចាប់ផ្ដើមនៅវេលាម៉ោង៥ល្ងាច  នៅ Factory Phnom Penh នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រមូលថវិកា យកទៅជួយកុមារ ឆាលី ដែលកំពុងព្យាបាលជំងឺមហារីកដំណាក់កាលទី៤ នៅប្រទេសថៃ។

 
លោក ព្រហ្ម ពន្លឺ ត្រូវជាឪពុករបស់កុមារ ឆាលី បាននិយាយក្នុងសន្និសីទកាសែតថា គំនូរសហសម័យប្រមាណ៣០ទៅ៤០ផ្ទាំង នឹងយកទៅដាក់តាំងពិព័រណ៌ ឱ្យដេញថ្លៃនោះ គឺនិយាយពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ,ជីវិតរបស់វិចិត្រករផ្ទាល់ និងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ របស់វិចិត្រករ។
 
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អញ្ជើញទស្សនាវីដេអូ បទសម្ភាសរបស់លោក ព្រហ្ម ពន្លឺ និងលោក ប្រាក់ សំណាង ខាងក្រោម៖

 

ជាវិចិត្រករមកពីខេត្តសៀមរាប លោក ពន្លឺ ថា ការធ្វើកម្មវិធីសប្បុរសធម៌នេះ ពិតជាមានសារសំខាន់បំផុត ដើម្បីជួយជីវិតកូនប្រុសរបស់ខ្លួន។ បើតាមលោក ពន្លឺ កន្លងមក ទឹកប្រាក់ព្យាបាលជំងឺ ឆាលី មានការរួមចំណែកពីសាធារណជន ប្រមាណ៩០ភាគរយឯណោះ។ ក្រៅពីជំនួយដោយផ្ទាល់ពីសាធារណជន លោក ពន្លឺ ក៏ត្រូវប្រើជំនាញរបស់ខ្លួន រកប្រាក់ព្យាបាលកូនប្រុសដែរ។
 
«ខ្ញុំជាសិល្បករ ខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីលក់ជំនាញរបស់ខ្ញុំឡើយ។ ប្រសិនខ្ញុំយកផ្ទាំងគំនូររបស់ខ្ញុំទៅលក់ មិនប្រាកដថាបងប្អូនទិញគំនូររបស់ខ្ញុំទាំងអស់ឡើយ។ ប៉ុន្តែបើមានគំនូររបស់សិល្បករផ្សេងៗ ទៅលក់ដែរ បងប្អូនអាចស្រឡាញ់គំនូររបស់ពួកគាត់»។ លោក ពន្លឺ បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ។​

លោក ព្រហ្ម ពន្លឺ ឪពុករបស់ ឆាលី
 
ជាមួយគ្នានេះ លោក ប្រាក់ សំណាង ដែលជាអ្នករួមសហការរៀបចំកម្មវិធី ដេញថ្លៃសិល្បៈសប្បុរសធម៌ និងការបង្ហាញម៉ូត បានលើកឡើងថា កម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌នេះ ជាព្រឹត្តិការណ៍ជួយសង្គ្រោះគ្នាទៅវិញទៅមក។ 
 
បុរសដែលមានឪពុក ទទួលមរណភាព ដោយសារជំងឺមហារីក ហើយបងប្រុស ក៏កំពុងមានជំងឺនេះដូចគ្នានោះ និយាយថា ជីវិតរបស់កុមារ ឆាលី ពិតជាត្រូវការគាំទ្រ ពីសាធារណជនជាចាំបាច់ ដូច្នេះការទិញសំបុត្រចូលរួមទស្សនា ពីសំណាក់សាធារណជន គឺជាចំណែកដ៏សំខាន់មួយ ​ជួយជីវិត ឆាលី ។

លោក ប្រាក់ សំណាង អ្នកសហការរៀបចំកម្មវិធីសិល្បៈសប្បុរសធម៌
 
លោក សំណាង បន្ថែម៖«យើងចង់បង្កើតការចងចាំដ៏ល្អមួយ សម្រាប់សាធារណជន ដែលគាត់បានចូលរួមជួយ ឆាលី។ អាចថាគាត់ផ្ដល់ស្នាមញញឹមសម្រាប់ខ្លួនឯង តាមរយៈការជួយជីវិត ឆាលី។ ថ្ងៃនេះកូនបងប្រុសគាត់ឈឺ យើងជួយគាត់។ ប៉ុន្តែបើថ្ងៃណាមួយ ក្នុងចំណោមសិល្បករផ្សេងទៀតមានបញ្ហា ពួកយើងក៏នឹងទៅជួយគាត់វិញដូចគ្នា»។
 
កម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌ និងបង្ហាញម៉ូតនេះ ជាឱកាស ដល់វិចិត្រករក្នុងស្រុក បង្ហាញពីការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ផងដែរ៕
 
គំនូរតាំងពិព័រណ៍ សម្រាប់ថ្លៃដេញថ្លៃសិល្បៈសប្បុរសធម៌

Tag:
 សិល្បៈ
  សប្បុរសធម៌
  មហាជន
  ដេញថ្លៃសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com