ជាតិ
វីដេអូ
​ក្នុង​ផ្ទះបាយ ស្ទើរតែឈប់ប្រើ ខ្នោសកោសដូង និងប្រដាប់ឈូសបន្លែបែបបុរាណ
19, May 2024 , 11:00 am        
រូបភាព
ខ្នោសកោសដូងដែលធ្វើពីឈើ និងមានផ្លែដែក អាយុកាលប្រមាណ៥០ឆ្នាំ។
ខ្នោសកោសដូងដែលធ្វើពីឈើ និងមានផ្លែដែក អាយុកាលប្រមាណ៥០ឆ្នាំ។
​កំពង់ចាម៖ ខ្នោសកោសដូងដែល​ធ្វើពីឈើ និងផ្លែដែក គឺជាសម្ភារផ្ទះដែលចាំបាច់បំផុតនៅក្នុងផ្ទះបាយ​ខ្មែរ កាលគ្រាដើម នៅពេលដែលត្រូវការស្លសម្លរដែលត្រូវប្រើខ្ទិះដូង តួយ៉ាងសម្លការី, ម្ជូរខ្ទិះ ឬសម្លម្ជូរគ្រឿងជាដើម។ ប្រដាប់ឈូសបន្លែធ្វើពីឈើ និងផ្លែដែក ក៏ឧបករណ៍មួយប្រភេទទៀត ដែលស្ទើរតែលែងត្រូវបានប្រើប្រាស់នៅក្នុងផ្ទះបាយទៅហើយដែរ ដ្បិតបច្ចុប្បន្នគេប្រើ​ម៉ាស៊ីនសម្រាប់កោសពូតយកខ្ទិះដូង និងឈូសបន្លែជំនួសសម្ភារៈផ្ទះបាយ​បុរាណ ដែល​ប្រើប្រាស់​កម្លាំងដៃ។

​អ្នក​ស្រី ទា ស៊ិហ្គី ដែលជាពលរដ្ឋរស់នៅក្នុងភូមិ​ព្រែក​តានង់២ ឃុំ​ព្រែក​តានង់ ស្រុកកោះ​សូទិន ខេត្ត​កំពង់ចាម លែង​ប្រើខ្នោសកោសដូង និង​ប្រដាប់ឈូស​ហើយ។ អ្នក​ស្រី ទា ស៊ិហ្គី បាន​​​អះអាង​ថា៖ «ឥឡូវសុទ្ធតែ​ម៉ាស៊ីន​ទាំង​អស់! »។ ដ្បិតលែងប្រើប្រាស់ ប៉ុន្តែស្ត្រីរូបនេះ នៅតែរក្សាទុកឧបករណ៍បុរាណ និងមានអនុស្សាវរីយ៍ទាំងនេះ នៅក្នុងគេហដ្ឋាន។ បើតាម អ្នក​ស្រី ទា ស៊ិហ្គី ខ្នោសកោសដូង​នោះ គឺស្វាមីរបស់គាត់បានធ្វើកាលពីប្រមាណ ​៥០ឆ្នាំ​មុន កាល​ពី​គាត់​នៅ​រស់។ ចំណែកឯ ប្រដាប់ឈូស​នោះវិញ ជាវត្ថុបន្សល់ទុកពីស្នាដៃឪពុកក្មេកដែលកាត់បានធ្វើកាលពីប្រមាណ​៥០ឆ្នាំ​មុនដូចគ្នា។ ចំពោះផ្លែដែកនៃខ្នោសកោសដូង និងប្រាប់ឈូសបន្លែ សុទ្ធតែ​អាច​ដកចេញ ​​ទៅសំលៀងបាន។ ទាំង​ខ្នោសកោសដូង ទាំង​ប្រដាប់ឈូស​នោះ មាន​ប្រវែង​ប្រមាណ ៦០​សង់ទីម៉ែត្រ និង​កម្ពស់​ប្រមាណ ៣០សង់ទីម៉ែត្រ​។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
តាំង​ពី​យូរណាស់​មក​ហើយ ទូទាំង​ពិភព​លោក ចុងភៅ​​ប្រើ​ប្រដាប់​កោស ឬឈូស​​ប្រភេទ​ផ្សេង​ៗ។ តាំងពី​សតវត្ស​ទី១៩ ប្រដាប់​កោសឈូស​ខ្លះ​ មាន​ប្រព័ន្ធ​​បង្វិល ដែល​ប្រើ​កម្លាំង​ដៃ​ដូចគ្នា ប៉ុន្តែ​ដែល​ត្រូវ​ការ​តែ​មូលម៉ានីវែល​ប៉ុណ្ណោះ។ វិស័យ​ឧស្សាហកម្ម ​ក៏​ត្រូវការ​កោស ​និង​ឈូស​បន្លែ ​និង​ផ្លែឈើ​ដែរ។ ឆ្នាំ​១៨៦៧ នៅ​ឯ​ប្រទេស​បារាំង គេ​បង្កើត​រោងចក្រ​ដំបូង​គេ​បង្អស់​ដែល​​កោស​បន្លែ​​។ នាសម័យ​បច្ចុប្បន្នវិញ លែងមាន​រោងចក្រ​បែប​នេះ​ហើយ។ គ្រាន់​តែ​ជាផ្នែកមួយ​ក្នុង​រោងចក្រប៉ុណ្ណោះ ឧទាហរណ៍​ដូច​រោងចក្រស្ករស ដែល​យក​ជាតិស្ករ​ពី​បន្លែ​៕
 
 

ប្រដាប់ឈូសបន្លែ ធ្វើពីឈើ និងមានផ្លែដែក អាយុកាលប្រមាណ៥០ឆ្នាំ។

Tag:
 ខ្នោសកោសដូង
© រក្សាសិទ្ធិដោយ thmeythmey.com