ជាតិ
អាជ្ញាធរ ដុតបំផ្លាញសាច់បង្កកគ្មានច្បាប់ជាង៤តោន
19, May 2024 , 2:40 pm        
រូបភាព
 រូបភាព៖ លោក ហ៊ុន សារ៉ាត
រូបភាព៖ លោក ហ៊ុន សារ៉ាត
មន្រ្តីបង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានដុតបំផ្លាញផលិតផលសត្វបង្កកគ្មានច្បាប់ចំនួន ៤,៦៨៥គីឡូក្រាម (ប្រមាណ៤,៦តោន) នៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

 
លោក ហ៊ុន សារ៉ាត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់តាមទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែឧសភា ថា សាច់បង្កកទាំងអស់នេះ ត្រូវបានឈ្មួញនាំចូលដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ សកម្មភាពនេះ ក៏ផ្ទុយពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកសម្រាប់រយៈពេល៦ខែ នៃសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដែរ។ 
 
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក បណ្ដោះអាសន្នសម្រាប់រយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។ 
 
ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com