ជាតិ
វីដេអូ
ព្រោះ​ស្រឡាញ់ អ្នកស្រី ណៃស្រ៊ីម ប្រថុយជីវិតលាក់សំពត់ហូលមួយក្បិន កាលពីសម័យខ្មែរក្រហម
27, Apr 2024 , 7:59 am        
រូបភាព
អ្នកស្រី លី ណៃស្រ៊ីម ពលរដ្ឋខេត្តតាកែវ ដែលបានបរិច្ចាគសំពត់ហូល មកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានមកមើលការពិព័រណ៍នៅសារមន្ទីរ ជាមួយប្អូនស្រីរបស់ខ្លួន គឺអ្នកស្រី លី ស្រីមុំ។ រូបភាព ស៊ុល រ៉វី៕
អ្នកស្រី លី ណៃស្រ៊ីម ពលរដ្ឋខេត្តតាកែវ ដែលបានបរិច្ចាគសំពត់ហូល មកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានមកមើលការពិព័រណ៍នៅសារមន្ទីរ ជាមួយប្អូនស្រីរបស់ខ្លួន គឺអ្នកស្រី លី ស្រីមុំ។ រូបភាព ស៊ុល រ៉វី៕
 
សៀមរាប៖ កាលពីសម័យខ្មែរក្រហម អ្នកស្រី ណៃស្រ៊ីម អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រថុយជីវិតលួចលាក់ ហូលមួយក្បិន​ ព្រោះតែសេចក្តីស្រឡាញ់ ចំពោះស្នាដៃតម្បាញហូលរបស់ខ្លួន។ អ្នកស្រី ណៃស្រ៊ីម បាន ប្រាប់សារព័ត៌មានថ្មីៗថា ដើម្បីលាក់បាំងពីអង្គការ អ្នកស្រីបានយកហូលមួយក្បិននេះធ្វើជាខ្នើយកើយ។ សំពត់ហូលមួយក្បិននោះ ត្រូវបានអ្នកស្រី លី ណៃស្រ៊ីម ត្បាញ​ ក្នុងសម័យ លន់ នល់។ លុះដល់ខែ ឧសភាឆ្នាំ២០២៣ អ្នកស្រីសម្រេចផ្ដល់សំពត់ «ហូកគោមបាត់ដំបង» រួមនឹងហូលមួយចំនួនទៀតទៅ កាន់សារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ី ដើម្បីថែរក្សា អភិរក្ស និងដាក់បង្ហាញដល់កូនចៅជំនាន់ក្រោយ បានស្គាល់។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ 

 
ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានថ្មីៗ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប អ្នកស្រី ណៃស្រ៊ីម បង្ហាញសេចក្ដីរីករាយជាខ្លាំង នៅពេលដែលស្នាដៃហូលរបស់ខ្លួន ត្រូវបានគេយកមកដាក់តាំងបង្ហាញ ឱ្យសាធារណជនបានស្គាល់។ 
 
មូលហេតុដែលអ្នកស្រីបរិច្ចាគហូលរបស់ខ្លួនមកកាន់សារមន្ទីរ ព្រោះអ្នកស្រី ចង់ឱ្យសាធារណជន ជាពិសេសអ្នកជំនាន់ក្រោយបានឃើញពីស្នាដៃតម្បាញអ្នកជំនាន់មុន ក៏ដូចជាស្នាដៃតម្បាញអ្នកស្រុកកប្បាសខេត្តតាកែវ។ ម្យ៉ាងទៀតអ្នកស្រី ក៏មានវ័យចំណាស់អាយុជិត៨០ឆ្នាំទៅហើយ ដូច្នេះអ្នកស្រីត្រូវការអ្នកដែលអាចថែរក្សាសំពត់ហូលរបស់គាត់បន្ត បើទោះគ្មានវត្តមានអ្នកស្រី។ 
  
អ្នកស្រី លី ណៃស្រ៊ីម (ឆ្វេង) និងអ្នកស្រី លី ស្រមុំ(ស្ដាំ) ជាបងប្អូនស្រីបង្កើត មកទស្សនាពិព័រណ៍ហូលផាមួង អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប កាលពីថ្ងៃទី១៩មេសា ឆ្នាំ២០២៤កន្លងទៅ៕ 

«ត្រេកអរ ដែលបានឃើញសំពត់ហូល បានយកមកតាំងនៅសារមន្ទីរ ឃើញតាំងពិតៗមែន ខ្ញុំសប្បាយរីករាយ ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ព្រោះខ្ញុំចាស់ហើយ អាយុជិត៨០ទៅហើយ»។ អ្នកស្រីរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួន មកកាន់អ្នកសារព័ត៌មានថ្មីៗ អំឡុងអ្នកស្រីមកទស្សនាសារមន្ទីរវាយភនភណ្ឌប្រពៃណីអាស៊ី ដែលជាកន្លែងដាក់តាំងពិព័រណ៍ហូលអ្នកស្រី រួមជាមួយសំពត់ហូលផាមួង អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវឯទៀត។ 
  
អ្នកស្រី លី ណៃស្រ៊ីម, អ្នកស្រី លី ស្រមុំ និងស្វាមី កំពុងទស្សនាការតាំងពិព័រណ៍ហូលផាមួង អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។ 
អ្នកស្រី លី ស្រមុំ ជាស្ត្រីមួយរូបទៀត ដែលបានបរិច្ចាគហូលមកកាន់សារមន្ទីរ ដើម្បីដាក់ពិព័រណ៍ និងរក្សាទុក ហើយអ្នកស្រី ជាប្អូនស្រីបង្កើតរបស់អ្នកស្រី ណៃស្រ៊ីម។ អ្នកស្រីក៏រីករាយ មិនចាញ់អ្នកស្រី ណៃស្រ៊ីមប៉ុន្មានឡើយ នៅពេលហូលជាទីស្រឡាញ់ខ្លួន ត្រូវបានសារមន្ទីរយកមកតាំងបង្ហាញជាសាធារណៈ។ អ្នកស្រី ស្រីមុំ បានបរិច្ចាគសំពត់ហូលចំនួន៣ ដែលមានអាយុកាលប្រមាណ៤០ឆ្នាំមកហើយ។ 
  
សមុច្ច័យហូល និងផាមួង កំពុងដាក់តាំងពិព័រណ៍ក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។ 

បច្ចុប្បន្នសំពត់ហូលស្ត្រីទាំង២នេះ កំពុងដាក់ពិព័រណ៍ជាមួយហូល ផាមួង អាវប៉ាក់ ស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ផ្សេងទៀត ក្នុងសារមន្ទីរវាយភណ្ឌ័ប្រពៃណីអាស៊ី ក្រុងសៀមរាប។ សមុច្ច័យទាំង២១នេះ មានអាយុកាលចន្លោះពី៤០ ទៅ៦០ឆ្នាំ។ ការពិព័រណ៍នេះមានរយៈពេល៦ខែ ចាប់ផ្ដើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ៕
 

Tag:
 ThmeyThmey
  សំពត់ហូល
  តាកែវ
  លី ណៃស្រ៊ីម
  សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com