ជាតិ
ព្រះមហាក្សត្រព្រុយណេ នឹងយាងមកកម្ពុជាសម្រាប់ជំនួប​អាហារពេលព្រឹកជាមួយ សម្តេច ហ៊ុន សែន ​​
27, Apr 2024 , 8:34 am        
រូបភាព
ព្រះមហាក្សត្រព្រុយណេ និងព្រះរាជបុត្រម៉ាទីន នឹងយាងមកកម្ពុជា សម្រាប់ជំនួបអាហាពេលព្រឹក ជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុសទាំង៣នាក់ នៅថ្ងៃទី៣០ មេសានេះ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃនេះ។

 
«ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា។ ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីន ដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំ មានកូនប្រុសទាំងបី ហ៊ុន ម៉ា ណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី»។ សម្តេច ហ៊ុន សែន សរសេរនៅទំព័រហ្វេសប៊ុកដូច្នេះ ដោយបញ្ជាក់ទៀតថាព្រះមហាក្សត្រប្រុយណេ ចៅស៊ុលតង់ ហាជីហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នឹងយាងមកដល់កម្ពុជា នៅយប់ថ្ងៃទី២៩មេសា បើគ្មានការផ្លាស់ប្តូរអ្វីទេនោះ។ 
 
សម្តេច ហ៊ុន សែន នឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះ និងរួមដំណើរទៅកាន់សណ្ឋាគារ ដូចកាលឆ្នាំ២០១១ ដែលព្រះអង្គបានបើករថយន្តដោយអង្គឯង ទៅទទួលសម្តេច ហ៊ុន សែន នៅព្រលានយន្តហោះជូនទៅសណ្ឋាគារដែរ។ «គោលបំណងទស្សនកិច្ចរបស់ព្រះ គឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលទ្រង់រាប់អានដូចប្អូនពៅ។ បងប្អូន៣នាក់ គឺព្រះជាបងទី១ ឯកឧត្តម ថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ»។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ ដោយបន្ថែមថាបន្ទាប់ពីជំនួបអាហារពេលព្រឹកនេះ ព្រះចៅស៊ុល តង់ ហាជី ហាសសាណាល់ នៃព្រុយណេ នឹងយាងនិវត្តន៍ទៅប្រទេសវិញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com