ជាតិ
សម្ដេច នន្ទ ង៉ែត មានព្រះជន្ម១០០ព្រះវស្សាហើយ
27, Apr 2024 , 10:59 am        
រូបភាព
រូបពីហ្វេសប៊ុក ក្រសួងធម្មការ និងសាសនា
រូបពីហ្វេសប៊ុក ក្រសួងធម្មការ និងសាសនា
គិតត្រឹមខែមេសា ឆ្នាំ២០២៤នេះ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្ដេច ព្រះមហាសង្ឃរាជស្ដីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះជន្ម ១០០ព្រះវស្សា។

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី គណៈ​មហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលផ្ទាល់ព្រះឱស្ឋ ក្នុងបទសម្ភាសមួយ កាលពីឆ្នាំ ២០១៤ ថា ទ្រង់បានចូលបួសព្រះពុទ្ធសាសនា តាំងពីអាយុ១៦ឆ្នាំ។ 
 
រហូតដល់សម័យប៉ុលពត ព្រះអង្គត្រូវបានបង្ខំឱ្យសឹក មកជាគ្រហស្ថវិញ។ កាលនោះ ព្រះអង្គធ្វើការ យ៉ាងទារុណ ដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ ប៉ុន្តែអ្វីដែលព្រះអង្គ មិនអាចធ្វើបានដូចមនុស្សធម្មតា គឺការទទួលទានអាហារពេលល្ងាច។
 
ព្រះអង្គមានព្រះបន្ទូលថា កាលសម័យខ្មែរក្រហម ព្រះអង្គមិនអាចទទួលទានបាយពេលល្ងាចបានឡើយ ដោយព្រះអង្គចេះតែក្អួត ព្រោះក្រពះព្រះអង្គ ស៊ាំនឹងការអត់អាហារពេលល្ងាច ជាង២០ឆ្នាំកន្លងទៅ ហើយ​។ ជាសំណាងល្អ កាលនោះ ព្រះអង្គបានអាស្រ័យនៅជាមួយបុរសម្នាក់ ព្រះអង្គក៏ចេះតែទទួល បានទឹកដូង ទទួលទានរាល់ល្ងាច។
 
ក្រោយសម័យខ្មែរក្រហមដួលរលំ ព្រះអង្គបានចូលបួសក្នុងសាសនាព្រះពុទ្ធជាថ្មី នៅឆ្នាំ១៩៧៩ ក្នុង ព្រះជន្ម៥៦ឆ្នាំ ដោយកាលនោះមានព្រះសង្ឃតែ ៧អង្គប៉ុណ្ណោះ ចូលបួសជាថ្មីដំបូងគេ ដើម្បីទ្រទ្រង់ និងស្ដារព្រះពុទ្ធសាសនាកម្ពុជាឡើងវិញ។ 
 
សូមបញ្ជាក់ថា ព្រះរាជពិធីសង្ឃទាន ថ្វាយព្រះពរចម្រើនព្រះជន្ម សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា បានប្រារព្ធធ្វើនៅសាលាធម្មសភា វត្តបទុមវ​តី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤៕
 

Tag:
 សម្តេចសង្ឃ
  សម្ដេច​ នន្ទ ង៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com