ជាតិ
រដ្ឋាភិបាល អនុម័តកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអប់រំ ឱ្យស្របនឹងយុគសម័យឌីជីថល សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំពេញអង្គនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ រូបពី STPM
× ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច អនុម័តលើ អនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នាថ្ងៃទី២៦មេសា។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុក្រឹត្យស្ដី ពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ ធ្វើឡើងក្នុងគោលដៅចូលរួមអនុវត្តកំណែទម្រង់មុខងារសាធារណៈ ដោយបានជួយវិភាគមុខងារបែបស៊ីជម្រៅតាមស្មារតីនៃការធ្វើវិចារណកម្ម, កាត់ចោលមុខងារត្រួតស៊ី គ្នាក្នុងការអនុវត្តភារកិច្ច និងកែសម្រួលរចនាសម្ព័ន្ធឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
អនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ មាន១៧ជំពូក និង៧១មាត្រា។ បើតាម សេចក្ដីប្រកាសព័ត៌មានដដែល ការវិភាគមុខងារ និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអប់រំ ធ្វើ ឡើងក្នុងគោលបំណង អនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្តតាមផែនការ កំណែទម្រង់មុខងារសាធារណៈ។
ក្រៅពីនេះ ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង់របស់ក្រសួងអប់រំ ក៏ដើម្បីធ្វើបច្ចុប្បន្នកម្មមុខងារឱ្យសម ស្របទៅនឹងស្ថានភាពនៃវិស័យអប់រំក្នុងយុគសម័យឌីជីថល, បណ្ដុះបំណិនសតវត្សទី២១ដល់យុវជន, បន្តអនុវត្តកំណែទម្រង់វិស័យកីឡា, អនុវត្តគោលនយោបាយស្តីពីវិមជ្ឈការនិងវិសហមជ្ឈការ រួមទាំង អនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងថវិកាផ្សារភ្ជាប់សមិទ្ធកម្មផងដែរ។
អនុក្រឹត្យនេះ បានដាក់ប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤មេសា ឆ្នាំ២០២៤ ដោយបានកែសម្រួល
ខ្លឹមសារមួយចំនួន និងត្រូវបានដាក់ប្រជុំឆ្លងអន្តរក្រសួងលើសេចក្តីព្រាងចុងក្រោយ នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៨មេសា៕
Tag:
អនុក្រឹត្យ
ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com