កីឡាជាតិ
ជាតិ
សរុប! កម្ពុជា រកបានមេដាយសំរឹទ្ធ៥ ពីជើងឯកជឺជីតស៊ូកម្រិតអាស៊ី នៅអេមីរ៉ាតអារ៉ាប់រួម
06, May 2024 , 5:53 pm        
រូបភាព
រូបភាព៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
រូបភាព៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
ដោយ: ថ្មីៗ
អត្តពលិកកម្ពុជា៤រូប ក្នុងចំណោម៥រូប ទទួលបានមេដាយសំរឹទ្ធចំនួន៥ ពីព្រឹត្តិការណ៍កីឡាជឺជិតស៊ូជើងឯកអាស៊ី លើកទី៨ (8th Ju-Jitsu Asian Championship) ដែលរៀបចំឡើងនៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។



ចំណោមអត្តពលិក៥រូប និងប្រតិភូដឹកនាំ៣រូបទៀត ដែលកម្ពុជាបញ្ជូនទៅប្រកួតប្រជែងជើងឯកកីឡាជឺជិតស៊ី កម្រិតអាស៊ីលើកទី៨ ពីថ្ងៃទី៣ដល់ទី៥ ខែឧសភា​ បានបញ្ចប់ដោយទទួលបានមេដាយសំរឹទ្ធ៥ ក្នុងចំណោម៥ វិញ្ញាសា។
 
កីឡាការិនីជម្រើសជាតិកម្ពុជា ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ រួមជាមួយកីឡាករ កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ទទួលបានមេដាយសំរឹទ្ធ ចំនួន៥ លើវិញ្ញាសាសម្តែងគូ ក្នុងការប្រកួតជើងឯកអាស៊ី លើកទី៨ ដែលធ្វើឡើងពីថ្ងៃទី៣ដល់ទី៥ ខែឧសភា។
 
កីឡាការិនី ហេង ស៊ីវហ៊ាង ម្ចាស់មេដាយមាសស៊ីហ្គេមលើទី៣២ និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានចំណាត់ថ្នាក់ទី៣ស្ទួន ជាមួយប៉ាគីស្ថាន ក្នុងការប្រកួតវិញ្ញាសានារីសម្តែងគូ SHOW Wome ខណៈថៃ បានមេដាយមាស និងវៀតណាម បានមេដាយប្រាក់។
 
៤វិញ្ញាសាផ្សេងទៀត ក្នុងនោះកីឡាករ សរ សុផានុត ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦២គីឡូក្រាម Fighting Male ដែលមាន១៦ប្រទេសចូលរួម បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ (មិនទទួលបានមេដាយ)។ 
 
កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាបុរសសម្តែងគូ SHOW Men ទទួលបានមេដាយសំរឹទ្ធ។ កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាបុរសនារីសម្តែងគូ DUO Mixed ទទួលបានមេដាយសំរឹទ្ធ។ មេដាយសំរឹទ្ធ១ លើវិញ្ញាសាសម្តែង DUO OPEN និង មេដាយសំរឹទ្ធទី៥ លើវិញ្ញាសា SHOW OPEN។
 
ការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ ប្រទេសអេមីរ៉ាតអារ៉ាប់រួម មានអត្ដពលិកចូលរួមសរុប ប្រមាណ ១ ៥០០នាក់ មកពី៣០ប្រទេស។ ៣០ប្រទេសចូលរួមព្រឹត្តិការណ៍នេះ មានដូចជា កម្ពុជា, អាហ្វហ្គានីស្ថាន, បារ៉ែន, បង់ក្លាដែស, ឆាយនីសតាយប៉ិក, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, អ៊ីរ៉ង់, ជប៉ុន, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ឡាវ, លីបង់, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, ហ្វីលីពីន, កូរ៉េខាងត្បូង, ស្រីលង្កា, ស៊ីរី, តាជីគីស្ថាន, ថៃ, អ៊ូសបេគីស្ថាន, វៀតណាម, យេម៉ែន, អារ៉ាប៊ីសាអូឌីត និងម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម៕
 
 

Tag:
 ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com