ជាតិ
អ្នកនាំពាក្យការពារជាតិ៖ នាវាយោធាចិន២គ្រឿង ចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីត្រៀមសមយុទ្ធនាគមាស
08, May 2024 , 9:52 am        
រូបភាព
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ រូបពីហ្វេសប៊ុកលោក សុជាតិ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ រូបពីហ្វេសប៊ុកលោក សុជាតិ។
នាវាយោធាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាម នាទឹកដីខេត្តព្រះសីហនុ ដើម្បីត្រៀមខ្លួន ធ្វើសមយុទ្ធនាគមាសជាមួយកម្ពុជា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងលើហ្វេសប៊ុកបែបនេះ កាលពីថ្ងៃទី៧ ឧសភា ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន និងការចោទប្រកាន់ថា នាវាយោធាចិនទាំង២គ្រឿងនេះ គឺបង្ហាញពីវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក។

 
លោក ឈុំ សុជាតិ ចាត់ទុកការចុះផ្សាយព័ត៌មាន បែបអវិជ្ជមានលើនាវាយោធាចិន២គ្រឿងនេះ ជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំលើសកម្មភាព និងអធិបតេយ្យកម្ពុជា។ បើតាមនាយឧត្តមសេនីយ៍ការពារជាតិរូបនេះ វត្តមាននាវាយោធាចិននេះ ដើម្បីមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។
 
«វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម»។ នេះបើតាមលោក ឈុំ សុជាតិ។
 
អ្នកនាំពាក្យការពារជាតិរូបនេះ ក៏បានសង្កត់ធ្ងន់ថា ការចូលចតរបស់នាវាចិននេះ ក៏ជាការសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធា នៅពេលខាងមុខដែរ ដូច្នេះវាមិនមែនជាការតាំងមូលដ្ឋានទ័ពចិន ដូចសារព័ត៌មានចុះផ្សាយឡើយ។
 
កាលពីពេលថ្មីៗនេះ ទាំងសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងដូចគ្នាថា កម្ពុជា មិនឆោតល្ងង់ឱ្យប្រទេសណា ដាក់មូលដ្ឋានទ័ពលើទឹកដី ដែលប្រាស់ចាកពីរដ្ឋធម្មនុញ្ញឡើយ, កម្ពុជាក៏គ្មានមហិច្ឆតា គ្មានគោលគំនិត និងគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញនោះទេ។

អត្ថបទទាក់ទង
 
បើតាមលិខិតរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅកាន់គណៈអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងរៀបចំសមយុទ្ធនាគមាស ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែឧសភា។
 
គួររម្លឹកថា នៅក្នុងឆ្នាំ២០២៣ យោធាកម្ពុជា និងចិន បានរៀបចំសមយុទ្ធបែបនេះដែរ ដែលបានចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ដោយផ្តោតលើប្រតិបត្តិការជួយសង្រ្គោះមនុស្សធម៌ និងប្រយុទ្ធប្រឆាំងភេរវកម្ម៕

Tag:
 ឈុំ សុជាតិ
  ការពារជាតិ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com