ជាតិ
សេដ្ឋកិច្ច
ឆ្នាំនេះ ទុរេនខ្មែរ​​មិន​សូវសម្បូរ តែមាន​ការនាំចូល​ច្រើនពី​ប្រទេសជិតខាង
08, May 2024 , 6:59 pm        
រូបភាព
រូបភាព៖ សហគមន៍កសិកម្មដំណាំទុរេន ទឹកឈូ
រូបភាព៖ សហគមន៍កសិកម្មដំណាំទុរេន ទឹកឈូ
គ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅ បានធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំនេះ។ យ៉ាងណា កសិករខ្មែរ បានសង្កេតឃើញថា ការចរាចរផ្លែទុរេនលើទីផ្សារសព្វថ្ងៃនៅតែសម្បូរ ដោយភាគច្រើនត្រូវបានឈ្មួញនាំចូលពីប្រទេសជាតិខាង ហើយប្រាប់អតិថិជនថាជាផលិតផលខ្មែរ។



លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេនជាង២ពាន់ដើម នៅខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានថ្មីថា សព្វថ្ងៃនេះ មានទុរេនខ្មែរតិចតួចណាស់ ដែលបានចរាចរនៅលើទីផ្សារ។ បញ្ហានេះ មកពីការកើនកម្ដៅ និងគ្រោះរាំងស្ងួត ដែលបានទាញទម្លាក់ទិន្នផលទុរេនសឹងគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។
 
ម្ចាស់ចម្ការចំណាស់រូបនេះ បានបន្ថែមថា រាល់ថ្ងៃ អ្នកបរិភោគមួយចំនួនមិនបានដឹងថា ផ្លែទុរេនដែលកំពុងដាក់លក់ពាសពេញទីផ្សារ គឺជាផលិតនាំចូលពីប្រទេសថៃ និងវៀតណាម។ ការហូរចូលទំនិញនេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងទីផ្សារទុរេនក្នុងស្រុក ក្រោមហេតុផល ផ្លែទុរេននាំចូលមានគុណភាពអន់ និងតម្លៃទាប។ 
 
លោក សុខឡេង ពន្យល់បែបនេះ៖«ការនាំចូលទុរេនដោយគ្មានប្រភពច្បាស់លាស់ វាអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងទីផ្សារទុរេនក្នុងស្រុកយើង។ បើតាមខ្ញុំដឹង ទុរេនដែលយកពីថៃ និងវៀតណាម មិនសូវជាល្អប៉ុន្មាននោះទេ ភាគច្រើនវាមានសាច់ជ្រាយៗ អត់មានសូវមានម្សៅស្អិតល្មួតដូចទុរេនខ្មែរទេ ដោយសារគេ កាត់វាអត់ពេញអាយុដែលត្រូវទុំ។

ដូច្នេះ គុណភាពវាបានត្រឹម៧៥ ទៅ៨០ភាគរយអីទេ ធៀបនឹងទុរេនខ្មែរ ដែលកាត់ពេញថ្ងៃ អាចបានរហូតដល់៩៥ភាគរយ»។ 
 
ចំណែក លោក យ៉ាង ណារិទ្ធិ ម្ចាស់ចម្ការទុរេនមួយកន្លែង នៅស្រុកទឹកឈូ ខេត្តកំពត ក៏សង្កេតឃើញថា ការនាំចូលផ្លែទុរេនពីបរទេសមានច្រើនដែរ នាពេលបច្ចុប្បន្ន។ បើតាមលោក ស្រុកទឹកឈូ គឺជាតំបន់មួយដែលសម្បូរដំណាំទុរេន ប៉ុន្តែការប្រមូលផលរបស់កសិករក្នុងឆ្នាំនេះបានចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែរងរលកកម្ដៅ និងកង្វះទឹកស្រោចស្រព ធ្វើឱ្យបាត់បង់ទិន្នផល។
 
បើទោះជា ផ្លែទុរេនកំពតមិនសូវសម្បូរ តែលោក ណារិទ្ធិ ឃើញថា នៅលើទីផ្សារមានផ្លែទុរេនលក់សឹងគ្រប់កន្លែង។ លោក អះអាងថា ទុរេនដែលឈ្មួញដាក់លក់នោះ ភាគច្រើនយកនាំពីប្រទេសជិតខាង។ លោក ប្រាប់ដូច្នេះថា៖«ខ្ញុំសង្កេតឃើញថា បច្ចុប្ប​ន្ន​មានការនាំចូលពីបរទេសច្រើន។ ជាក់ស្ដែង យើងមើលថា ក្នុងតំបន់ខ្ញុំ(ស្រុកទឹកឈូ) ដែលសម្បូរទៅដោយអ្នកដាំទុរេន តែឆ្នាំនេះពួកយើងប្រមូលផលបានតិចតួចមែនទែន។ ប៉ុន្តែ​ទន្ទឹមនឹង យើងក៏ឃើញថា ផលិតផលផ្លែទុរេននេះ នៅលើទីផ្សារនៅតែសម្បូរ»។ 
 
ការនាំចូលផ្លែទុរេន គ្មានប្រភពច្បាស់លាស់ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជារៀងរាល់ឆ្នាំ «ទុរេនកំពត» តែងតែត្រូវបានគេបង្កាច់បង្ខូចឈ្មោះ។ ជាក់ស្ដែង ឈ្មួញខិលខូចមួយចំនួន បានព្យាយាមយកទុរេនពីបរទេសមកលក់ ហើយដាក់ឈ្មោះ ទុរេនកំពត ដើម្បីឱ្យអតិថិជនជឿជាក់ថាជាផលិតផលខ្មែរ។ ការធ្វើបែបនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងបំផ្លាញ់កេរ្តិ៍ឈ្មោះរបស់ទុរេនកំពត។ លោក យ៉ាង ណារិទ្ធ បន្ថែមបែបនេះ។ 
 
លោក ណារិទ្ធិ ប្រាប់ដូច្នេះថា៖«ជាធម្មតាឈ្មួញចង់បានប្រាក់ចំណេញ ហើយមិនដឹងគាត់យកទុរេនពីណាពីណី មកប្រាប់គេថា ទុរេន​កំពត។ ទុរេន នាំចូលភាគច្រើនប្រើប្រាស់ ជីថ្នាំច្រើនជាងយើង ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ចំណុចមួយទៀត គឺប៉ះពាល់ដល់ប្រជាកសិករ ដោយលោកពិបាកប្រកួតប្រជែងនឹងទីផ្សារបរទេស ដែលមានតម្លៃទាបជាង»។ 
 
ចំពោះមុខ ម្ចាស់ចម្ការទុរេន២៥០ដើមរូបនេះ បានអំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងស្នើរឱ្យឈ្មួញ បញ្ឈប់ការប្រើប្រាស់ឈ្មោះទុរេនកំពត ដើម្បីបោកប្រាស់អតិថិជន តទៅទៀត។ 
 
ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ នាំជួយទិញបន្លែ ​និងផ្លែឈើក្នុងស្រុកឱ្យបានច្រើនកាន់តែច្រើនផងដែរ។ លោ ចាត់ទុកការជួយទិញគ្នា គឺជាយុទ្ធការ ដើម្បីគាំទ្រ និងអបអរវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ លោក ឃឹម ហ្វីណង់ នៅថ្ងៃទី៧ ឧសភា៕ 
 

Tag:
 ទុរេន
  ឃឹម ហ្វីណង់
  ខៀវ សុខឡេង
  យ៉ាង ណារិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com