អន្តរជាតិ
នាយករដ្ឋមន្រ្តីស្លូវ៉ាគីរួចផុតពីសេចក្ដីស្លាប់ ក្រោយការប៉ុនប៉ងបាញ់សម្លាប់
16, May 2024 , 11:59 am        
រូបភាព
លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់នៅថ្ងៃទី១៥ ខែឧសភា។ រូបភាព AFP
លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់នៅថ្ងៃទី១៥ ខែឧសភា។ រូបភាព AFP
លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី លែងស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងដល់ជីវិតហើយ បន្ទាប់ពី ការប៉ុនប៉ងបាញ់សម្លាប់នៅពេលដើរចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ ឧបនាយករដ្ឋមន្រ្តីស្លូវ៉ាគីបានបញ្ជាក់បែបនេះទៅកាន់សារព័ត៌មាន BBC ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា។

 
លោកនាយករដ្ឋមន្រ្តី Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ពេលចាកចេញពីកិច្ចគណៈរដ្ឋមន្ត្រី ដោយធ្វើឱ្យលោកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាមិញ មេដឹកនាំរូបនេះ លែងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតហើយ ក្រោយវះកាត់រួច។
 
«ខ្ញុំពិតជាមានក្តីរន្ធត់ ប៉ុន្តែជាសំណាងល្អការវះកាត់បានដំណើរការល្អ ហើយចុងក្រោយខ្ញុំគិតថា គាត់នឹងជួយសង្រ្គោះបាន។ គាត់លែងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់ជីវិតហើយ នៅពេលនេះ»។ លោក Tomas Taraba ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីបរិស្ថាន បានបញ្ជាក់បែបនេះ ទៅកាន់កម្មវិធី Newshour របស់សារព័ត៌មាន BBC។ 
 
លោក Tomas បានបន្តថា គ្រាប់កាំភ្លើងចំនួន ២គ្រាប់ បានទម្លុះក្រពះនាយករដ្ឋមន្រ្តីវ័យ ៥៩ឆ្នាំ។ មុនការបញ្ជាក់របស់លោក Tomas រដ្ឋមន្រ្តីមហាផ្ទៃ លោក Matus Sutaj Estok បានប្រាប់អ្នកសារព័ត៌មានថា ប្រមុខរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ខ្មាន់កាំភ្លើងជាសកម្មជននយោបាយ និងជាស្មេរវ័យ ៧១ឆ្នាំ។ ការប៉ុនប៉ងបាញ់សម្លាប់នេះ ត្រូវបានអាជ្ញាធរសន្និដ្ឋាននៅដំណាក់កាលដំបូងថា មានការជំរុញទឹកចិត្តផ្នែកនយោបាយ។ 
 
បន្ទាប់ពីករណីប៉ុនប៉ងខាងលើ លោកនាយករដ្ឋមន្រ្តី ត្រូវបានឧទ្ធម្ភាគចក្រដឹកជញ្ជូនភ្លាមៗទៅមន្ទីរពេទ្យនៅក្រុង Handlova ដែលជាតំបន់កើតហេតុ។ ចំណែកខ្មាន់កាំភ្លើងដែលរងបទចោទ ត្រូវបានចាប់ខ្លួននៅកន្លែង ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណជាផ្លូវការទេ។
 
ឧបទ្ទវហេតុខាងលើ កើតមានស្របពេលមានបញ្ហាចម្រូលចម្រាស ចាប់តាំងពីលោក Fico ឡើងកាន់អំណាចជាថ្មីនៅក្នុងខែតុលា ឆ្នាំ២០២៣ ដោយលោកបានផ្លាស់ប្តូរគោលនយោបាយមួយចំនួន ដែលអ្នកប្រឆាំងចោទថា ធ្វើឡើងដើម្បីពង្រឹងអំណាចរបស់ខ្លួន។ បន្ថែមពីនេះ លោក Fico បានថយមួយជំហានលើការគាំទ្រអ៊ុយក្រែន ហើយស្វះស្វែងរកការចរចាជាមួយរុស្ស៊ី។ 
 
ទន្ទឹមនេះ លោក Fico បានស្វះស្វែងរកការបន្ធូរបន្ថយទោសពាក់ព័ន្ធអំពើពុករលួយ, លុបបំបាត់ការិយាល័យរបស់រដ្ឋអាជ្ញាពិសេសមួយ ហើយកែលម្អប្រព័ន្ធផ្សព្វផ្សាយសាធារណៈ RTVS ថែមទៀត បើទោះមានការអំពាវនាវឱ្យមានការការពារសេរីភាពសារព័ត៌មាន៕

Tag:
 ស្លូវ៉ាគី
© រក្សាសិទ្ធិដោយ thmeythmey.com