ជាតិ
សេដ្ឋកិច្ច
ភ្លើងឆេះចម្ការកៅស៊ូជាង២០ហិកតា ធ្វើឱ្យលោកឧកញ៉ា ម៉ុង ឬទ្ធី ខាតជាង៣០ម៉ឺនដុល្លារ
30, Apr 2024 , 4:12 pm        
រូបភាព
ចម្ការកៅស៊ូជាង២០ហិកតារបស់ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបានឆេះខូចខាតអស់​​ ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប្រមាណ៣០ម៉ឺនដុល្លារ។ បើតាមឧកញ៉ា ម៉ុង ឬទ្ធី មូលហេតុដែលធ្វើឱ្យមានភ្លើងឆេះចម្ការកៅស៊ូនេះ គឺបណ្តាលមកពីប្រជាជន​កាប់រានព្រៃ និង​ដុតដោយ​មិន​ប្រុងប្រយ័ត្ន។

 
នារសៀលថ្ងៃទី២៩មេសា មានករណី​ភ្លើងឆេះ​ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ អស់​​ជាង​២០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុង​ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ ជាប់នឹងឃុំ​ជ្រោយស្វាយ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង។ ករណីភ្លើងឆេះនេះ​ បានធ្វើឱ្យខូចខាតដើមកៅស៊ូ ដែលកំពុងពេញប្រមូលផលអស់ចំនួន ១១ ២០០ដើម។ 
 
ឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០មេសា ដូច្នេះ៖ «ដើមកៅស៊ូដែលឆេះអស់ហ្នឹង ជាកៅស៊ូដែលយើងកំពុងប្រមូលផល។ វាមានអាយុ១៥ឆ្នាំហើយ​ គឺពេញប្រមូលផលតែម្តង។ ការឆេះនូវដើមកៅស៊ូទាំងអស់នេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយើងអស់ជាង៣០ម៉ឺនដុល្លារអាម៉េរិក»។​
 
ត្បិត បាត់បង់ទ្រព្យសម្បត្តិច្រើន ជាពិសេសការបាត់បង់នូវផលិតផលជ័រកៅស៊ូ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ តែឧកញ៉ា ម៉ុង ឬទ្ធី មិនទាមទារសំណងអ្វីពីជនបង្កឡើយ។ តែយ៉ាងណាមិញ ឧកញ៉ា ម៉ុង ឬទ្ធី ទាមទារឱ្យពលរដ្ឋ ជាពិសេសអ្នកដើររកឃ្មុំ និងអ្នកកាប់ព្រៃដុតចម្ការជាដើមនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបាននៅក្នុងសកម្មភាពរបស់ខ្លួន។ 
 
«ឥឡូវ! អាកាសធាតុកំពុងតែកើនកំដៅខ្លាំង គឺងាយនឹងឆេះណាស់។ ដូច្នេះ ពលរដ្ឋ ជាពិសេសអ្នកដើរឃ្មុំ និងអ្នកកាប់ព្រៃដុតចម្ការហ្នឹង សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងការខូចខាតនូវទ្រព្យរបស់អ្នកដទៃអស់ច្រើន»។ នេះជាការអំពាវនាវរបស់ឧកញ៉ា ម៉ុង ឬទ្ធី។
 
គួរជម្រាបថា កម្ពុជាបច្ចុប្បន្នកំពុងរងឥទ្ធិពលនៃរលកកម្តៅ ធ្វើឱ្យរាជភ្នំពេញ និងបណ្តាខេត្តនានាកើនកម្តៅខ្លាំង។ ជាក់ស្តែង នាថ្ងៃទី៣០មេសានេះ នៅរាជភ្នំពេញមានសីតុណ្ហភាព៤០អង្សា ខណៈខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ មានសីតុណ្ហភាព៤២អង្សា៕ 

Tag:
 កសិកម្ម
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com