កីឡាជាតិ
ជាតិ
គុនល្បុក្កតោ និងសាវលីញ សម្ដែងរួមគ្នា ដើម្បីទាក់ទាញទេសចរ នៅខេត្តសៀមរាប ![ការសម្តែងគុនល្បុក្កតោ និងសៅលីញ ធ្វើឡើងក្នុងបរិវេណខាងជើងនៃប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤មេសានេះ។](https://image.thmeythmey.com/pictures/2024/04/26/___.jpg)
ការសម្តែងគុនល្បុក្កតោ និងសៅលីញ ធ្វើឡើងក្នុងបរិវេណខាងជើងនៃប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤មេសានេះ។
×![]()
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍«When Shaolin Meets Bokator At Angkor» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន។ តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប។
ដើម្បីជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃប្រទេសចិន ប្រារព្ធព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor។
សម្រាប់ការបង្ហាញពីវប្បធម៌របស់កម្ពុជា និងវប្បធម៌ចិននេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ ដែលជាក្បាច់គុនអត្ដសញ្ញាណរបស់ប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅម៉ោង ៧:៣០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធជាង ៥០០នាក់។
គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួម នៅខេត្តសៀមរាប ជាពិសេសទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនចិន ឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
![](https://image.thmeythmey.com/pictures/2024/04/24/438865814_782742760623456_4297810484399499258_n.jpg)
អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារ៉ា យល់ថា នេះ គឺជាឱកាសល្អសម្រាប់ផ្សព្វផ្សាយគុនល្បុក្កតោ ទៅកាន់ប្រទេសចិន និងពិភពលោក។ «គឺយើងអាចបង្ហាញពីអ្វី ដែលយើងមាន និងអ្វីដែលជារបស់ខ្មែរ តាមរយៈការបង្ហាញក្បាច់គុនរួមគ្នា។ ក្បាច់គុនសៅលីញ និងគុនល្បុក្កតោ សុទ្ធតែជាក្បាច់គុនមានប្រវត្តិដ៏យូលង់។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com