កីឡាអន្តរជាតិ
អន្តរជាតិ
ទាំងក្រុម Spurs និងអ្នកគាំទ្រចង់ឈ្នះ Man City ទោះប្រៀបដូចជួយ Arsenal ក្តី
14, May 2024 , 8:29 pm        
រូបភាព
​លោក Ange Postecoglou បាននិយាយថាទាំងកូនក្រុម Tottenham Hotspur និងអ្នកគាំទ្រពិតជាចង់ឈ្នះ Manchester City បើទោះជ័យជម្នះនេះប្រៀបដូចជាជួយ Arsenal ក្នុងការប្រជែងពាន Premier League ក៏ដោយ។ អ្នកគាំទ្រ Spurs ខ្លះ ក៏ចង់ឱ្យក្រុមខ្លួនចាញ់ Man City ដែរ។



ស្ថិតក្នុងសន្និសីទកាសែតមុនការប្រកួត លោក Postecoglou ពិតជាមិនយល់ពីអ្នកគាំទ្រមួយចំនួនដែលមិនចង់ឱ្យក្លិបប្រកួតឈ្នះលើក្រុម Manchester City ដើម្បីពន្យាពេលការឈ្នះពានរបស់ក្លិប Arsenal ដែលស្វែងរកពានរយៈពេលជិត ២០ឆ្នាំ។ Spurs នឹងត្រូវស្វាគមន៍ Man City នាថ្ងៃ១៤ ខែឧសភា វេលាម៉ោង ២យប់ រំលងអាធា្រត្រ ដែលជាជំនួបសំខាន់ដើម្បីកំណត់វាសនាក្រុមដែលនឹងក្លាយជាម្ចាស់ជើងឯក Premier League។
 
ជ័យជម្នះ ឬលទ្ធផលស្មើ សម្រាប់ Spurs ទល់នឹងក្រុមដឹកនាំដោយលោក Pep Guardiola នឹងជួយដល់ក្រុមរហស្សនាមកាំភ្លើងធំ សម្រេចក្តីស្រមៃលើកពានលីគកំពូលអង់គ្លេសលើកដំបូងក្រោយអាក់ខាន២០ឆ្នាំ។  Arsenal ឈរកំពូលតារាងមាន ១ពិន្ទុ ពីលើ Man City ដែលសល់ ១ប្រកួតក្នុងដៃ។ បើ Man City ឈ្នះ Spurs នៅពួកគេនឹងឡើងឈរកំពូលតារាងវិញ ហើយមានភាគរយខ្ពស់ជាង Arsenal ក្នុងការការពារជើងឯក ទោះត្រូវកាត់ក្តីនៅ១ប្រកួតចុងក្រោយបិទរដូវកាលក្តី។
 
 Spurs ក៏ត្រូវការពិន្ទុក្នុងការប្រដេញតំណែងលេខ ៤ ទល់នឹងក្រុម Aston Villa ដែលនាំមុខខ្លួន ៥ពិន្ទុ ដើម្បីបានកៅអី UEFA Champions League រដូវកាលក្រោយ។ Arsenal និង Man City ប្រជែងពាន បានធ្វើឱ្យអ្នកគាំទ្រ Spurs មួយចំនួនមានអារម្មណ៍ច្របូកច្របល់ ដោយអ្នកគាំទ្រខ្លះចង់ឱ្យក្រុមយកឈ្នះ Man City ដើម្បីជួយ Arsenal និងអ្នកគាំទ្រខ្លះចង់ឱ្យចាញ់។
 
លោក Postecoglou បង្ហាញពីភាកស្រឡាំងកាំងពេលអ្នកគាំទ្រមួយចំនួនចង់ឱ្យក្រុមចាញ់ ប៉ុន្តែលោកអះអាងថាក្រុម និងអ្នកគាំទ្រភាគច្រើនចង់ឱ្យ Spurs បំបាក់ក្រុម Man City ទោះវាប្រៀបដូចជួយដល់គូប្រជែងក្នុងទីក្រុងតែមួយ Arsenal ក៏ដោយ។
 
«ខ្ញុំដឹងថាយើងជាគូសត្រូវ។ ខ្ញុំធ្លាប់បានក្លាយជាផ្នែកមួយដ៏ធំមួយនៅក្នុងក្លិបដែលជាគូប្រជែងដ៏ធំក្នុងពិភពលោក កាលពីប៉ុន្មានឆ្នាំមុនជាមួយនឹងក្លិប Celtic និង Rangers។ តែខ្ញុំពិតជាមិនដែល និងមិនយល់សោះ​ប្រសិនបើមាននរណាម្នាក់ចង់ឱ្យក្រុមរបស់ពួកគេចាញ់។ ១០០ភាគរយអ្នកគាំទ្រ Spurs គឺចង់ឈ្នះ ខ្ញុំក៏មានអារម្មណ៍បែបនេះដូចគ្នា។»។ បុរសវ័យ ៥៨ឆ្នាំ បាននិយាយបែបនេះ៕

Tag:
 Tottenham Hotspur
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com