ជាតិ
ចិនបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មធំជាងគេរបស់កម្ពុជា
14, May 2024 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មផលិតផលកសិកម្មធំជាងគេរបស់កម្ពុជា បន្ទាប់ពីរបៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរបានចូលជាធរមាន កាលពីថ្ងៃទី១ មករា ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់ លោក ឈិន ជីរ (CHEN JIN) ប្រធានគណៈកម្មាធិការកសិកម្ម និងជនបទនៃសភាប្រជាជនខេត្តជាំងស៊ូ ប្រទេសចិន ក្នុងជំនួបជាមួយ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ឧសភា។​



លោក ឈិន ជីរ បានលើកឡើងថា ប្រទេសកម្ពុជាមានធនធានកសិកម្មសម្បូរបែប ហើយបន្ទាប់ពី របៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិនបានចូលជាធរមានមក ផលលិតផលកសិកម្មកម្ពុជាដែលបាននាំទៅចិនមានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្នប្រទេសចិនបានក្លាយជាដៃគូរពាណិជ្ជកម្ម ផលិតផលកសិកម្មធំជាងគេរបស់កម្ពុជា។ ជាក់ស្ដែង នៅឆ្នាំ២០២២ ទំហំទឹកប្រាក់នាំចេញ-នាំចូលផលិតផលកសិកម្មមានចំនួន៧៦០លានដុល្លា បានកើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។
 
ខេត្តជាំងស៊ូ ត្រូវបានទទួលស្គាល់ជាប្រភពអង្ករ និងត្រី ហើយខេត្តរបស់ចិនមួយនេះ ក៏ជាច្រកនាំចូលផលិតកសិកម្មសំខាន់មួយពីកម្ពុជាផងដែរ។ នៅឆ្នាំ២០២៣ ទំហំទឹកប្រាក់នៃការនាំចេញ-ចូលផលិតផលកសិកម្មរបស់ខេត្តជាំងស៊ូ និងកម្ពុជា មានចំនួន៣៦លានដុល្លា។ 
 
កាលពីពេលថ្មីៗនេះ ផលិតដូងស្រស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ ហើយការនាំចេញជើងដំបូងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ កម្ពុជាក៏ទើបសម្រេចបានការនាំចេញ «បង្កង​កណ្ដូប រស់» ជាង២តោន ទៅចិន កាលពីដើមឆ្នាំ២០២៤ ផងដែរ៕
 
 
 
 
 

Tag:
 ពាណិជ្ជកម្ម
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com