សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើការដាក់ពន្ធលើទំនិញចិន អាចធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកប្រសើរទេ?
15, May 2024 , 9:59 pm        
រូបភាព
ទំនិញនៅកំពង់ផែ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ រូបភាព ៖ Xinhua
ទំនិញនៅកំពង់ផែ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ រូបភាព ៖ Xinhua
អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសនានាបានចាត់ទុកការពន្ធនាំចូលជាមធ្យោបាយមួយដើម្បីការពារ និងអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក។ យ៉ាងណាមិញ ការដាក់ពន្ធនាំចូល ក៏មិនទំនងជះឥទ្ធិពលល្អលើសេដ្ឋកិច្ចដូចការរំពឹងទុកនោះដែរ។ ដូច្នេះ ថាតើការដាក់ពន្ធបន្ថែមលើទំនិញចិនរបស់លោករដ្ឋបាលលោក ចូ បៃឌិន នឹងធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកប្រសើរដែរឬទេ?

 
នៅថ្ងៃទី១៤ ខែឧសភា ប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បានប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការដំឡើងពន្ធលើផលិតផលជាបន្តបន្ទាប់ពីចិន ជាពិសេសពន្ធលើយានយន្តអគ្គិសនីនឹងកើនឡើងដល់ ១០២,៥ភាគរយនៅឆ្នាំនេះពីអត្រា២៧,៥ភាគរយពីមុន។ ពន្ធលើអាគុយលីចូមសម្រាប់រថយន្តអគ្គិសនីក៏បានកើនឡើងលើសពី៣ដងដល់ ២៥ភាគរយ។
 
ទន្ទឹមនេះ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែក អាលុយមីញ៉ូម និងឧបករណ៍វេជ្ជសាស្ត្រក៏ត្រូវបានដំឡើងពន្ធនាំចូលដែរ។ តម្លៃសរុបនៃទំនិញដែលរងផលប៉ះពាល់ពីការដាក់ពន្ធរបស់រដ្ឋបាលលោក បៃឌិន ទៅលើទំនិញចិននាពេលនេះប្រហែល ១៨ពាន់លានដុល្លារ។
 
អ្នកសេដ្ឋកិច្ចយល់ថា ក្នុងរយៈពេលខ្លីពន្ធនេះនឹងមិនមានផលប៉ះពាល់ខ្លាំងដល់ផលិតក្នុងស្រុកសរុបរបស់អាម៉េរិក អតិផរណា និងគោលនយោបាយរូបិយវត្ថុនោះទេ។
 
ចំណែកចិនវិញ ការដាក់ពន្ធបន្ថែមប្រហែលជាក៏មិនរងផលប៉ះពាល់ភ្លាមៗដែរ។ ដោយសារតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសនេះមិនមានវត្តមានច្រើននៅអាម៉េរិកទេ ហើយបន្ទះសូឡាភាគច្រើននាំចេញទៅកាន់ប្រទេសទីបី។
 
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមើលឱ្យស៊ីជម្រៅនោះ ការដាក់ពន្ធនេះមានភាពស្មុគស្មាញច្រើន។ លោក Joe Brusuelas សេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សា RSM US បានប្រាប់សារព័ត៌មាន CNN ថា ពន្ធនេះជាសញ្ញាមួយបង្ហាញថា ទំនាក់ទំនងសេដ្ឋកិច្ចអាម៉េរិក-ចិននឹងត្រូវជួបបញ្ហាក្នុងរយៈពេលយូរ។
 
ការដំឡើងពន្ធចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងប៉េកាំង គឺស្ថិតនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និង២០១៩ លើទំនិញដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ ដោយច្បាប់នេះនៅតែបន្តអនុវត្ត។
 
ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាម៉េរិក លោក ត្រាំ បាននិយាយថា ប្រសិនបើជាប់ឆ្នោតឡើងវិញ លោកនឹងដំឡើងពន្ធនាំចូលពីគ្រប់កន្លែង មិនមែនសម្រាប់តែចិននោះទេ។ អ្នក​សេដ្ឋកិច្ច​ព្រមាន​ថា រឿង​នេះ​នឹង​បង្ក​ឱ្យ​មាន​អត្រាអ្នក​អត់​ការងារ​ធ្វើច្រើន និង​អតិផរណា​ខ្ពស់។
 
ឥទ្ធិពលការដាក់ពន្ធនាំចូលលើកំណើនសេដ្ឋកិច្ច អតិផរណា និងធនាគារកណ្តាលអាម៉េរិក 
 
ពន្ធថ្មីនឹងត្រូវបានអនុវត្តដោយរដ្ឋបាល បៃឌិន នៅឆ្នាំនេះ និងលើមុខទំនិញភាគតិចចាប់ឆ្នាំ ២០២៦។ គោលនយោបាយនេះត្រូវបានប្រកាសនៅក្នុងបរិបទនៃទីផ្សារការងាររឹងមាំ កំណើនសេដ្ឋកិច្ចល្អ និងការប្រើប្រាស់សកម្មនៅអាម៉េរិក​។ យ៉ាងណាមិញ សង្រ្គាមអតិផរណានៅតែបន្តដោយបង្ខំឱ្យធនាគារកណ្តាលអាម៉េរិក (Fed) រក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់។
 
ផែនការ​របស់​លោក បៃឌិន ក្នុង​ការ​ដំឡើង​ពន្ធ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នឹង​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​​ប្រទេស​នេះ​ទេ។ លោក Ryan Sweet ដែលជាប្រធានសេដ្ឋវិទូនៅ Oxford Economics បាននិយាយថា ពន្ធថ្មីនឹងស្ទើរតែគ្មានឥទ្ធិពលលើអតិផរណា និងផលិតផលក្នុងស្រុកសរុប ក៏ដូចជាគោលនយោបាយរូបិយវត្ថុ។ Fed នឹងមិនខ្វល់អំពីរឿងនេះទេ នៅពេលពិចារណាលើអត្រាការប្រាក់។
 
ឥទ្ធិពលពីការដាក់ពន្ធនាំចូល លើផលិតកម្មក្នុងស្រុកអាម៉េរិក 
 
ក្នុងឆ្នាំ ២០០២ អតីតប្រធានាធិបតីអាម៉េរិក George W. Bush បានដាក់ពន្ធលើអាលុយមីញ៉ូម និងដែក។ ការសិក្សាជាបន្តបន្ទាប់បានបង្ហាញថា គោលនយោបាយនេះបណ្តាលឱ្យខាតបង់ ៣០លានដុល្លារដល់សេដ្ឋកិច្ចអាម៉េរិក។ វាក៏ជំរុញឱ្យមានការចំណាយលើវិស័យដែលប្រើប្រាស់ដែក និងបង្កឱ្យមានភាពអត់ការងារធ្វើយ៉ាងច្រើននៅក្នុងឧស្សាហកម្មនេះ ជាពិសេសចំពោះក្រុមហ៊ុនតូចៗ។
 
៧ឆ្នាំក្រោយមក អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដំឡើងពន្ធលើសំបកកង់នាំចូលពីចិន បណ្តាលឲ្យកម្មករ ១២០០នាក់បាត់បង់ការងារធ្វើនៅក្នុងឧស្សាហកម្មផលិតកម្មនេះ ។ ប្រជាជាជនអាម៉េរិកបានខាតបង់ ១,១ពាន់លានដុល្លារដោយសារតែការកើនឡើងថ្លៃ។ នេះបើយោងតាមការស្រាវជ្រាវដោយវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ។
 
នៅឆ្នាំ ២០១៩ ការស្រាវជ្រាវរបស់ Fed បានបង្ហាញថា ការដាក់ពន្ធនាំចូលរបស់លោក​ ត្រាំ មិនបង្កើនការងារផលិតកម្មក្នុងរយៈពេលខ្លីនោះទេ។ វាថែមទាំងបង្កឱ្យមានភាពអត់ការងារធ្វើ បង្កើនតម្លៃដោយសារថ្លៃដើមខ្ពស់ និងនាំឱ្យមានការសងសឹកដោយប្រទេសផ្សេងទៀត។
 
ឥទ្ធិពលការដាក់ពន្ធនាំចូល លើការប្រើប្រាស់របស់ប្រជាជនអាម៉េរិក  
 
បើតាមអ្នកជំនាញសេដ្ឋកិច្ចលោក Ryan Sweet ការដាក់ពន្ធនាំចូលច្រើនតែមានលក្ខណៈនយោបាយជាងសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចភាគច្រើនចាត់ទុកពន្ធនេះថាជាគំនិតមិនល្អ ព្រោះវារារាំងប្រទេសពីការទទួលបានអត្ថប្រយោជន៍ពីជំនាញការងារ រំខានដល់លំហូរនៃផលិតផល និងសេវាកម្ម និងធ្វើឱ្យធនធានមិនត្រូវបានសម្របសម្រួល។ 
 
ពន្ធនេះនឹងធ្វើឱ្យក្រុមហ៊ុនចែកចាយ អ្នកលក់រាយ និងអ្នកប្រើប្រាស់ចាយលុយថែមទៀត។ ការសិក្សាឆ្នាំ២០២៣ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិកបានរកឃើញថាក្រុមហ៊ុនគួរតែទទួលបន្ទុកស្ទើរតែទាំងស្រុងនៃការដាក់ពន្ធនាំចូលរបស់ ត្រាំ ។
 
អាក្រក់ជាងនេះទៅទៀត អាជីវកម្មមួយចំនួនបានទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មដើម្បីជំរុញថ្លៃទំនិញ។ ក្រុមហ៊ុនហិរញ្ញវត្ថុ Goldman Sachs បានរកឃើញថា ក្រុមហ៊ុនផលិត និងអ្នកនាំចេញអាម៉េរិកមួយចំនួននៅក្រៅប្រទេសចិន បានដំឡើងថ្លៃផលិតផលដោយលើកហេតុផលនៃការបង្កើនពន្ធនាំចូល។ របាយការណ៍របស់ធនាគារកណ្តាលនៅ New York បង្ហាញថា ពន្ធដែលលោក ត្រាំ បានដាក់ក្នុងឆ្នាំ២០១៨ ធ្វើឱ្យគ្រួសារអាម៉េរិកត្រូវចំណាយបន្ថែម ៤១៩ដុល្លារក្នុងមួយឆ្នាំ។
 
លំហូរទំនិញនាំចូល ក្រោយពីការដាក់ពន្ធ
 
ជំងឺរាលដាលកូវីដ-១៩ បានផ្លាស់ប្តូរឥទ្ធិពលនៃការដាក់ពន្ធនាំចូលពីជំនាន់លោក ត្រាំ លើផលិតកម្ម និងពាណិជ្ជកម្មរបស់អាម៉េរិក។ មុនពេលផ្ទុះកូវីដ-១៩ អ្នកនាំចូលអាម៉េរិកបានចាប់ផ្តើមស្វែងរកផលិតផលជំនួសសម្រាប់ផលិតផលចិន។ ប៉ុន្តែនៅពេលដែលជំងឺផ្ទុះឡើង ហើយតម្រូវការកើនទៀតនោះ ទំនិញក្នុងស្តុកនៅអាម៉េរិកបានថយចុះយ៉ាងឆាប់រហ័ស។ ពេលនោះ សន្ទុះនៃការនាំចូលទំនិញពីចិនចាប់ផ្តើមកើនឡើងជាថ្មី។ 
 
ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ ២០២៣ ការនាំចូលពីប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងថយចុះ ៣ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ ផ្ទុយទៅវិញ ការនាំចូលពីប្រទេសអាស៊ីមួយចំនួនទៅកាន់អាម៉េរិកកើនឡើង៥០ភាគរយ។
 
អ្នកស្រី Nicole Cervi សេដ្ឋវិទូនៅក្រុមហ៊ុនហិរញ្ញវត្ថុ Wells Fargo បាននិយាយថា ហេតុផលមួយផ្នែកអាចមកពីអាជីវកម្មចិនផ្លាស់ទីរោងចក្រទៅប្រទេសទាំងនេះ ដើម្បីគេចពីពន្ធនៅពេលចូលអាម៉េរិក។
 
ចំណែកលោក Peter Sand អ្នកវិភាគនៅក្រុមហ៊ុនទិន្នន័យភ័ស្តុភារ Xeneta បាននិយាយថា ទិន្នន័យដែនសមុទ្រនាពេលថ្មីៗនេះបង្ហាញបំណងរបស់ចិនជៀសវាងការយកពន្ធចូលអាម៉េរិកតាមរយៈម៉ិកស៊ិកវិញ។ រដ្ឋបាលលោក បៃឌិន កំពុងសម្លឹងមើលការរឹតបន្តឹងសកម្មភាពនេះ និងដាក់សម្ពាធលើប្រទេសជិតខាង ដើម្បីរារាំងប្រទេសចិនពីការលក់លោហធាតុទៅអាម៉េរិកតាមរយៈប្រទេសនេះ។ 
 
ជារួម ពន្ធថ្មីប្រហែលជាមិនមានឥទ្ធិពលខ្លាំងលើផលិតផលក្នុងស្រុកសរុបរបស់អាម៉េរិក អតិផរណា និងអត្រាការប្រាក់ទេ ប៉ុន្តែវានឹងបង្អាក់ទំនាក់ទំនងសេដ្ឋកិច្ចអាម៉េរិក និងចិនក្នុងរយៈពេលយូរ៕ 
 

Tag:
 ពន្ធ
  ទំនិញ ​
  សេដ្ឋកិច្ច
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com