កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Spurs ប្រជែងកៅអី Europa ខណៈ Man Utd និង Newcastle សល់ឱកាសតិចតួចសម្រាប់កៅអី Conference
16, May 2024 , 10:24 am        
រូបភាព
Chelsea ឈ្នះ Brighton ២-១ ដណ្តើមបានចំណាត់ថ្នាក់ទី៦ នៅ Premier League ពី Newcastle United ដែលចាញ់ Manchester United ៣-២ ក្នុងជំនួបលីគសប្តាហ៍ទី៣៧។ ជ័យជម្នះនេះ ជួយតោខៀវមានឱកាសប្រជែងកៅអី UEFA Europa League ជាមួយ Tottenham Hotspur ស្របពេល Newcastle និង Man Utd សល់ឱកាសតិចតួចក្នុងការប្រជែងកៅអី Europa Conference League រដូវកាលក្រោយ។



Cole Palmer នៅតែបង្ហាញទេពកោសល្យដ៏អស្ចារ្យ ក្នុងការរកគ្រាប់បាល់ឱ្យ Chelsea ក្នុងការប្រកួតលីគសប្តាហ៍ទី៣៧ ទល់នឹង Brighton។ គ្រាប់ទីពីររបស់តោខៀវសម្រចបានដោយខ្សែប្រយុទ្ធ Christopher Nkunku មុនពេល Danny Welbeck រកបាន១គ្រាប់សម្រាប់ Brighton។
 
នេះជាជ័យជម្នះ៣លើកចុងក្រោយជាប់គ្នារបស់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Mauricio Pochettino បន្ទាប់ពីធ្វើមិនបានល្អចាប់ពីដើមរដូវកាលមក។ ៣ពិន្ទុបន្ថែមនៅជំនួបទី៣៧នេះ បានជួយ Chelsea ដណ្តើមបានចំណាត់ថ្នាក់ទី៦ពី Newcastle និងមានឱកាសប្រជែងកៅអី Europa League ជាមួយ Spurs នៅជំនួបបិទរដូវកាលថែមទៀត។
 
Chelsea កើន៦០ពិន្ទុ តាមពីក្រោយ Spurs ចំនួន៣ពិន្ទុ តែមានសំណល់គ្រាប់បាល់ល្អជាង។ ជំនួបចុងក្រោយ Chelsea ជួប Bournemouth ស្របពេល Spurs តទល់ Sheffield United។
 
ដោយឡែក ជ័យជម្នះរបស់ Man Utd លើ Newcastle ក្នុងលទ្ធផល ៣-២ បានជួយក្រុមលោក Erik ten Hag មានឱកាសតិចតួចប្រជែងកៅអី Europa Conference League រដូវកាលក្រោយជាមួយ Newcastle និង Chelsea។
 
Newcastle ធ្លាក់ទៅចំណាត់ថ្នាក់ទី៧ មាន៥៧ពិន្ទុ ស្មើ​ Man Utd ដែលឈរលេខ៨ ប៉ុន្តែបិសាចក្រហមមានសំណល់គ្រាប់ទាបបំផុតចំណោមក្រុមទាំង៣ ដែលធ្វើឱ្យពួកគេមានឱកាសតិចបំផុតសម្រាប់ការប្រជែងកៅអីកម្រិតទី៣អឺរ៉ុប។
 
ជំនួបបិទរដូវកាល Man Utd ត្រូវតទល់ Brighton ស្របពេល Newcastle ជួប Brentford នៅថ្ងៃទី១៩ ខែឧសភា វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com