ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងចរចាកិច្ចព្រមព្រៀង«ការ​មិន​យកពន្ធ​ត្រួត​គ្នា​»ជាមួយប្រទេសចំនួន៧ទៀត
19, Apr 2024 , 2:33 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។ រូបថត៖ GDT
កម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមពៀងការមិនយកពន្ធត្រួតគ្នា(DTA) ជាមួយបណ្តាប្រទេសដៃគូចំនួន៧ទៀត។ ក្នុងនោះមាន ការចរចាជាមួយប្រទេស​ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និង​អេ​មី​រ៉ា​ត​​អារ៉ាប់​រួម។ នេះ​បើ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ ចុះថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤។​

 
DTA មិនត្រឹមដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិថែមទៀត។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ បានបញ្ជាក់ថា DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ មានការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន។
 
លើសពីនេះ DTA ក៏ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ រួមទាំងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធ...ជាដើម។
 
កន្លងមក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា នៅពេល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​បែប​​នេះ​កាន់តែច្រើន ​(​ប្រទេស​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​)​ ​នឹង​ជួយ​ឱ្យ​សកម្មភាព​ពាណិជ្ជ​កម្ម​កម្ពុជា​កាន់តែ​មមា​ញឹក​ជាង​មុន​។​ លោក លើកឡើងបែបនេះដោយមើលឃើញដូច្នេះ ៖«គ្រប់​អ្នកវិនិយោគ គឺ​តែងតែ​ចង់ឱ្យមាន​កិច្ចព្រមព្រៀង​នេះ ដើម្បីឱ្យ​ពួកគេ​អាច​ទទួលបាន​ប្រាក់​ចំ​​ណេ​ញ​ពី​ការបង់ពន្ធ​មួយចំនួន»​។ 
 
សម្រាប់អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សមិទ្ធផល​ថ្មីៗ​ដែលរដ្ឋាភិបាលសម្រេចបានជា​បន្តបន្ទាប់មកទល់សព្វថ្ងៃ ​ដូចជា ច្បាប់​វិនិយោគ​ថ្មី​, ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​, ព្រមទាំង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា នឹង​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់​​ទុន​ផ្ទាល់​កាន់តែច្រើន​​។​
 
គួររំលេចថា ​ក្រៅតែពី​កិច្ចព្រមព្រៀង​ «​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​»​ ដែល​កម្ពុជាកំពុង​ចរចាជាមួយប្រទេសដៃគូទាំង៧ខាងលើនេះ កម្ពុជា​អនុវត្តកិច្ចព្រមព្រៀងនេះជាមួយប្រទេស/តំបន់​ចំនួន១១។ រួមមាន​ ប្រទេសសិង្ហ​បុរី​, ចិន​, ប្រ៊ុយណេ​, ថៃ​, ឥណ្ឌូណេស៊ី​, វៀតណាម​, តំបន់​រដ្ឋ​បាល​ពិសេស​ហុងកុង​, ម៉ាឡេស៊ី​, កូរ៉េ​, តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​តួ​ក​​គី​៕ 

Tag:
 ពន្ធដារ
  DTA
© រក្សាសិទ្ធិដោយ thmeythmey.com