កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ស្មើ Real តែ Ancelotti មិនពេញចិត្តការលេងខ្លាចម្ចាស់ផ្ទះរបស់កូនក្រុម
01, May 2024 , 10:59 am        
រូបភាព
លោក Carlo Ancelotti ខកចិត្តចំពោះទម្រង់លេងរបស់កូនក្រុម ដែលព្យាយាមការពារខ្លាំងពេក ក្នុងជំនួបដែល Real Madrid ប្រកួតស្មើ ម្ចាស់ផ្ទះ Bayern Munich លទ្ធផល ២-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រជើងទី១។



ក្រោយជំនួបជើងទី១ នៅកីឡដ្ឋាន Allianz Arena ដេលធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមេសា កីឡាករ​ Vinicius Jr បានស៊ុតគ្រាប់បើកឆាកនៅក្នុងវគ្គទីមួយ ដើម្បីជួយ Real Madrid នាំមុខលើម្ចាស់ផ្ទះ Bayern ១-០ មុន។ ចូលវគ្គទីពីរនៅត្រឹមនាទី៥៣ ដល់នាទី៥៧ ពោលតែ ៤នាទីប៉ុណ្ណោះ Bayern វាយបករកបាន ២គ្រាប់ មកវិញ​ កែប្រែប្រព័ន្ធលេងនៃការប្រកួតដែល Real ធ្វើបានល្អកាលពីវគ្គទីមួយ។ យ៉ាងណា Vinicius Jr អាចរកគ្រាប់តាមស្មើ ២-២ ឡើងវិញ បន្ទាប់ពីទទួលបានការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។
 
ទោះបីជាទទួលបានលទ្ធផលមិនចាញ់ការប្រកួតក៏ដោយ តែប្រព័ន្ធលេងរបស់កូនក្រុមបានធ្វើឱ្យលោក Ancelotti ខឹងសម្បារយ៉ាងខ្លាំង និងរិះគន់កូនក្រុមមិនសំចៃមាត់។
 
«លទ្ធផលការប្រកួតគឺល្អប្រសើរហើយ ប៉ុន្តែកម្រិតនៃការលេងយើងគួរតែធ្វើឱ្យបានល្អជាងនេះទៅទៀត។ Bayern បានបង្ហាញមកកាន់យើងពីចក្ខុវិស័យរបស់ពួកគេ ហើយយើងគ្មានរឿងទាំងអស់នេះ។ នៅវគ្គទីមួយយើងការពារ ប៉ុន្តែជាមួយនឹងសម្ពាធតិចតួច ក្នុងវគ្គទីពីរពួកគេបាននាំមុខ ហើយយើងចាប់ផ្តើមប្រជែងបាល់ ក៏មិនគ្រប់គ្រាន់។ ជាអារម្មណ៍មួយផ្សេងទៀតគឺថាយើងផ្តល់ឱ្យពួកគេគ្រប់គ្រងការប្រកួតមកលើយើងបាន។»។ នេះបើតាមសម្តីរបស់លោក Ancelotti។
  


ដោយឡែក កីឡាករសញ្ជាតិប្រេស៊ីល ដែលស៊ុតបាល់ ២គ្រាប់ក្នុងការប្រកួត Vinicius Jr លើកឡើងថាការប្រកួតទល់ Bayern ពិតជាលំបាក ប៉ុន្តែខ្លួនក៏សង្ឃឹមថាពេលវិលត្រឡប់ទៅកាន់ទឹកដី Bernabeu ក្រុមនឹងអាចយកឈ្នះការប្រកួតបានឡើងវិញ។
 
ខ្សែប្រយុទ្ធប្រេស៊ីលបានអះអាងដូច្នេះ៖«យើងតែងតែចង់ឈ្នះ ប៉ុន្តែយើងដឹងថាការប្រកួតមួយនេះគឺនឹងត្រូវធ្វើបែបណា។ យើងមិនអាចធ្វើឱ្យរបូតបាល់បានទេ ព្រោះតែក្រុមបានស៊ុតបញ្ចូលទីដែលជាឱកាសដែលគូប្រកួតនឹងអាចមានដូចគ្នា។ យើងត្រូវតែបន្តការតាំងចិត្ត សម្រាក់ដល់សប្តាហ៍ក្រោយ ហើយយើងនឹងដឹងថាយើងនិងអ្នកគាំទ្រ ត្រៀមផ្តល់អ្វីគ្រប់យ៉ាងនៅក្នុងកីឡដ្ឋាន Santiago Bernabeu។»។ 
  


ប៉ះគ្នា ៨លើក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Bayern និង Real Madrid ក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់តែងតែចាប់ផ្តើមការប្រកួតបានល្អជាងក្រុមភ្ញៀវ។ ២គ្រាប់របស់ម្ចាស់ផ្ទះ ធ្វើបានដោយ Leroy Sane នៅនាទី៥៣ រួមចំណែកក្រោយ Harry Kane ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នាទី៥៧។ Kane ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស​ បានបញ្ជាក់ថាក្រុមខ្លួនត្រូវតែប្រជែងដណ្តើមពាន UCL ឱ្យខាងតែបាននៅក្នុងរដូវកាលនេះ ព្រោះជាពានតែមួយដែលខ្លួនត្រូវប្រជែង។
 
Kane បាននិយាយក្នុងសន្និសីទកាសែតដូច្នេះ៖«​អ្វីដែលយើងប្រយុទ្ធដើម្បីខ្លាំងបំផុតនោះ ពានរង្វាន់មួយនេះ។ យើងត្រូវតែរកវិធីសាស្ត្រដើម្បីធ្វើវាឱ្យបាន។ Real Madrid ក៏ជាក្រុមមួយដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញ ប៉ុន្តែយើងត្រូវតែបញ្ចេញភាពជឿជាក់របស់យើងសម្រាប់ការយកឈ្នះ។ Champions League នេះគឺជាពានធំជាងគេបង្អស់ ប្រសិនបើយើងអាចធ្វើបានដោយយកដៃយើងដាក់លើវា នោះវានឹងក្លាយជារឿងដ៏អស្ចារ្យបំផុតសម្រាប់រដូវកាលនេះ៕

Tag:
 UEFA Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com