សង្គមអន្តរជាតិ​
អន្តរជាតិ
កាណាដាកម្រិតម៉ោងធ្វើការត្រឹម ២៤ម៉ោងក្នុងមួយសប្តាហ៍ចំពោះនិស្សិតអន្តរជាតិ
01, May 2024 , 8:59 pm        
រូបភាព
រូបភាព ៖ Immigration Canada
រូបភាព ៖ Immigration Canada
ចាប់ពីខែកញ្ញា ឆ្នាំ២០២៤​ និស្សិតអន្តរជាតិដែលកំពុងសិក្សានៅកាណាដា អាចធ្វើការបានត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍នៅក្រៅបរិវេណសាលា។ ក្រោមបទប្បញ្ញត្តិថ្មីនេះមានគោលបំណងស្ដារ និងពង្រឹងគុណភាពនៃប្រព័ន្ធចូលរៀនអន្តរជាតិនៅក្នុងប្រទេសនេះ។

 
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ ជនភៀសខ្លួន និងសញ្ជាតិកាណាដា លោក Marc Miller បាននិយាយនៅថ្ងៃទី៣០ ខែមេសាថា រដ្ឋាភិបាលកាណាដានឹងកំណត់ម៉ោងធ្វើការប្រចាំសប្តាហ៍ឡើងវិញសម្រាប់និស្សិតអន្តរជាតិដោយក្នុងនោះកាត់បន្ថយពី ៤០ម៉ោងទៅ ២៤ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដើម្បីធានាដល់គុណភាពសិស្សដែលទៅរៀននៅប្រទេសនេះ។ 
 
ការកម្រិតម៉ោងធ្វើការប្រចាំសប្តាហ៍នាឆ្នាំសិក្សាកន្លងមកថ្មីៗនេះ ត្រូវបានលើកលែងជាបណ្ដោះអាសន្នអំឡុងពេលមានជំងឺរាលដាលកូវីដ-១៩ ដើម្បីជួយកាណាដាទប់ទល់នឹងការខ្វះខាតកម្លាំងពលកម្ម និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើនិស្សិតអន្តរជាតិនាពេលនោះ។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោករដ្ឋមន្ត្រី Miller បានបញ្ជាក់ថា ៖« នេះជាការផ្លាស់ប្តូរដ៏ចាំបាច់មួយ ដើម្បីជួយនិស្សិតបរទេសផ្តោតទៅលើការសិក្សារបស់ពួកគេ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ 
 
សមត្ថភាពក្នុងការធ្វើការច្រើនម៉ោងនៅខាងក្រៅសាលា ជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់និស្សិតអន្តរជាតិទៅសិក្សានៅកាណាដា ព្រោះថាការងារបានជួយឲ្យនិស្សិតទាំងនេះទូទាត់ថ្លៃសិក្សាខ្ពស់ ព្រមទាំងប្រមូលបទពិសោធន៍ដើម្បីអាចក្លាយជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍នៅទីនោះ។
 
ស្ថិតិបឋមបង្ហាញថា ថ្លៃសិក្សារបស់និស្សិតអន្តរជាតិជាធម្មតាមានតម្លៃខ្ពស់ជាង៣ ទៅ៤ដងនៃនិស្សិតក្នុងស្រុក។ យ៉ាងណាមិញ រយៈពេល១០ឆ្នាំមកនេះ ចំនួននិស្សិតអន្តរជាតិដែលទៅកាណាដាបានកើនឡើង៣ដងប្រមាណ ១លាននាក់កាលពីឆ្នាំមុន។ និយោជកនៅប្រទេសនេះ បានជ្រើសរើសនិស្សិតឱ្យធ្វើការនៅក្នុងភោជនីយដ្ឋាន ហាងលក់គ្រឿងទេស ឃ្លាំង រោងចក្រ និងការងារដែលមានប្រាក់ចំណូលទាបផ្សេងទៀត។
 
បច្ចុប្បន្ន រដ្ឋាភិបាលកាណាដាកំពុងប្រឈមមុខនឹងការតវ៉ាពីពលរដ្ឋទាក់ទងនឹងអត្រាអន្តោប្រវេសន៍ខ្ពស់ ដែលប៉ះពាល់ដល់តម្លៃផ្ទះ និងថ្លៃរស់នៅ។ យ៉ាងណាមិញ ការរឹតបន្តឹងលើកម្មករបណ្តោះអាសន្ន និងនិស្សិតអន្តរជាតិក៏បង្កបញ្ហាដល់ប្រព័ន្ធកម្លាំងពលកម្មដែលខ្វះខាតនៅប្រទេសនេះផងដែរ៕ 

Tag:
 កាណាដា
  និស្សិតអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com