ជាតិ
សម្តេច ហ៊ុន ម៉ាណែត ជំរុញការ​រៀបចំធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន
02, May 2024 , 6:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ដោយ: រួបរួម
ប្រមុខ​រដ្ឋាភិបាល កោតសរសើរ​​ចំពោះ​ការ​ផ្តួចផ្តើមរបស់​ក្រសួងព័ត៌មាន​ក្នុង​ការ​រៀបចំធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន។ ក្នុងចំណោមអនុសាសន៍ជាច្រើននា​ឱកាស​អបអរទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក​លើកទី៣១ សម្តេច ហ៊ុន ម៉ាណែត ​បាន​ជំរុញ​ក្រសួងព័ត៌មាន​ឱ្យ​បន្តយក​ចិត្ត​ទុកលើចំណុច​នេះ ដើម្បីឈានទៅ​​កំណត់​នីតិវិធី​ប្រតិបត្តិការស្តង់ដា​ស្តីពីក្រម​សីលធម៌អ្នក​សារព័ត៌មាននៅកម្ពុជា។

 
«ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មានផ្អែកលើអភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន” របស់ក្រសួងព័ត៌មាន ខ្ញុំសូមវាយ- តម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន»។ នេះជាការគូស​បញ្ជាក់របស់​សម្តេច ហ៊ុន ម៉ាណែត ក្នុង​សារលិខិត សម្រាប់ទិវា​សេរីភាពសារព័ត៌មាន​ ថ្ងៃទី​៣ ខែឧសភា។
 
ក្រសួង​ព័ត៌មាន ចាប់ផ្តើម​រៀបចំ​សិក្ខាសាលាតម្រង់ទិសលើ​ក្រម​សីលធម៌វិជ្ជាសារព័ត៌មាន និង​ជាការ​ប្រមូលធាតុចូល​ពីអ្នក​ពាក់ព័ន្ធទាំងអស់​ដើម្បី​ឈានទៅ​បង្កើត​ធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន​សម្រាប់​ដាក់ឱ្យ​អ្នក​ប្រកប​វិជ្ជាជីវៈសារព័ត៌មានគោរព និង​ប្រតិបត្តិ។
 
បើតាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺជាក្រមខ្ពស់បំផុត និង ជាក្រមស្តង់ដារប្រតិបត្តិរួម(SOP)សម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ហើយ​បច្ចុប្បន្ន​ពុំទាន់មាន​ក្រម​សីលធម៌​វិជ្ជាជីវៈណាមួយសម្រាប់ដាក់ឱ្យ​អនុវត្តនោះឡើយ ពោល​គឺមាន​តែក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​សមាគមនីមួយៗតែប៉ុណ្ណោះ។ 
 
«ជាង​៣០​ឆ្នាំមកហើយ​ដែល​ក្រសួងបានផ្តល់ឱកាស​ឱ្យ​សមាគមអ្នក​សារព័ត៌មាន​រួមគ្នា​បង្កើតក្រម​សីលធម៌​រួមមួយ តែរហូតមក​ដល់ពេលនេះនៅតែមិនទទួលបានជោគជ័យ»។ នេះជាការកត់សម្គាល់​ក្នុង​របាយការណ៍​ក្រសួង​ព័ត៌មាន ក្រោយ​ការ​រៀបចំ​សិក្ខាសាលា​តម្រង់លើក​ដំបូង​កាលពី​ថ្ងៃទី​១៩ ខែ​មេសា នៅទីស្តីការក្រសួង។
 
ក្នុងសារលិខិត​ដដែល សម្តេច ហ៊ុន ម៉ាណែត បង្ហាញពី​ការគាំទ្រលើទិសដៅយុទ្ធសាស្ត្រ​របស់​ក្រសួងព័ត៌មាន​ស្តីពី​ការពង្រឹង​បទដ្ឋាន​បច្ចេក​ទេស ​ការ​ទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ហើយ​ការយកចិត្តទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់។
 
ក្រៅពីជំរុញ​ការយក​ចិត្ត​ទុកដាក់ធម្មនុញ្ញា​វិជ្ជាជីវៈ​សារព័ត៌មាន សម្តេច ហ៊ុន ម៉ាណែត បាន​ផ្តល់អនុសាសន៍​ដល់​ក្រសួងព័ត៌មានឱ្យពង្រឹងលើកកម្ពស់សមត្ថភាពអ្នក​សារព័ត៌មាន, ការ​បន្ត​ពិនិត្យ​ច្បាប់ពាក់ព័ន្ធនានា, រៀបចំ​កំណត់គោលការណ៍ណែនាំ​ស្តីពី​ការ​ផលិតមាតិកា និង​ការផ្សព្វផ្សាយ​របស់អ្នក​កាសែតប្រជា​ពលរដ្ឋដើម្បីលុប​បំបាត់​ភាពអាណាធិបតេយ្យ​លើ​បណ្តាញ​សង្គម និង​រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន។
 
ស្របពេល​ជាមួយ​ផងដែរ សម្តេច​បាន​ណែនាំដល់អ្នក​សារព័ត៌មាន​បន្ត​ចូលរួមថែរក្សា​សុខសន្តិភាព, ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ, ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការ​បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង​ការ​បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ។
 
ជំនួប​អ្នក​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី ឈាន​ដល់ឱកាស​លើកទី​៦ ​ថ្ងៃទី៣ ខែឧសភា នេះ ដោយសម្តេច ហ៊ុន ម៉ាណែត នឹងរៀបចំអាហារសាមគ្គីជាមួយ​បណ្តាអ្នក​សារព័ត៌មាននៅ​កម្ពុជា នា​មជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ។
 
​ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ធ្វើឡើង​ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដែលបង្ហាញពីសារសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។ 
 
នៅ​កម្ពុជា សម្តេច ហ៊ុន ម៉ាណែត កត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com