ជាតិ
អ្នកសារព័ត៌មានវ័យក្មេង ៣រូប ឱ្យតម្លៃ និងប្រកាន់យកក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់
02, May 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកសារព័ត៌មាន ជាតួអង្គស្នូលសំខាន់មួយ ដែលផ្សព្វផ្សាយព័ត៌មានពិត និងផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានសង្គម ក្នុងន័យផ្តល់ប្រយោជន៍រួមទាំងពលរដ្ឋ និងប្រទេស។ អ្នកសារព័ត៌មាន ជាអ្នកនាំសារពីពលរដ្ឋទៅកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាល មកកាន់ពលរដ្ឋវិញ។ អ្នកសារព័ត៌មាន ត្រូវប្រកាន់យកក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់​ ក្នុងការអនុវត្តការងារ។



អ្នកសារព័ត៌មានវ័យក្មេង ៣រូប មើលឃើញថា ការងារជាអ្នកសារព័ត៌មាន ទាមទារឱ្យមានការអត់ធ្មត់ និងមានទំនួលខុសត្រូវខ្ពស់។ អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈ និងក្រមសីលធម៌ ជាពិសេសត្រូវផ្សាយរឿងពិតជាក់ស្តែង មានការវិនិច្ឆ័យត្រឹមត្រូវ ផ្ទៀងផ្ទាត់ព័ត៌មាន និងការគោរពសិទ្ធិប្រភពផ្តល់ព័ត៌មាន។ អ្នកកាសែត ក៏មានតួនាទីរក្សាឯកជនភាព និងការពារប្រភពផងដែរ នៅពេលមានបញ្ហាកើតឡើង។ 
 
លោក សាំ ឧត្តម ដែលបានបញ្ចប់ការសិក្សាលើជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្នុងឆ្នាំ២០២២ កំពុងបម្រើការងារនៅក្នុងវិទ្យុបារាំងអន្តរជាតិRFI។ វាមិនមែនជាភាពចៃដន្យនោះឡើយ ដែល ឧត្តម ជ្រើសយកជំនាញនេះ។ នោះក៏ព្រោះតែ យុវជនវ័យ២៤ ឆ្នាំ មកពីខេត្តកំពតរូបនេះ ជាមនុស្សចូលចិត្តតាមដានព័ត៌មាន និងអានព័ត៌មាន តាំងពីថ្នាក់វិទ្យាល័យ។

លោក សាំ ឧត្តម គឺជាអ្នកសារព័ត៌មានមួយរូប ដែលកំពុងបម្រើការងារនៅក្នុងវិទ្យុបារាំងអន្តរជាតិRFI។
 
ជាយុវជន មានឆន្ទៈក្នុងវិស័យសារព័ត៌មាននេះ លោក ឧត្តម ចង់កែប្រែផ្នត់គំនិតសង្គមមួយផ្នែក តាមរយៈការសសេរព័ត៌មាន និងពាំនាំសំឡេងពលរដ្ឋ ទៅកាន់រដ្ឋាភិបាល ដើម្បីឱ្យមានផ្លាស់ប្តូរនិន្នាការ ណាមួយ។ លើសពីនេះ​លោក ក៏ចង់លុបបំបាត់រូបភាពអវិជ្ជមាន ដែលកំពុងកើតមានក្នុងសង្គម និងសហគមន៍ផងដែរ។ 
 
ដំបូងឡើយ ឧត្តម បានចូលហាត់ការងារនៅស្ថាប័នសារព័ត៌មានវីអូឌី អស់រយៈពេល៦ខែ នាអំឡុងពេលជានិស្សិត។ ក្រោយមកសិក្ខាកាមសិក្សាជំនាញសារព័ត៌មានរូបនេះ ក៏បានចូលហាត់ការងារនៅក្នុងវិទ្យុបារាំងអន្តរជាតិRFI នៅឆ្នាំ២០២១ ហើយក៏មានឱកាសបានបម្រើការងារនៅស្ថាប័ននេះ រហូតមកដល់បច្ចុប្បន្ន។ លោក ឧត្តម គឺជាអ្នកសសេរព័ត៌មានមួយរូប​ ដែលផ្តោតលើព្រឹត្តិការណ៍សង្គម បរិស្ថាន នយោបាយ សេដ្ឋកិច្ច។ សម្រាប់ការប្រមូលព័ត៌មានផ្សព្វផ្សាយនោះ លោក ឧត្តម ត្រូវចុះទៅកាន់ទីតាំងផ្ទាល់ ដើម្បីផ្តិតយករូបភាព ។ 
  
 លោក ឧត្តម ចង់កែប្រែផ្នត់គំនិតសង្គមមួយផ្នែក តាមរយៈការសសេរព័ត៌មាន និងពាំនាំសំឡេងពលរដ្ឋ ទៅកាន់រដ្ឋាភិបាល ដើម្បីឱ្យមានផ្លាស់ប្តូរនិន្នាការ ណាមួយ។

ឆ្លងកាត់បទពិសោធន៍ជាង​៣ឆ្នាំមកនេះ លោក ឧត្តម ប្រឈមមុខរឿងរ៉ាវជាច្រើ​ន ដិតជាប់ក្នុងអារម្មណ៍ ដោយមានទាំងពាក្យរិះគន់ ការឃ្លាំមើលពីសំណាក់អាជ្ញាធរ ការបង្ខំឱ្យលុបរូបភាព ដកហូតទូរសព្ទ ឧបករណ៍ថតសំឡេង និងការគំរាមជាដើម។ យ៉ាងណាមិញ ហេតុការណ៍ទាំងអស់នេះ គឺចៀសមិនផុតនោះឡើយ នៅក្នុងអាជីពមួយនេះ ។ ប៉ុន្តែអ្នកកាសែតវ័យក្មេងរូបនេះ នូវតែប្រកាន់ជំហរខ្លួនច្បាស់ណាស់ ពីការផ្សាយព័ត៌មានពិត និងច្បាស់លាស់។
 
​អ្នកសារព័ត៌មាន មកពីខេត្តកំពតរូបនេះ បានលើកឡើងថា អ្នកសារព័ត៌មាន គឺមានទំនួលខុសត្រូវខ្ពស់ ទាំងខ្លួនឯង សង្គម និងស្ថាប័ន ។ អ្វីដែលសំខាន់ គឺក្រមសីលធម៌ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតឡើយ  ជាពិសេសមិនត្រូវបំប៉ោងព័ត៌មាន ពីរឿងតូចឱ្យក្លាយជារឿងក្តៅឡើយ។ 
  
 លោក ឧត្តម គឺជាអ្នកសសេរព័ត៌មានមួយរូប​ ដែលផ្តោតលើព្រឹត្តិការណ៍សង្គម បរិស្ថាន នយោបាយ សេដ្ឋកិច្ច។ 

«ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយឡែកការសសេរព័ត៌មាន ក៏ត្រូវមានការអះអាង ត្រួតពិនិត្យព័ត៌មានឱ្យបានច្បាស់លាស់ផងដែរ។ ការសសេររបស់អ្នកកាសែតពេលខ្លះ អាចប៉ះពាល់ទៅដល់ផលប្រយោជន៍ ឬសេចក្តីថ្លៃថ្លូររបស់បុគ្គលណាមួយ ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវមានទំនួសខុសត្រូវ ការពារកេរ្តិ៍ឈ្មោះរបស់បុគ្គលនោះ»។ នេះបើតាមលោក ​សាំ ឧត្តម ។ 
 
ជាការពិត អ្នកសារព័ត៌មាន គឺមានសិទ្ធិផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់។ វិសាលភាពនៃការផ្សព្វផ្សាយ មានភាពទូលំទូលាយណាស់ ប៉ុន្តែអ្នកកាសែតត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈអ្នកសារព័ត៌មានដែរ។ នេះជាការលើកឡើងរបស់កញ្ញា អ៊ីសា ហាសា​ណះ ដែលកំពុងបម្រើការងារនៅស្ថានីយទូរទស្សន៍PNN ។

ក​ញ្ញា អ៊ីសា ហាសា​ណះ គឺជាអ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារនៅស្ថានីយទូរទស្សន៍PNN ។
 
ផ្ដើមការងារកាសែត នៅឆ្នាំ២០២០ ដែលមិនមែនជាជំនាញក្នុងក្តីស្រមៃរបស់ខ្លួននោះឡើយ កញ្ញា ហាសា​ណះ បានប្រឹងប្រែងសម្រួចសមត្ថភាពបន្តិចៗ រហូតទទួលបានឱកាសការងារ នៅក្នុងស្ថានីយទូរទស្សន៍ដ៏ធំមួយនៅកម្ពុជា ។ ការតាំងចិត្ត , សិក្សារៀនសូត្រពីរៀមច្បង ជាពិសេសជំនាញវិជ្ជាជីវៈ បានជួយឱ្យ ហាសា​ណះ សំលៀងសមត្ថភាព និងកាន់តែវិវឌ្ឍន៍ ។
 
«ការដើរចេញក្រៅដើរច្រើន សម្រាប់យើងជាអ្នកកាសែត គឺវាល្អជាងយើងនៅមួយកន្លែង ចាំតែផុសផ្សាយ។ ហើយពេលចេញក្រៅ អាចធ្វើឱ្យយើងមានឱកាសទទួលបានព័ត៌មានច្រើនជាង នៅខាងក្នុង។ ការចេញនៅខាងក្រៅត្រូវជួបមនុស្សច្រើន ហើយអ្នកខ្លះផ្តល់តម្លៃឱ្យអ្នកសារព័ត៌មាន ហើយអ្នកខ្លះក៏គាត់មិនផ្តល់តម្លៃឱ្យអ្នកសារព័ត៌មានណាស់ណានោះឡើយ។ ហេតុផលមួយចំនួន អាចមកពីពួកគាត់(ប្រភព)ធ្លាប់ជួបបញ្ហាជាមួយអ្នកសារព័ត៌មាន ដែលខ្វះវិជ្ជាជីវៈ ធ្វើឱ្យពួកគាត់ពិបាកនឹងនិយាយជាមួយយើង ពេលយើងសម្ភាស»។ នេះជាការលើកឡើងរបស់ កញ្ញា អ៊ីសា ហាសាណះ ដែលបញ្ចប់ការសិក្សាលើជំនាញទំនាក់ទំនងអន្តរជាតិ។
   
 ជាស្រ្តីអ្នកសារព័ត៌មាន​មួយរូប ហាសាណះ បានរៀនពីរបៀបយកព័ត៌មាន ការសម្ភាសប្រភពដូចជា មន្រ្តីរដ្ឋាភិបាល និងពលរដ្ឋជាដើម។

ដ្បិតដឹងហើយថា ស្ត្រីអ្នកសារព័ត៌មាន តែងជួបបញ្ហាប្រឈមច្រើន នាពេលបំពេញបេសកកម្ម ប៉ុន្តែកញ្ញា  ហាសាណះ នៅតែចង់់បំពេញការងារមួយនេះ ។ នោះក៏ព្រោះតែ ហាសាណះ ចង់បង្ហាញទៅកាន់សង្គមថា ស្រ្តី គឺជាសំឡេងដ៏មានឥទ្ធិពលមួយ នៅក្នុងវិស័យសារព័ត៌មាន។ ស្ត្រីខ្មែរអ៊ីស្លាមរូបនេះ ក៏ចង់ឱ្យបុគ្គលមួយចំនួន ផ្លាស់ប្តូរផ្នត់គំនិត អំពីស្រ្តីនៅក្នុងវិស័យសារព័ត៌មាន មិនសូវខ្លាំងដូចអ្នកសារព័ត៌មានជាបុរសដែរ។ អ្វីដែល ហាសាណះ ចង់ឃើញនោះ គឺការផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសស្រ្តី​ជាអ្នកសារព័ត៌មាន ទទួលបានការយោគយល់ និងចូលរួមសហការ ដើម្បីប្រយោជន៍រួម។

សង្គមជាតិណាក៏ដោយ មិនថាប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ សុទ្ធតែត្រូវការអ្នកសារព័ត៌មាន ដើម្បីភ្ជាប់ប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល។ សម្រាប់លោក ប៉ោ គឹមហុក អ្នកសារព័ត៌មានជាតួអង្គសំខាន់ ក្នុងការពាំនាំព័ត៌មានពីជ្រុងមួយ ទៅជ្រុងមួយ ដើម្បីបំពេញចន្លោះខ្វះខាតណាមួយ នៅក្នុងសហគមន៍ នឹងជាកម្លាំងចលករយ៉ាងសំខាន់ ធ្វើឱ្យសង្គមមានភាពល្អប្រសើរជាងមុន។
   
 ស្រ្តីអ្នកសារព័ត៌មាន គឺមានភាពប្រឈមច្រើន នាពេលបំពេញបេសកកម្ម ប៉ុន្តែកញ្ញា អ៊ីសា ហាសាណះ ចង់បង្ហាញទៅកាន់សង្គមថា ស្រ្តី គឺជាសំឡេងដ៏មានឥទ្ធិពលមួយនៅក្នុងវិស័យសារព័ត៌មាន។

«ចំពោះទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន គឺត្រូវដឹងពីតួនាទីរបស់ខ្លួនឱ្យច្បាស់ ដឹងពីសិទ្ធិដែនកំណត់ និងដឹងពីច្បាប់ ដើម្បីកុំឱ្យការប្រព្រឹត្តិខុសណាមួយកើតឡើង។ បច្ចុប្បន្នជាការសង្កេត គឺបុគ្គលជាអ្នកសារព័ត៌មានមួយចំនួន បានបំពេញតួនាទី ហួសដែនកំណត់របស់ខ្លួន។ ខ្លះតាំងខ្លួនជាសមត្ថកិច្ច ខ្លះតាំងខ្លួនជាតុលាការក្នុងការកាត់ក្ដីទៀតផង»។ អ្នករាយការណ៍ព័ត៌មានមួយរូបនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន មើលឃើញបែបនេះ។

បើតាមលោក ប៉ោ គឹមហុក បើទោះមិនទទួលបានព័ត៌មានគ្រប់គ្រាន់ពីប្រភពក្តី ក៏អ្នកសារព័ត៌មាន មិនត្រូវប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាននោះឡើយ។ 
 
ប៉ុន្តែអ្វីដែល ប៉ោ គឹមហុក , សាំ ឧត្តម និង អ៊ីសា ហាសាណះ ជួបប្រទះនោះ ការទំនាក់ទំនងប្រភព ជាពិសេសពីខាងមន្ត្រីរដ្ឋាភិបាល។ ត្រង់ចំណុចនេះ ឧត្តម បានលើកឡើងថា ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន គឺមិនអាចកាត់ផ្តាច់ផ្នែកណាមួយនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា និងឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ 

  លោក ប៉ោ គឹមហុក គឺជាអ្នករាយការណ៍ព័ត៌មានមួយរូបនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
 
យ៉ាងណាមិញ ឧត្តម កត់សម្គាល់ឃើញថា អ្នកសារព័ត៌មាន ​ហាក់មិនទាន់ទទួលបានលក្ខណៈទូលំទូលាយគ្រាន់គ្រាន់ ក្នុងការទំនាក់ទំនងជាមួយប្រភព ដូចជា មន្រ្តីក្នុងជួររដ្ឋាភិបាលជាច្រើន។ «ការទាក់ទងទៅកាន់ប្រភពក៏ជាបញ្ហាចោទមួយដែរសម្រាប់ខ្ញុំ។ ប្រសិនបើយើងទាក់ទងទៅកាន់រដ្ឋាភិបាលខ្លះ គឺពិបាកទាក់ទង នៅពេលពួកគាត់មិនឆ្លើយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតព័ត៌មាន មានភាពយឺតយ៉ាវ ខ្វះការបញ្ជាក់ពីមន្រ្តីរដ្ឋាភិបាលមួយចំនួន បណ្តាលក្រសួងមួយចំនួនមិននិយាយជាមួយអ្នកសែត។ ហើយ ខ្ញុំធ្លាប់ក៏ត្រូវបានប្រភព ស្តីឱ្យជាពិសេសមន្ត្រីរដ្ឋាភិបាល នៅពេលពួកគេមិនពេញនឹងការឆ្លើយតប»។ នេះជាបញ្ជាក់របស់លោក សាំ ឧត្តម ជាអ្នកសារព័ត៌មាននៅវិទ្យុបារាំងអន្តរជាតិRFI។
 
អ្នកសារព័ត៌មានរូបនេះ បន្តថា លោកធ្លាប់រងការគំរាមកំហែងដល់ស្ថាប័ន ទាក់ទិននឹងការផ្សាយព័ត៌មាន ដែលមានខ្លឹមសាររសើប និងប៉ះពាល់បុគ្គលមានអំណាចមួយចំនួន។ ចំណែកហេតុការណ៍ ដែលលោកចងចាំមិនភ្លេចនោះ គឺករណីអាជ្ញាធរ ជិះម៉ូតូតាមពីក្រោយ។ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់លោក ជាអ្នកកាសែតនោះទេ ព្រោះការងារនេះ រមែងចៀសមិនផុត ។ លោក សាំ ឧត្តម យល់ថា សេរីភាពរបស់អ្នកសារព័ត៌មាន មិនទាន់មានសិទ្ធិគ្រាប់គ្រាន់នៅឡើយទេ ដែលនេះជាហេតុធ្វើឱ្យការរាយការណ៍ មិនបានគ្រប់ជ្រុងជ្រោយ និងខ្វះការសហការពីមន្រ្តី ៕

មានបទពិសោធជិត១០ឆ្នាំ ក្នុងវិស័យសារព័ត៌មាន លោក ប៉ោ គឹមហុក គឺជាអ្នកយកព័ត៌មានពហុជំនាញមួយរូប ក្នុងចំណោមអ្នកសារព័ត៌មានដទៃទៀត ប៉ុន្តែភាគច្រើនលោក គឹមហុក ផ្តោតលើផ្នែកអប់រំ និងសង្គមកិច្ច។

ការងារជាអ្នកសារព័ត៌មាន ជាការងារមួយដែលពុំទទួលបានប្រាក់កម្រៃច្រើននោះទេ តែការងារនេះ ជាការងារល្អមួយ សម្រាប់ចែករំលែកចំណេះដឹង ផ្ដល់ការអប់រំ ជូនជាដំណឹង និងជំរុញឱ្យមានការផ្លាស់ប្ដូរភាពវិជ្ជមានក្នុងសង្គមជាតិ។

Tag:
 ThmeyThmey
  អ្នកសារព័ត៌មាន
 ទិវាសេរីសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com