ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត បកស្រាយថា លោក គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨ បើគ្មានការកែសម្រួល
02, May 2024 , 6:12 pm        
រូបភាព
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម នឹងបន្តកាន់តំណែងដល់ឆ្នាំ២០២៨។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម នឹងបន្តកាន់តំណែងដល់ឆ្នាំ២០២៨។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម អាចបំពេញការងារ រហូតដល់ឆ្នាំ២០២៨ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

 
សម្ដេច ហ៊ុន ម៉ាណែត បកស្រាយបែបនេះ ជាការឆ្លើយតបកាសែត The Cambodia Daily ដែលបានចុះផ្សាយថា លោក គុណ ញឹម ពន្យារពេលបំពេញការងារ ដល់ឆ្នាំ២០២៨នោះ ដោយសារបានសូកប៉ាន់ប្រាក់ទៅលោកស្រី ពេជ្រ ច័ន្ទមុនី ភរិយាសម្ដេចធិបតី។ បើតាមការចុះផ្សាយដដែលរបស់កាសែតនេះ លោក គុណ ញឹម ត្រូវបានសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដាក់ឱ្យចូលនិវត្តន៍ នៅឆ្នាំ២០២៥។
 
ប្រមុខរដ្ឋាភិបាល អះអាងថា ការចុះផ្សាយនេះ ជារឿងមិនពិត។ សម្ដេច ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួន ដោយយោងជាមួយឯកសាររបស់រដ្ឋមន្រ្តីសេដ្ឋកិច្ច នាល្ងាចថ្ងៃទី២ ឧសភា ថា៖«ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍ រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)»។ 
 
The Cambodia Daily បានចុះផ្សាយព័ត៌មាននេះ ដោយយោងតាមប្រភពសម្ដីពីមន្ត្រីផ្ទៃក្នុងគយ។ ឆ្លើយតបនឹងចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត ឆ្លើយតបវិញដូច្នេះថា៖«បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែន ដែលលើករឿងនេះ ហើយចង់ឲ្យ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រមៃ។ ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ខ្ញុំ នៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ»។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត លោក គុណ ញឹម មានគុណសម្បត្តិជួយជាតិ ដែលអាចបន្តការងារដល់ឆ្នាំ២០២៨។ «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ ឯកឧត្តម គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ ខ្ញុំនឹងបន្តគោលការណ៍អនុញ្ញាតជូនឯកឧត្តម គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល»។ សម្ដេច បន្ថែម។ 
 
 
 
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com