យន្តហោះគ្រឿងទី១របស់ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodia ដែលមានឈ្មោះថា «នាគក្រហម» នឹងហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា តទៅ។ នៅតួខ្លួនយន្តហោះនេះ មានការរចនារូបភាពប្រាសាទអង្គរវត្ត ជាមួយនឹងអក្សរជាភាសាអង់គ្លេស Cambodia យ៉ាងស្រស់ស្អាត។
បើតាម Air Asia Cambodia ឈ្មោះ និងរូបរាងដ៏ស្រស់ស្អាត ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីស្ដេចនាគដ៏ស័ក្ដិសិទ្ធ ដែលតំណាងឱ្យអំណាច ការការពារ និងភាពសម្បូររុងរឿង។ Air Asia Cambodia បានបញ្ជាក់ថា « រីឯពណ៌ដ៏ស្រស់ឆើតឆាយ ក្រហម ខៀវ និង ស ដែលតែងលំអលើយន្តហោះ អមជាមួយរូបប្រាសាទអង្គរវត្ត យ៉ាងស្រស់ស្អាត និងអស្ចារ្យ ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា»។
បើតាមក្រុមហ៊ុន Air Asia Cambodia យន្តហោះនេះ ត្រៀមហោះហើរបង្ហាញខ្លួន និងហោះហើរសាកល្បង នៅថ្ងៃទី៣០មេសា មុននឹងចាប់ផ្តើមការហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា ឆ្នាំ២០២៤ តទៅ។
ជុំវិញនៃការត្រៀមហោះហើរនៅក្នុងរបស់ក្រុមហ៊ុន Air Asia Cambodia នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍នូវការមកដល់«នាគក្រហម» ដែលមានរចនាររូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត។ យន្តហោះនេះ នឹងធ្វើដំណើរហោះហើរក្នុងស្រុកចំនួន៨ជើងក្នុងមួយថ្ងៃ។
តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នាគក្រហមនឹងហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃ ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ Air Asia Cambodia កាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២៤ យន្តហោះដែលប្រតិបត្តិការក្នុងស្រុក ជាប្រភេទយន្តហោះ A320 មានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោក ណាំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន Air Asia Cambodia បានបញ្ជាក់ថា ជើងហោះហើរក្នុងស្រុកមួយនេះ នឹងផ្តល់នូវតម្លៃសមរម្យសម្រាប់អ្នកដំណើរ ដែលជាវិធានការមួយ ដើម្បីរួមចំណែកដល់ការងើបឡើងវិញ នូវវិស័យទេសចរណ៍ បន្ទាប់ពីរងគ្រោះយ៉ាងខ្លាំងដោយវិបត្តិកូវីដ-១៩។
« នេះគឺជាពេលវេលាដ៏រំភើបមួយក្នុងការធ្វើដំណើររបស់យើង ហើយយើងពិតជាសប្បាយរីករាយក្នុងការចាប់ផ្តើមការហោះហើរនេះ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក យើងមានមោទនភាពក្នុងការណែនាំតម្លៃសំបុត្រយន្តហោះ ដែលមានតម្លៃសមរម្យមកសម្រាប់ប្រទេសកម្ពុជា»។ លោក ណាំ វិសុទ្ធ បានរៀបរាប់បែបនេះ ជាមួយចក្ខុវិស័យផ្លាស់ប្តូររបៀបធ្វើដំណើររបស់ពលរដ្ឋនៅក្នុងប្រទេស តាមរយៈការដំណើរតាមផ្លូវអាកាស ជាមួយតម្លៃសមរម្យ មានទាំងគុណតម្លៃ និងសេវាកម្មល្អ។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរត្រង់ ទៅ-មក ជាមួយប្រទេសចំនួន៦ក្នុងតំបន់អាស៊ាន។ ក្នុងនោះមាន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី។ ក្រៅពីនេះ ព្រលានយានយន្តតម្លៃជិត៩០០លានដុល្លារនេះ ក៏មានជើងហោះហើរត្រង់ ទៅកាន់ទីក្រុងមួយចំនួនរបស់ប្រទេសកូរ៉េខាងត្បូង និងចិន ផងដែរ។
បើតាម លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅត្រីមាសទី១ អាកាសយានដ្ឋានថ្មីនេះ បានជំរុញឱ្យកំណើននៃជើងហោះហើរទាំងទៅ-ទាំងមកជាមធ្យមចំនួន៥០ជើង ស្មើនឹងប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
ក្នុងចំណោមប្រទេសខាងលើ គឺថៃ និងវៀតណាម មានហោះហើរមកកាន់ព្រលានយានយន្តអន្តរជាតិសៀមរាប-អង្គរ ច្រើនជាងគេ ខណៈជើងហោះហើរមកពីប្រទេសចិន មាន៣ជើងក្នុងមួយសប្តាហ៍។ នេះជាការបញ្ជាក់របស់លោក ពេជ្រ សុប៉ុនតារា ដែលមានគម្រោងទាក់ទាញក្រុមហ៊ុនយន្តហោះធំៗ ពីប្រទេសក្នុងតំបន់អឺរ៉ុប អាម៉េរិក ឥណ្ឌា កូរ៉េ និងចិន ថែមទៀត ដើម្បីអាកាសយានដ្ឋាននេះកាន់តែសកម្ម និងមានចំនួនភ្ញៀវធ្វើដំណើរច្រើន៕