អន្តរជាតិ
ប្រមុខការទូតអ៊ីស្រាអែលថា បទឈប់បាញ់ជាមួយហាម៉ាស់ អាចបង្អាក់ប្រតិបត្តិការនៅ Rafah
× រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz អះអាងថា ប្រតិបត្តិការយោធាចូលទៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា អាចត្រូវបានផ្អាក ប្រសិនបើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអាចសម្រេចបានជាមួយក្រុមហាម៉ាស់។
ការជំរុញឱ្យកិច្ចព្រមព្រៀងដែលឈានដល់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង នៅតែជាអាទិភាពរបស់ក្រុមប្រទេសសម្របសម្រួលអន្តរជាតិ សំដៅរកច្រកចេញពីវិបត្តិរវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលផ្ដើមចេញពីការវាយប្រហារថ្ងៃទី៧ ខែតុលា។
អ៊ីស្រាអលែ បានផ្ញើសេចក្ដីព្រាងបទឈប់បាញ់ទៅក្រុមហាម៉ាស់រួចហើយ ហើយក្រុមនេះកំពុងសិក្សាមុនឆ្លើយតបវិញ។ រដ្ឋមន្ត្រីការបរទេស Israel Katz បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុក Channel 12 ថា ការដោះលែងចំណាប់ខ្មាំងគឺជាអាទិភាពកំពូលសម្រាប់អ៊ីស្រាអែល ហើយការសម្រេចបានកិច្ចព្រមព្រៀងណាមួយ នឹងជួយបញ្ចៀសប្រតិបត្តិការនៅ Rafah ។
ប្រតិបត្តិការនៅ Rafah ដែលជាប់ព្រំដែនជាមួយអេហ្ស៊ីប ធ្វើឱ្យមានក្ដីបារម្ភពីវិបត្តិមនុស្សធម៌សម្រាប់មនុស្សជាង១លាននាក់ដែលកំពុងអាក្រក់ស្រាប់នៅកាហ្សា។ អ៊ីស្រាអែល អះអាងថា រ៉ាហ្វា មានកងវរសេនាតូចប្រយុទ្ធចំនួន៤ របស់ក្រុមហាម៉ាស់ ដែលត្រូវតែបោសសម្អាតសម្រាប់ជ័យជម្នះផ្ដាច់ព្រ័ត្រ។
ក្នុងសប្ដាហ៍នេះ អាម៉េរិក និងប្រទេសចំនួន១៧ផ្សេងទៀតបានអំពាវនាវដល់ក្រុមហាម៉ាស់ឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ ដើម្បីបើកផ្លូវបញ្ចប់វិបត្តិ។ ចំណាប់ខ្មាំងជាង១៣០នាក់ នៅតែស្ថិតក្រោមការឃុំឃាំងនៅកាហ្សានៅឡើយ។
ក្រុមហាម៉ាស់ ក៏បានបញ្ចេញវីដេអូថ្មីមួយបង្ហាញពីចំណាប់ខ្មាំងពីរនាក់ដែលអង្វរឱ្យមានការដោះលែងពួកគេទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com