ជាតិ
សេដ្ឋកិច្ច
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
28, Apr 2024 , 2:39 pm        
រូបភាព
មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) លើផ្ទៃដី៣០ហិកតា​ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមចក្ខុវិស័យប្រែក្លាយទៅជាទីផ្សាបោះដុំដ៏ធំ នៅក្នុងរាជធានីភ្នំពេញ។ ផ្សារបោះដុំនេះ មិនត្រឹមនាំមកនូវកសិផលនិងទំនិញមានគុណភាពល្អ ជាមួយតម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏ជួយជំរុញកសិផល និងទំនិញផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិដែរ។​

 
លោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារដើមគរថ្មី បានប្ដេជ្ញាប្រែក្លាយផ្សារដើមគរថ្មីនេះ ទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន នាថ្ងៃអនាគត។ ក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្សារដើមគរថ្មី នាថ្ងៃទី២៧មេសា លោក សៀក លូភីង និយាយថា៖«ការប្តេជ្ញារបស់ខ្ញុំនាពេលនេះ គឺដើម្បីផលប្រយោជន៍ទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ រវាងប្រជាជនកម្ពុជា-ចិន និងប្រជាជនក្នុងតំបន់អាស៊ានផងដែរ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ»។
 


ពិធីសម្ពោធផ្សារដ៏ធំនៅរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​ ជាមួយនឹង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។  លោក វ៉ាង វិនធាន បានបង្ហាញក្ដីសង្ឃឹម ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិនេះ នឹងបម្រើការដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស រួមចំណែកដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជានិងចិន។ 
 


«កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម រវាងកម្ពុជានិងចិន បានទទួលលទ្ធផលជាផ្លែផ្កាច្រើន ហើយប្រទេសចិន បានបន្តជាដៃគូពាណិជ្ជកម្មធំបំផុត និងប្រទេសវិនិយោគធំបំផុតនៅកម្ពុជា»។ នេះជាការលើកឡើងរបស់ លោក វ៉ាង វិនធាន ដែលមើលឃើញពីកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺដើរស្របនឹងនិន្នាការ នៃការបង្កើនកិច្ចសហប្រតិ​បត្តិការជាក់លាក់​ រវាងកម្ពុជា និងចិន។ 
 
មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ជាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដ៏សំខាន់នៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ដើរតួនាទីសំខាន់ក្នុងការនាំចេញ-នាំចូលកសិផល និងរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ លើសពីនេះ ផ្សារមួយនេះ នឹងដើរតួនាទីក្នុងការបង្កើនទំហំពាណិជ្ជកម្ម នៃកសិផលកម្ពុជា ឱ្យក្លាយទៅជាមជ្ឈមណ្ឌលចែកចាយកសិផល។  
 


«នេះនឹងអំណោយផលដល់ការផ្សព្វផ្សាយកសិផលកម្ពុជា ដ៏មានគុណភាពល្អៗទៅដល់តំបន់ផ្សេងៗ លើពិភពលោក»។ លោក ឃួង ស្រេង បានអះអាងបែបនេះ ដោយមើលឃើញថា​ ការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ អាចជំរុញដល់ទំនើបកម្មនៃទីក្រុងភ្នំពេញ។
 
លោកបន្តនិយាយយ៉ាងដូច្នេះ៖ ​«តាមរយៈរៀបចំផ្សារឱ្យបានសមស្រប និងត្រឹមត្រូវ ទំនិញដែលធូរថ្លៃ និងមានគុណភាពខ្ពស់ នឹងលើកកម្ពស់កម្រិតពាណិជ្ជកម្មនៃផ្សារបោះដុំធំនៅភ្នំពេញ យ៉ាងមានប្រសិទ្ធភាព ហើយអាចសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង​ កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍ផ្សារថ្មីនេះ»។
 
គួរជម្រាបថា ផ្សារ​ដើម​គរ​ថ្មី មានទីតាំងស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​-ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ផ្សារនេះត្រូវ​បាន​សាងសង់​រួចក្នុង​ដំណាក់កាល​ទី​១ ​ដោយមាន​ស្តង់​លក់ដូរ ចំនួន ៦ ០០០ ​ស្តង់​។​ ​ផ្សារ​បោះដុំធំជាងគេ​នៅ​កម្ពុជានេះ គឺអាច​ផ្ទុកទំនិញ​បានដល់៦ម៉ឺន​តោន ហើយ​នឹងមាន​ផលិតផល​ក្នុងស្រុក​(​កម្ពុជា​) និង​ផលិតផល​នាំចូល​ពី​ប្រទេស​នានា ពិសេស​ពីប្រទេសវៀតណាម ​​ថៃ និងចិនជាដើម​៕ 
 

Tag:
 ផ្សារដើមគរ
© រក្សាសិទ្ធិដោយ thmeythmey.com